ភ្នំបាក់ មិនត្រឹមតែជាគោលដៅទេសចរណ៍ធម្មជាតិទេ តែក៏ជាស្ថានីយ៍ផូស៊ីល ពពួកសត្វសមុទ្រធំមួយ ស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យ ផងដែរ!


ភ្នំបាក់ ជាស្ថានីយ៍ផូស៊ីល ពពួកសត្វសុទ្រមួយកន្លែង ដែលត្រូវបានរាជរដ្ឋាភិបាល ដាក់ជាតំបន់បេតិកភណ្ឌធម្មជាតិ ដោយអនុក្រឹត្យលេខ៧១ អនក្រ.បក ដែលគ្របដណ្ដប់លើ ផ្ទៃដីសរុប ៣៦ ហិកតា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ និងមានទីតាំងស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីក្រុមការងារក្រសួងបរិស្ថាន បានចុះទៅសិក្សា ស្ថានីយ៍ផូស៊ីលភ្នំបាក់ កាលពីឆ្នាំ២០១៩ គេបានរកឃើញថា ផ្នែកខាងលិចនៃជើងភ្នំ និងរូងភ្នំជាច្រើន នៅបរិវេណវត្តភ្នំបាក់នេះ គឺជាប្រភេទភ្នំថ្មកំបោរ នៅស័ក Paleozoic (ភេលាអូហ្ស៊ីអ៊ីក) សម័យកាល Permian (ភ័រមៀន) ចន្លោះពី ២៩៨,៩ ទៅដល់ ២៥១,៩ លានឆ្នាំមុន។

ភ្នំបាក់នេះ ជាស្ថានីយ៍ផូស៊ីលសត្វសមុទ្រដ៏ធំមួយ ដែលយើងបានរកឃើញ សត្វសមុទ្រជាច្រើន ប្រភេទដូចជា៖

• ពពួក Brachiopods (ប្រាក្យូផត)
• ផ្កាថ្ម (Corals)
• ពពួក Crinoids (គ្រីណូអ៊ីត) ច្រើនជាងភ្នំកងវ៉ា
• ពពួកខ្យង (Gastropods)
• ពពួកកាំប្រម៉ាសមុទ្រ (Echinoids)
• ពពួក Bryozoan (ប្រ៉ាអឺហ្សូន)
• ផូស៊ីលឈើ (Petrified Wood) ជាដើម។

ការចុះបញ្ជីស្ថានីយ៍ផូស៊ីល ពពួកសត្វសមុទ្រ ក្នុងសម័យកាល Permian នៅភ្នំបាក់  (Phnom Bak Fossil Site) ខេត្តបន្ទាយមានជ័យនេះ ត្រូវបានអ្នកស្រាវជ្រាវជឿជាក់ថា ជាទីតាំងមួយដ៏សំខាន់ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ទៅលើប្រភេទនៃ ពពួកសត្វសមុទ្រ នាសម័យបុរាណ។