សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករណ៍ថា នឹងមានកំណើន ៥,៦ ភាគរយ នៅក្នុងឆ្នាំ ២០២៣ នេះ


យោងតាមការលើកឡើង របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០២៣ ក្នុងវេទិកាសាធារណៈ ស្តីពី «ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៣» កន្លងទៅ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានគេព្យាករណ៍ថា នឹងអាចកើនឡើងក្នុងអត្រា ៥,៦ ភាគរយ នៅឆ្នាំ ២០២៣ នេះ ដោយសារការគាំទ្រ ដោយកំណើននៃការនាំចេញ ផលិតផលកាត់ដេរ កសិកម្ម និងទេសចរណ៍ជាដើម។ ស្របគ្នានោះ វិស័យមិនមែនកាត់ដេរ ត្រូវបានគេរំពឹងថា នឹងបន្តមានភាពអំណោយផល ជាមួយនឹងកំណើន ១១,៧ ភាគរយ ដែលគាំទ្រដោយសក្តានុពលខ្ពស់ នៃផលិតកម្មនាំចេញមួយចំនួន ដូចជាគ្រឿងសង្ហារឹម ថាមពលព្រះអាទិត្យ និងគ្រឿងអេឡិចត្រូនិកជាដើម និងផលិតកម្មសម្រាប់ តម្រូវការក្នុងស្រុក ជាពិសេសផលិតអាហារ និងភេសជ្ជៈជាដើម។

ដោយឡែក សម្រាប់វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានគេរំពឹងថានឹង បន្តមានល្បឿនយឺតបន្ដិច ពោលគឺអាចនឹងកំណើនត្រឹមតែ ១,១ ភាគរយ និង ១,២ ភាគរយ រៀងៗខ្លួនប៉ុណ្ណោះ ដោយសារតែការស្ទុះងើបឡើងវិញ នៃលំហូរមូលធនបរទេស មានភាពយឺតយ៉ាវ។ តែទោះជាយ៉ាងណាក៏ដោយ វិស័យទាំងនេះ ត្រូវបានគាំទ្រជាបន្តបន្ទាប់ ដោយការវិនិយោគ និងតម្រូវការក្នុងស្រុក ដូចជាទីផ្សារលំនៅដ្ឋាន និងនិន្នាការកើនឡើង នៃសកម្មភាពសំណង់ សម្រាប់ឧស្សាហកម្ម ក៏ដូចជាសេវាកម្មក្នុងស្រុកជាដើម។ ចំណែកឯ វិស័យកសិកម្មវិញ ត្រូវបានប៉ាន់ប្រមាណថា នឹងរក្សាបាននូវកំណើន អំណោយផលក្នុងអត្រា ១,១ ភាគរយ ដោយសារគាំទ្រដោយ អនុវិស័យដំណាំនានា រួមមានស្រូវ និងដំណាំឧស្សាហកម្ម និងអនុវិស័យផ្សេងទៀត ដូចជា ដំឡូងមី និងពោត និងអនុវិស័យបសុសត្វ និងបសុបក្សី ជាពិសេសផលិតកម្ម ជ្រូកចិញ្ចឹមជាដើម។

ទទឹមនឹងនេះដែរ ក្រសួងបាននិយាយថា វិស័យទេសចរណ៍ រួមបញ្ចូលសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងជាមួយនឹងកំណើន ៣២,៧ ភាគរយ ដោយសារតែ ការធ្វើដំណើររបស់ ប្រជាជនទូទាំងពិភពលោក និងក្នុងតំបន់ បន្តមានការងើបឡើងវិញ។ តែយ៉ាងណាមិញ ក្រសួងសេដ្ឋកិច្ច ក៏គូសបញ្ជាក់ផងដែរថា ទស្សនវិស័យទាំងនេះ ក៏ប្រឈមនឹងហានិភ័យ និងភាពមិនប្រាកដប្រជា មួយចំនួនផងដែរ ដូចជាការកើនឡើង នៃភាពតានតឹង ភូមិសាស្ត្រក្នុងតំបន់ និងសកល ការធ្លាក់ចុះសេដ្ឋកិច្ច ពិភពលោកបន្ថែមទៀត និងការរឹតបន្តឹង គោលនយោបាយរូបិយវត្ថុ យូរជាងការរំពឹងទុក ជាពិសេសសហរដ្ឋអាមេរិក ក៏ដូចជាការឡើងថ្លៃ នៃរូបិយប័ណ្ណអាមេរិក ដែលអាចប៉ះពាល់ ដល់លំហូរនៃការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់ជាដើម។