កូរ៉េខាងត្បូង កំពុងបន្តប្រឈមមុខ នឹងការធ្លាក់ចុះនៃ ការនាំចេញទំនិញទៅកាន់ ទីផ្សារអន្តរជាតិ!


សេអ៊ូល៖ ការនាំចេញទំនិញ ជាច្រើនប្រភេទ នៃទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ រវាងសាធារណរដ្ឋកូរ៉េខាងត្បូង ជាមួយនឹងដៃគូអន្តរជាតិជាច្រើន បានចាប់ផ្ដើមធ្លាក់ចុះបន្តិចម្ដងៗ បន្ទាប់ពីប្រទេសមួយនេះ បានកើបប្រាក់ចំនេញជាច្រើន កាលពីអំឡុងពេល ផ្ទុះជំងឺកូវីដ-១៩ និងការបើកដំណើរការ ប្រទេសឡើងវិញកាលពីចុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២ កន្លងទៅ។

កូរ៉េខាងត្បូង នៅពេលនេះកំពុង បន្តប្រឈមមុខនឹងការធ្លាក់ចុះ ជុំវិញការនាំចេញ ផលិតផលទំនិញ ទៅកាន់ទីផ្សារអន្តរជាតិ ដោយសាតែតម្រូវការ ពីទីផ្សារសកលមានការធ្លាក់ចុះ ពិសេសដៃគូយក្ស របស់កូរ៉េខាងត្បូង គឺប្រទេសចិន ដែលកំពុងប្រឈមមុខ នឹងការផ្ទុះករណីឆ្លងជំងឺកូវីដ-១៩ ថ្មីៗបន្ថែមទៀត ជាហេតុធ្វើឱ្យទីផ្សារ នៃការនាំចូលរបស់ចិន ពីកូរ៉េខាងត្បូង មានការធ្លាក់ចុះ ក្នុងល្បឿនយ៉ាងលឿន។

យោងតាមទិន្នន័យបូកសរុប ចេញផ្សាយកាលពី ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានឱ្យដឹងថា ការនាំចេញរបស់កូរ៉េខាងត្បូង កំពុងធ្លាក់ចុះជាខ្លាំង ក្នុងរយៈពេល ២ ឆ្នាំចុងក្រោយ ដោយការនាំចេញនូវ ទំនិញជាប្រភេទបន្ទះឈីប គ្រឿងបង្គុំអេឡិចត្រូនិចធ្លាក់ចុះ។ ការធ្លាក់ចុះនេះ នឹងប្រឈមមុខ នឹងការធ្លាក់ចុះក្នុងល្បឿនមួយ លឿនផងដែរ ដោយកាលពីខែវិច្ឆិកា ធ្លាក់ចុះដល់ទៅ ១៤% សរុបជាទឹកប្រាក់មានតែ ៥១,៩១ ពាន់លានដុល្លារប៉ុណ្ណោះ បើធៀបនឹងឆ្នាំមុន និងធ្លាក់ចុះ ១១% បើធៀបនឹងខែតុលា ឆ្នាំ២០២២។

ទន្ទឹមនឹងការនាំចេញធ្លាក់ចុះនេះដែរ ការនាំចេញទៅ កាន់ទីផ្សារអន្តរជាតិធំៗផ្សេងៗទៀត នៅតែបន្តកើនឡើង តែស្ថិតក្នុងកម្រិតមួយទាប ដូចជាការនាំចេញទៅ ទីផ្សារសហរដ្ឋអាមេរិក កើនឡើងបាន ៨% និងការនាំចេញទៅ សហភាពអឺរ៉ុបកើនឡើង ០,១% តែប៉ុណ្ណោះ។ ដោយឡែក ការនាំចូលវិញ បានកើនឡើង ២,៧% សរុបជាទឹកប្រាក់ប្រមាណ ៥៨,៩៣ ពាន់លានដុល្លារ បើធៀបនឹងខែតុលា ការកើនឡើងនេះមាន ៩,៩% បានន័យថា ខែវិច្ឆិកា ការនាំចូល ក៏មានតិចជាងមុនផងដែរ។

ការធ្លាក់ចុះនៃការនាំចេញ របស់កូរ៉េខាងត្បូង កាលពីខែវិច្ឆិកា កន្លងទៅនេះ សបង្ហាញឱ្យឃើញ អំពីការប្រឈមមុខ នឹងការខាតបង់ជាច្រើន ក្នុងវិស័យពាណិជ្ជកម្ម។ ជាក់ស្ដែងឱនភាព នៃពាណិជ្ជកម្មរបស់ កូរ៉េខាងត្បូងមាន ៧,០១ ពាន់លានដុល្លារអាមេរិក កើនឡើងខ្ពស់ជាងខែតុលា ដែលមាន ៦,៧០ ពាន់លានដុល្លារ ហើយអាចនឹងបន្ត រហូតដល់ត្រីមាសទី១ ឆ្នាំ២០២២ ប្រសិនបើកូរ៉េខាងត្បូង បាត់បង់ទីផ្សារចិន ដែលជាដៃគូមិនអាចខ្វះបាន៕