រយៈពេល ១០ខែ នៃឆ្នាំ២០២២ នេះ ការនាំចេញសំលៀកបំពាក់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ កើនឡើងជាង ១៨% បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន!


ភ្នំពេញ៖ ការនាំចេញផលិតផល សំលៀកបំពាក់របស់កម្ពុជា ជាច្រើនប្រភេទ ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ នារយៈពេល ១០ខែកន្លងទៅនេះ ត្រូវបានរាយការណ៍មកថា មានការកើនឡើងប្រសើរជាងឆ្នាំមុន ដោយសារតែតម្រូវការសកលលោក មានការកើនឡើង តែក៏កំពុងប្រឈមមុខ នឹងភាពមិនប្រក្រតីរបស់ សកលលោកផងដែរ។

របាយការណ៍បូកសរុប ចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឱ្យដឹងថា ការនាំចេញផលិតផលសំលៀកបំពាក់ ផលិតក្នុងប្រទេសកម្ពុជា ចេញទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានលទ្ធផលជាផ្លែផ្កា ក្នុងអត្រាកំណើន ១៨,៥១% បើធៀបទៅនឹងរយៈពេល ១០ខែ នៃឆ្នាំ២០២១ កន្លងទៅ។ ការកើនឡើងនេះ បើគិតជាទឹកប្រាក់ទទួលបាន សរុបមាន ៧,៧៤ ពាន់លានដុល្លារអាមេរិក តែកាលពីខែតុលា មានការថមថយមកវិញ ដោយសារតែតម្រូវការធ្លាក់ចុះ។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ការនាំចេញសំលៀកបំពាក់ និងគ្រឿងបរិក្ខាផ្សេងៗទៀត ដើម្បីយកទៅផលិតជា សំលៀកបំពាក់ ចូលទៅទីផ្សារអន្តរជាតិ បើទោះបីជាកើនឡើង តែការថមថយមកវិញ កាលពីខែកក្កដា កន្លងទៅ បានធ្វើឱ្យទំហំ នាំចេញសរុបធ្លាក់ចុះ ២៤,២% បើធៀបទៅនឹងការនាំចេញសរុប នាខែតុលា ឆ្នាំ២០២១ កន្លងទៅ ដែលគិតជាចំនួនទឹកប្រាក់បានធ្លាក់ពី ៥៣២,៣ លានដុល្លារ មកដល់ ៤០៣,៥ លានដុល្លារអាមេរិកវិញ។

សម្រាប់ការនាំចូលវិញ កម្ពុជា បានទទួលទិញផលិតផលវត្ថុធាតុដើម ក្រណាត់ពីទីផ្សារអន្តរជាតិ នារយៈពេល ១០ខែ កន្លងទៅកើនឡើងដល់ ២,៥ ពាន់លានដុល្លារ កើនឡើង ៤,៦% បើធឿបទៅនឹង នាំចូលកាលពីឆ្នាំទៅ សរុបជាទឹកប្រាក់ប្រមាណ ២,៤ ពាន់លានដុល្លារ។ បើទោះបីជាមានការឡើងចុះ នៃផលិតផលផលិតក្នុងប្រទេស ស្ថិតក្នុងវិស័យវាយណភណ្ឌក៏ដោយ តែកម្ពុជា រំពឹងថា ឆ្នាំ២០២២ ការនាំចេញនឹងមាន សន្ទុះកើនឡើងច្រើនជាងឆ្នាំមុន ស្របពេលអាមេរិក គឺជាដៃគូធំជាងគេ ដែលទទួលទិញផលិតផល ពីទីផ្សារកម្ពុជាយ៉ាងច្រើន ឬគិតជាភាគរយប្រមាណ ៤០% នៃការនាំចេញរបស់កម្ពុជាសរុប។

សូមបញ្ជាក់ផងដែរថា ការនាំចេញផលិតផល សំលៀកបំពាក់នារយៈពេល ១០ខែ កន្លងទៅនេះ បានរកប្រាក់ចំណូលជូនជាតិ ស្ថិតក្នុងរង្វង់នៃ ការនាំចេញសរុបបាន ៤១,៣% នៃការនាំចេញសរុប របស់កម្ពុជានៅគ្រប់វិស័យ។ ការនាំចេញស្ថិត ក្នុងវិស័យវាយនភណ្ឌនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការស្ដារសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើតទីផ្សារការងារ រាប់សិបម៉ឺនកន្លែង ដល់ប្រជាពលរដ្ឋខ្មែរ៕