អារ៉ាប់ ប្រកាសប្រើប្រាស់ថវិកា ៦ទ្រីលានដុល្លារ ជាប្រយោជន៍នៃ ការវិនិយោគក្នុងវិស័យទេសចរណ៍ និងដឹកជញ្ជូន


អារ៉ាប់ ដើម្បីពង្រីកកិត្យានុភាព ឧត្តមភាព និងពង្រីកទីផ្សារទេសចរណ៍របស់ខ្លួន ទៅកាន់ពិភពលោក បានប្រកាសអំពី ជំនួយហិរញ្ញប្បទានថ្មី ដើម្បីជាប្រយោជន៍រួម នៅក្នុងវិស័យទេសចរណ៍ និងដឹកជញ្ជូន នៅលើផ្ទៃប្រទេស ក្នុងដំណោះឆ្ពោះទៅកាន់ឆ្នាំ ២០៣០ ខាងមុខ ដែលមានទំហំទឹកប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក Ahmed Al-Khateeb បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលសហព័ន្ធអារ៉ាប់ រួមបានប្រកាសអំពីគោលជំហរ និងការលើកទឹកចិត្ត តាមរយៈឱកាស ក្នុងការធ្វើវិនិយោគ ជាមួយនឹងទឹកប្រាក់ រហូតដល់ទៅ ៦ ទ្រីលានដុល្លារអាមេរិក នៅក្នុងវិស័យទេសចរណ៍ និងដឹកជញ្ជូន។ វិស័យទាំង ២ នេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលដៅទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិ ឱ្យទៅកំសាន្តនៅអារ៉ាប់ កាន់តែច្រើន នាថ្ងៃអនាគត និងជាការប្រកួតប្រជែងធំមួយ ជាមួយនឹងបណ្ដាប្រទេសជាច្រើន។

ជាងនេះទៅទៀត ជំនួយហិរញ្ញប្បទាននេះ ត្រូវបានបញ្ជាក់ឱ្យដឹងថា នឹងយកទៅប្រើប្រាស់ ក្នុងការកសាងបន្ថែម ក៏ដូចជាស្ដារវិស័យទេសចរណ៍ និងដឹកជញ្ជូនឱ្យប្រសើរឡើង ក្រោយពីរងគ្រោះ ដោយសារតែជំងឺកូវីដ-១៩ កាលពី២ ឆ្នាំកន្លងទៅ។ ថវិកា ៦ ទ្រីលាន គឺជាឱកាសសម្រាប់ជួយរុញច្រាន និងសម្រួលទៅដល់ការវិនិយោគ ក្នុងវិស័យធំៗទាំង ២ នេះ ជាមួយដៃគូពាណិជ្ជកម្មធំៗ ដែលនឹងដឹកនាំដំណើរ នៃវិស័យទេសចរណ៍ឆ្ពោះទៅមុខ ឥតឈប់ឈរ ថែមទាំងធានាថា ដៃគូរបស់អារ៉ាប់ នឹងទទួលបានប្រយោជន៍ ចេញពីវិស័យទាំងពីរ។

ស្ថិតក្នុងចក្ខុវិស័យវែងឆ្ងាយ ត្រឹមឆ្នាំ២០៣០ ខាងមុខ អារ៉ាប់ នឹងមានលទ្ធភាពទាក់ទាញ ភ្ញៀវទេសចរមកពីគ្រប់ទិសទី ពាសពេញពិភពលោក ដែលនឹងរុញច្រាន ឱ្យទីផ្សារទេសចរណ៍ របស់អារ៉ាប់ឆ្ពោះទៅមុខ ដូចទៅនឹងបណ្ដាប្រទេសធំៗ ជាច្រើនទៀតនាពេលអនាគត។ កាន់តែពិសេសទៀតនោះ គឺអារ៉ាប់ ត្រូវបានព្យាករណ៍ថា នឹងអាចឈរនៅលើ តារាងកំពូលទាំង ១០ ឬទាំង ៥ ដែលមានភ្ញៀវទេសចរ ទៅកំសាន្តច្រើនជាងគេ ស្របពេលអាចបង្កើត ទីផ្សារការងារចំនួន ១២៦ លានកន្លែង គិតចាប់ពីចុងទសវត្សរ៍ ខាងមុខ ឬចាប់ពីឆ្នាំ ២០៣០ តទៅ។

ការដាក់ចេញថវិកាដ៏ច្រើន សម្រាប់ជួយដល់វិស័យទាំង ២ នេះ គឺក្នុងគោលដៅកែប្រែអារ៉ាប់ ឱ្យក្លាយជាប្រទេសដ៏មាន សក្ដារនុពលលើគ្រប់វិស័យ ផ្លាស់ប្ដូរពីប្រទេសវាលខ្សាច់ ទៅជាប្រទេសមហាសេដ្ឋី ដែលមានអ្វីៗគ្រប់យ៉ាង៕