ឥណ្ឌូនេស៊ី ត្រូវចំនាយថវិកា បន្ថែមទៀត ដើម្បីពន្លឿនការសាងសង់ ទីក្រុងថ្មីលើដែនកោះ Borneo


ហ្សាកាតា៖ សកម្មភាព នៃការបង្កើតទីក្រុងថ្មី ដោយបម្លាស់ទីពី ទីក្រុងហ្សាកាតាបច្ចុប្បន្ន ទៅកាន់ទីក្រុងថ្មី នៅលើដែនកោះ Borneo កំពុងតែបន្តដំណើរទៅមុខ តែក៏ប្រឈមមុខជាមួយនឹង ការធ្លាក់ចុះនៃល្បឿន សាងសង់ផងដែរ ដោយសារតែកត្តាជាច្រើន។ ដើម្បីសម្រួលទៅដល់ គម្រោងយក្សមួយនេះ សម្រេចបានលទ្ធផលជោគជ័យ ទៅតាមផែនការ ដែលបានគ្រោងទុក រដ្ឋាភិបាលឥណ្ឌូនេស៊ី ត្រូវចំនាយថវិកាបន្ថែម។

រដ្ឋាភិបាលឥណ្ឌូនេស៊ី ត្រូវចំនាយថវិការបន្ថែមទៀត ក្នុងការរៀបចំ និងកសាងទីក្រុងថ្មីរបស់ខ្លួន នៅលើដែនកោះ Borneo ដែលនៅពេលបញ្ចប់ ការសាងសង់ជាស្ថាពរ ត្រូវប្រែក្លាយទៅជារដ្ឋធានីផ្លូវការ របស់ឥណ្ឌូនេស៊ី នាពេលអនាគតខាងមុខ។ ដើម្បីឱ្យគម្រោងការនេះ អាចសម្រេចលទ្ធផល តាមផែនការដែលបានគ្រោងទុក រដ្ឋមន្ត្រីក្រសួងការងារសាធារណៈ បានស្នើឱ្យរដ្ឋាភិបាល ចំនាយថវិការប្រមាណ ៣,៥ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត សម្រាប់រយៈពេល ២ឆ្នាំ ខាងមុខ ដើម្បីបង្កើនល្បឿន នៃការសាងសង់។

តាមប្រភពព័ត៌មានអន្តរជាតិ ចុះផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលឥណ្ឌូនេស៊ី អនុម័តឱ្យប្រើប្រាស់កញ្ចប់ថវិការនេះ នឹងធ្វើឡើងដោយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលនឹងធ្វើឱ្យកម្រិតថវិកា សម្រាប់ប្រើប្រាស់បង្កើតរដ្ឋធានីថ្មី កើនឡើងប្រមាណ ៣០% លើសពីទំហំថវិកា ដែលត្រូវបានអនុម័ត នាពេលកន្លងទៅ។ មិនតែប៉ុណ្ណោះ ថវិការប្រមាណ ៨០៧ លានដុល្លារអាមេរិក នឹងត្រូវបម្រុងទុក សម្រាប់ប្រើប្រាស់បន្ថែមទៀត ក្នុងការបង្កើនល្បឿនសាងសង់ សម្រាប់រយៈពេល ២ ឆ្នាំខាងមុខទៀត។

ការស្នើសុំពន្លឿន ការរៀបចំរដ្ឋធានីថ្មីស្រឡាងលើកនេះ ក៏មានការបញ្ជាពី លោកប្រធានាធិបតី Joko Widodo ផងដែរ ដោយត្រូវបង្កើនល្បឿន សាងសង់ឱ្យបានឆាប់រហ័ស ពិសេសទីស្នាក់ការរបស់ក្រសួង អគារសំខាន់ៗរបស់ស្ថាប័នរដ្ឋ និងទីកន្លែងស្នាក់នៅ របស់មន្ត្រីជាដើម។ ម្យ៉ាងទៀតនាត្រីមាសទី២ ឆ្នាំ ២០២៣ ខាងមុខ នឹងមានដំណើរទស្សកិច្ច ចុះពិនិត្យការសាងសង់របស់ វត្តមានលោកប្រធានាធិបតី អមដំណើរជាមួយនឹង វិនិយោគិនធំៗ ដើម្បីមើលអំពីឱកាសល្អៗ ដើម្បីវិនិយោគ នៅក្នុងរដ្ឋធានីថ្មីនោះផងដែរ។

គួរបញ្ជាក់ថា កញ្ចប់ថវិកាសម្រាប់ប្រើប្រាស់ លើគម្រោងសាងសង់រដ្ឋធានីថ្មី របស់ឥណ្ឌូនេស៊ី សម្រាប់ឆ្នាំ២០២២ ឆ្ពោះទៅឆ្នាំ ២០២៤ មានថវិកាសរុបជាង ៣២ ពាន់លានដុល្លារអាមេរិក តែអាចនឹងត្រូវបន្ថែមទៀត ដើម្បីបង្កើនល្បឿន នៃការសាងសង់ និងយកទៅដោះស្រាយ បញ្ហាប្រឈមផ្សេងៗទៀត៕