ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា រោងចក្រដំឡើង រថយន្ដរបស់ក្រុមហ៊ុន Toyota នឹងលេចរូបរាង នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលសមិទ្ធិផលទាំងអស់នេះ បានកើតឡើងជាបន្តបន្ទាប់ ដោយសារកត្តាសុខសន្តិភាព និងភាពអំណោយផលនៃ ការវិនិយោគនៅកម្ពុជា។ ក្នុងពិធីពិធីអបអរសាទរខួប ១១ឆ្នាំ នៃប្រតិបត្តិការរបស់ ក្រុមហ៊ុនមីនីបៀ Minebea(Cambodia) របស់ជប៉ុននៅក្នុងប្រទេសកម្ពុជា នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅតំបន់សេដ្ឋកិច្ចពិសេសេភ្នំពេញ សម្ដេចតេជោថ្លែងដូច្នេះថា៖ “ខ្ញុំក៏សូមបញ្ជាក់ជូនថា នៅក្នុងពេលសន្ទនាជាមួយនឹង នាយករដ្ឋមន្ត្រីជប៉ុន នៅឯទីក្រុងតូក្យូ ក្នុងពេលដែលខ្ញុំចូលរួម បុណ្យសពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ នឹងបន្តមកការពិភាក្សា ជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រី គីស៊ីដា របស់ប្រទេសជប៉ុន គាត់ជំរុញឱ្យមាន ក្រុមហ៊ុនដំឡើងរថយន្តតូយូតា នៅកម្ពុជា។”
សម្ដេចតេជោបន្តថា បើតាម អ្នកឧកញ៉ា គិត ម៉េង បានយកមកបង្ហាញឱ្យ គឺនៅពេលបន្តិចទៀត នឹងមានរោងចក្រដំឡើង រថយន្តតូយ៉ូតានៅជិតនេះ។ សម្តេចតេជោលើកឡើងថា៖ “យើងមានរោងចក្រដំឡើង រថយន្តហ៊ឺយ៉ានដាយ នៅខេត្តកោះកុង, រថយន្តហ្វត នៅខេត្តពោធិ៍សាត់ ហើយបន្តិចទៀតនឹងមាន រោងចក្រដំឡើងរថយន្តតូយ៉ាតា នៅទីក្រុងភ្នំពេញ។ ដូច្នេះយើងត្រូវខិតខំ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើទៅដល់ ការវិនិយោគនិងការបណ្ដុះបណ្ដាល ធនធានមនុស្ស ដើម្បីផ្គត់ផ្គង់តម្រូវការ នៃទីផ្សារពលកម្ម”។ សម្ដេចតេជោ បានគូសបញ្ជាក់ថា នៅឆ្នាំ ២០២៣ ខាងមុខនេះ គឺជាឆ្នាំសំខាន់រវាង កម្ពុជា-ជប៉ុន។ សម្តេចតេជោប្រកាសថា សម្តេចមានមោទនភាពយ៉ាងខ្លាំង ដែលបានធ្វើការ និងភាពជាដៃគូជាមួយជប៉ុន ដែលការវិនិយោគនៅកម្ពុជា កត្តាធំបំផុត គឺកត្តាសុខសន្តិភាព ហើយគ្មាននរណា ឬបរទេសណា វិនិយោគក្រោមគ្រាប់បែក គ្រាប់ផ្លោងនោះទេ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រុមហ៊ុនមីនីបៀ ដំបូងគឺមានរោងចក្រ នៅក្នុងប្រទេសថៃ ឯណោះទេ។ ប៉ុន្តែក្រុមហ៊ុនមីនីបៀ បានចាប់ផ្ដើមពង្រីករោងចក្រ មកកាន់ប្រទេសកម្ពុជា ដោយចាប់ផ្ដើមពីដើមទុន ៣២លានដុល្លាររហូតដល់ ៦០០លានដុល្លារ។ ចំណុចនេះអាចនឹង ធ្វើឱ្យអ្នកវិនិយោគត្រូវ ធ្វើការគិតគូរ។ ឧទាហរណ៍ថានៅប្រទេសថៃ ក្នុងករណីដែលនៅប្រទេសថៃ ជួបហានិភ័យអ្វីមួយ គឺនៅតែអាចបន្ត ផលិតនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់ ទៅកាន់រោងចក្រ តាមរយៈការបង្កើនការផលិត។ សម្តេចតេជោបន្តថា បទពិសោធន៍របស់មីនីបៀ ត្រូវបានសម្តេច លើកជាមួយនឹងក្រុមហ៊ុននានា ហើយយើងសង្ឃឹមថាមីនីបៀ នឹងរស់នៅជាមួយគ្នា បន្តទៀត។ សម្ដេចតេជោក៏បាន បញ្ជាឱ្យអភិបាលរាជធានី-ខេត្ត បន្ដប្រើប្រាស់អំពូលវៃឆ្លាត ដែលផលិតដោយ ក្រុមហ៊ុនមីនីបៀ សម្រាប់ដាក់បំភ្លើ តាមដងផ្លូវនានា ដោយទទួលការបញ្ជាទិញ ពីរោងចក្រ ដោយផលិតនៅក្នុង ប្រទេសរបស់យើង មានស្រាប់។ លើសពីនេះ សម្ដេចតេជោ ពន្យល់ថានៅតាម ដងផ្លូវមួយដ៏វែង ប្រសិនបើពុំមានរថយន្ដ ឆ្លងកាត់នោះទេ អំពូលវៃឆ្លាតនេះ នឹងកាត់បន្ថយពន្លឺ នឹងធ្វើឱ្យចំណេញ ដល់អគ្គិសនី។
សម្ដេចតេជោ គូសបញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជាមានប្រភព ថាមពលស្អាតច្រើនជាងគេ ក្នុងបណ្តាប្រទេស មួយចំនួនក្នុងតំបន់ និងបានបង្ហើបឱ្យដឹងថា ឯកឧត្ដម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ក៏បាននាំក្រុមហ៊ុនមីនីបៀ ទៅពិនិត្យលទ្ធភាព ដើម្បីបង្កើតរោងចក្រអគ្គិសនី នៅខេត្តពោធិ៍សាត់ ដើរដោយថាមពល ពន្លឺព្រះអាទិត្យផងដែរ៕