សារមន្ទីរជាតិកម្ពុជា ទទួលបានអ្នកទេសចរសរុបជាង ៥,៦ ម៉ឺននាក់ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ!


ក្រោយពីបានបើកទ្វារ ស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ២០២២ នេះ សារមន្ទីរជាតិកម្ពុជា នៅរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរសរុបចំនួន ៥៦ ០៧០ នាក់ ដោយក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន ២៦ ១៩២ នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២៩ ៨៧៨ នាក់។

នាយករដ្ឋបាលនៃសារមន្ទីរជាតិ កម្ពុជា បានបង្ហាញថា សារមន្ទីរជាតិត្រូវបាន បិទជាបណ្ដោះអាសន្ន នៅអំឡុងការរីករាលដាល នៃជំងឺកូវីដ-១៩ អស់មួយរយៈពេលធំ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនអាចចូលទស្សនាបាន។ ក្នុងរយៈពេលនោះ រដ្ឋបាលសារមន្ទីរជាតិ បានខិតខំរៀបចំកែលម្អ នូវហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមាន សាលតាំងពិពណ៌ សំណង់អគារ សួនច្បារ និងពង្រឹងសមត្ថភាពបុគ្គលិកផងដែរ សម្រាប់ស្វាគមន៍ ភ្ញៀវទេសចរឡើងវិញ។

លើសពីនេះទៀត ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ វត្ថុបុរាណវប្បធម៌សរុប ចំនួន ២ ៧០៦ ត្រូវបានប្រគល់មកប្រទេសកម្ពុជា និងទទួលបាន ការសាទរពីសំណាក់ ប្រជាជនក្នុងស្រុក និងក្រៅស្រុក សម្រាប់ដាក់តាំងបង្ហាញនៅ សារមន្ទីរជាតិ រាជធានីភ្នំពេញឡើងវិញ។ បន្ថែមទៀត សារមន្ទីរជាតិ នឹងស្វាគមន៍ចំពោះ ការរៀបចំដំណើរ ទស្សនៈកិច្ចពីសំណាក់សិស្ស និស្សិត ពីគ្រប់មជ្ឈដ្ឋាន ដើម្បីអោយពួកគេ បានស្វែងយល់បន្ថែមទៀត អំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់កម្ពុជា។

សូមបញ្ជាក់ផងដែរថា សារមន្ទីរជាតិកម្ពុជា ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៩១៧ និងបើកប្រើប្រាស់ជាផ្លូវការនៅឆ្នាំ ១៩២០ ក្នុងរាជព្រះបាទស៊ីសុវត្ថិ និងត្រូវបានរចនាប្លង់ ដោយ លោក George Groslier ក្នុងទម្រង់ស្ថាបត្យកម្មប្រពៃណីខ្មែរ។ បច្ចុប្បន្ន សារមន្ទីរជាតិ បានដាក់តាំងបង្ហាញនូវ ស្នាដៃសិល្បៈខ្មែរ និងវត្ថុបុរាណ មានទាំងរូបចម្លាក់ថ្ម ចម្លាក់សេរ៉ាមិច ចម្លាក់ស្ពាន់ និងវត្ថុប្រើប្រាស់បុរាណ ជាច្រើនទៀត សរុបជាង ១៤ ០០០ ចាប់តាំងពីការកកើតអាណាចក្រខ្មែរ រហូតដល់ព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន។