ក្រុមហ៊ុន Apple អាចនឹងលុបកម្មវិធី Twitter ចេញពី App Store របស់ខ្លួន!


កាលពីពេលថ្មីៗនេះ លោក Elon Musk មហាសេដ្ឋីពិភពលោក និងជានាយកប្រតិបត្ដិ កាន់តំណែងថ្មីនៃក្រុមហ៊ុន Twitter នោះ បានបង្ហោះសារ Tweet មួយ នៅលើគណនីរបស់លោកថា ក្រុមហ៊ុន Apple កំពុងព្យាយាមគំរាមកំហែង លុបបំបាត់កម្មវិធី Twitter ចេញពី App Store របស់ខ្លួន ដោយគ្មានមូលហេតុ ខណៈដែល Apple កាលពីថ្ងៃចន្ទ បាននិយាយថា នឹងបញ្ឈប់ការផ្សាយពាណិជ្ជកម្ម នៅលើវេទិកា Twitter របស់លោក Elon Mask បន្ដ ដោយសារក្រុមហ៊ុនផលិត iPhone មួយនេះ ខ្លាចការបិទសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ លើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter។

បន្ថែមពីនេះ នាយកប្រតិបត្តិមហាសេដ្ឋីនៃ Twitter និង Tesla រូបនេះ បាននិយាយទៀតថា Apple កំពុងដាក់សម្ពាធលើ Twitter ជុំវិញការទាមទារ ការសម្របសម្រួល មាតិកាឡើងវិញផងដែរ។ តែយ៉ាងណាមិញ ខាងក្រុមហ៊ុន Apple ផ្ទាល់ នៅមិនទាន់បានចេញមុខបកស្រាយ បញ្ជាក់ថាខ្លួនអាច នឹងលុបកម្មវិធី Twitter ចេញពី App Store ពិតប្រាកដ ឬយ៉ាងណានោះទេ។ ស្របគ្នានោះដែរ នាយកប្រតិបត្តិ Apple លោក Tim Cook ក៏បានបង្ហោះសារនៅក្នុង tweet មួយផងដែរ ដោយលើកជាសំណួរសួរថា "តើមានអ្វីកើតឡើងនៅទីនេះ?" ទៅវិញ។

គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Apple តែងតែចំណាយថវិកាប្រមាណ 220,800 ដុល្លារអាមេរិក លើការផ្សាយពាណិជ្ជកម្ម តាមបណ្ដាញសង្គម Twitter ក៏ប៉ុន្ដែមួយរយៈក្រោយមក ក៏ឃើញថាមានការ ធ្លាក់ចុះមកត្រឹម 131,600 ដុល្លារអាមេរិកវិញ ក្រោយមួយសប្តាហ៍មុនពេល លោក Musk បិទកិច្ចព្រមព្រៀង Twitter ជាមួយខ្លួន នេះបើយោងតាមក្រុមហ៊ុន វាស់ស្ទង់ការផ្សាយពាណិជ្ជកម្ម Pathmatics ។