ធនាគារពិភពលោក និងកម្ពុជា បើកកិច្ចប្រជុំពិភាក្សា លើកម្មវិធីគាំទ្រសម្របសម្រួល ពាណិជ្ជកម្មនៅកម្ពុជា


កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ទឹងបត់ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិភាក្សា ជាមួយគណៈប្រតិភូ អញ្ជើញមកពីធនាគារពិភពលោក (World Bank)  និងការចូលរួមពី សំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនានា ដើម្បីសិក្សាស្វែងយល់ពី លើប្រព័ន្ធលំហូរឆ្លងកាត់ ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ តាមរបត់SSI (Single Stop Inspection)។ ក្នុងជំនួបនេះដែរ តំណាងក្រុមហ៊ុន ទីប្រឹក្សាគម្រោង ក៏បានធ្វើបទបង្ហាញ ពីព័ត៌មានសំខាន់ៗ ចំនួន ៦ ផងដែរ មានដូចជា៖ (១) ប្លង់ទិដ្ឋភាពរួមនៃគម្រោងទាំងមូល (២) វិសាលភាពនៃផ្ទៃដីទីតាំងគម្រោង (៣) ទំហំការងារ (៤) លំហូរនៃការពិនិត្យ យានយន្តឆ្លងដែន (៥) បែបបទសម្រាប់យានយន្តចូល និង (៦) បែបបទសម្រាប់យានយន្តចេញ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា បន្ទាប់ពីគម្រោងនេះ ត្រូវបានដាក់ឱ្យ ដំណើរការពេញលេញ នោះតំបន់ប៉ោយប៉ែត នឹងប្រែក្លាយជា តំបន់អភិវឌ្ឍន៍មួយយ៉ាងខ្លាំង។ ជាពិសេសនឹងក្លាយជា មជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពល រូបវ័ន្តដ៏រឹងមាំ សម្រាប់ទ្រទ្រង់ ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃ មហាអនុតំបន់ទន្លេមេគង្គ។ ដូចគ្នានេះដែរ ធនាគារពិភពលោក បានលើកឡើងពីនីតិវិធី និងការសម្របសម្រួល ការដឹកជញ្ជូនទំនិញ និងអ្នកដំណើរឆ្លងកាត់ តាមព្រំដែន តាមរយៈការអនុវត្ត អនុស្សរណៈ និងកិច្ចព្រមព្រៀងផ្សេងៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការដឹកជញ្ជូន នៅក្នុងប្រទេស និងតំបន់។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់ ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ គិតរហូតមកទល់ពេលនេះ សម្រេចវឌ្ឍនភាព ការងារបាន៨០%ហើយ ដែលក្នុងនោះរួមមាន៖ អគារច្រកទ្វារអន្តរជាតិ និងផ្លូវតភ្ជាប់ ទៅផ្លូវជាតិលេខ៥ អគារអន្តេវាសិកដ្ឋាន ចំណតផ្ទេរផ្ទុកទំនិញ ឃ្លាំង និងទីលានកុងតឺន័រផងដែរ៕