ខណៈពេលនេះ ខេត្តព្រះវិហារ កំពុងជួបគ្រោះទឹកជំនន់លិចលង់ផ្លូវ និងភូមិដ្ឋានជាច្រើន

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសដំណឹងបន្ទាន់ ចុះថ្ងៃទី៣ ខែកញ្ញា ឲ្យដឹងថា៖ ជ្រលងសម្ពាធ ទាបបានអូសបន្លាយលើភាគខាងលើក្នុងទឹកដីថៃ ឡាវ និងវៀតណាម នៅតែបន្តកើតមានឡើង។ ជាក់ស្ដែងព្យុះ លីង លីង ស្ថិតនៅខាងកើតហ្វីលីពីនមានដំណើរឆ្ពោះទៅកាន់ប្រទេសកូរ៉េ និងព្យុះថ្មីដែលទើបបំបែ្លងខ្លួនពីវិសម្ពាធទៅជាព្យុះទី ១៤ឈ្មោះ កាហ្សីគី ដែលកន្លងមកនៅវាយប្រហារ នៅសមុទ្រចិនខាងត្បូងភា្ជប់នឹងចុងនៃប្រពន្ធ័សម្ពាធទាប ដែលបង្កើនឥទ្ធិពលបន្ថែមមកលើតំបន់ក៏ដូចជាកម្ពុជាយើង នឹងងាកត្រឡប់ទៅកាន់កោះហៃណាំ រួច បន្តដំណើរឆ្ពោះទៅហុងកុង រួមទាំងឥទ្ធិពលខ្លាំងនៃខ្យល់មូសុងនិរតី បានធ្វើឲ្យខេត្ត ក្រុងមួយចំនួនធំរងគ្រោះឲ្យមានភ្លៀងធ្លាក់ និងខ្យល់ខ្លាំង ហើយបច្ចុប្បន្នបានកំពុងវាយប្រហារខេត្តព្រះវិហារ។

យោងតាមសេចក្ដីរាយការណ៍របស់មន្ត្រីជំនាញ ទទួលបន្ទុក នៅខេត្តបានឲ្យដឹងថា ខេត្តព្រះវិហារ បាននឹងកំពុងតែជួបប្រទះគ្រោះទឹកជំនន់ ធនមធ្យមមួយ ដែលបានកំពុងជន់លិច ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងភូមិដ្ឋានប្រជាពលរដ្ឋជាច្រើន ធ្វើឲ្យកកស្ទះនូវចរន្តសេដ្ឋកិច្ច និងរាំងស្ទះការងារជាច្រើន។ យោងតាមសេចក្ដីរាយការណ៍របស់មន្ត្រីទទួលបន្ទុកប្រចាំតំបន់បានឲ្យដឹងថា គ្រោះទឹកជំនន់ បានវាយប្រហារនៅចំនុច ឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញនេះ វេលាម៉ោង ៦ ព្រឹក។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងនូវព័ត៌មានលម្អិតថា គ្រោះទឹកជំនន់ ដែលបានវាយប្រហារ តំបន់ខាងលើនេះ បានបណ្ដាលឲ្យកម្ពស់ទឹកឡើងខ្ពស់ ពិសេសទឹកនៅស្ទឹងសែន ដោយពិនិត្យមើលឃើញឡើងរហូតដល់ ១០ម៉ែត្រ ៥៨ សង់ទីម៉ែត្រ កើនឡើង ០,៦៨ ម៉ែត្រ បើធៀបទៅនឹងថ្ងៃទី០៣ ខែកញ្ញាកន្លងទៅ។ ជុំវិញ ការឡើងកម្ពស់ទឹកកាន់តែច្រើនបែបនេះ លោកប្រធានមន្ទី ក៏បានចេញសេចក្ដីប្រកាសអាសន្ន ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់នៅវេលាម៉ោង ១១​ ថ្ងៃត្រង់ ទៅលើស្រុង ក្រុងទាំង ៨ របស់ខេត្តព្រះវិហារ ដែលកំពុងទទួលរងគ្រោះដោយសារទឹកជំនន់ ស្ទើរតែគ្រប់តំបន់។

ជាក់ស្ដែងស្រុកជាំក្សាន្ត បានទទួលរងគ្រោះដោយសារតែជំនន់ទឹកភ្លៀងខ្លាំងជាងគេ ដែលកម្ពស់ទឹកមានរហូតដល់ ១២៣ម.ម ខណៈស្រុកឆែបឡើងកម្ពស់ ៩៣,២ម.ម និងនៅក្នុងក្រុងព្រះវិហារទឹកមានកម្ពស់៥២ម.ម ដែលគិតជាចំនួនសរុបបរិមាណទឹកភ្លៀង ដែលប៉ះពាល់ភូមិសាស្ត្រខេត្តព្រះវិហារគិតជាមធ្យម៦៦,៧ ម.ម។ លោក សំ លាងទ្រី បានឲ្យដឹងបន្ថែមទៀតថា “នៅព្រឹកថ្ងៃទី៤កញ្ញានេះ កំណាត់ផ្លូវលេខ៩៥ក្នុងទីរួមស្រុកឆែប ត្រូវបានបិទចរាចរណ៏ទាំងស្រុងទាំងរថយន្តធំ និងរថយន្តតូចមិនអោយឆ្លងកាត់នៅពេលជំនន់ទឹកភ្លៀងបន្តកើនឡើង ទីតាំងនេះឡើងក៏លឿនស្រកក៏លឿន ហើយបើភ្លៀងមិនបន្តធ្លាក់យើងនឹងបើកឲ្យធ្វើចរាចរណ៏វិញភ្លាម”។ បើតាមដំណឹងចុងក្រោយគេបង្អស់បានឲ្យដឹងថា នៅពេលនេះកំណាត់ផ្លូវលេខ ៩៥ នៅស្រុកឆែប បានបើកឲ្យរថយន្តធ្វើចរាចរជាធម្មតាវិញហើយ ព្រោះទឹកស្រកទៅវិញខ្លះ ដែលបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ អាចឆ្លងកាត់បាន។

 

 

 

 

 

 

 

 

 

 

 

 

 

ប្រភពមកពីក្រសួងសាធារណការ និងដឹកជញ្ជូន