ប្រទេសចូលរួមប្រកួតវិញ្ញាសា “គុនខ្មែរ” ទាំងអស់ នឹងតុបតែងខ្លួន តាមអត្ដសញ្ញាណជាតិខ្មែរ


ក្នុងថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២៣ នេះ កម្ពុជាបានធ្វើសន្និសីទ សារព័ត៌មានមួយ ស្តីអំពីកីឡា គុនខ្មែរ នៅព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ រៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងនោះ បានជម្រាបថា កម្ពុជាបានកំណត់សំលៀកបំពាក់ និងរបៀបតុបតែងខ្លួន របស់កីឡាប្រដាល់គុនខ្មែរ ដល់អត្ដពលិកទាំងអស់ ដែលចូលរួមប្រកួត ក្នុងវិញ្ញាសារ “គុនខ្មែរ” នេះ។ ឯកឧត្តម គូសបញ្ជាក់ទៀតថា ការកំណត់របៀបតុបតែងខ្លួន សម្រាប់វិញ្ញាសារ គុនខ្មែរ នេះ ក៏ត្រូវបានឯកភាពគ្នារួចរាល់ ពីសំណាក់បណ្ដាប្រទេស ដែលចូលរួមប្រកួតផងដែរ។

ការកំណត់របៀបនៃ ការតុបតែងខ្លួននេះ ក្នុងគោលបំណងដើម្បីបង្ហាញពី អត្ដសញ្ញាណជាតិខ្មែរ ដែលជាម្ចាស់កីឡាតំណាងជាតិ “គុនខ្មែរ” ផ្ទាល់តែម្ដង។ ពោលគឺ តាមឈុតតំណាង ឲ្យគុនល្បុក្កតោ ឬគុនខ្មែរ គេនឹងត្រូវជូតក្បាល ដោយក្រម៉ាខ្មែរ ដែលមានទង់ជាតិខ្មែរ នៅចំកណ្ដាល ខណៈការរុំដៃ នឹងត្រូវប្រើប្រាស់ អំបោះឆៅពណ៌ស។ ដោយឡែក ចំពោះបណ្ដាប្រទេស ដែលចូលរួមប្រកួតនីមួយៗ នឹងអាចប្រើប្រាស់ រូបទង់ជាតិរបស់ពួកគេ នៅលើក្រម៉ាខ្មែរបាន ហើយការរុំដៃ ក៏អាចធ្វើការជ្រើសរើសពណ៌ ឬប្រភេទអំបោះ ទៅតាមប្រពៃណី ឬអត្ដសញ្ញាណជាតិ របស់ពួកគេផងដែរ។  ឯកឧត្តម បានបន្ថែមទៀតថា កម្ពុជានឹងបញ្ជូនក្រម៉ា ដែលជារបស់ខ្មែរ និងឯកសារអំពី របៀបនៃសិល្បះគុនគ្រូ ក៏ដូចជាបទបញ្ជា នៃការប្រកួត ទៅដល់ប្រទេសនីមួយៗ បានស្វែងយល់ មុនពេលថ្ងៃប្រកួតផងដែរ។

តែយ៉ាងណាមិញ ក្នុងអំឡុងពេលប្រកួត កីឡាករទាំងអស់ក៏នឹងត្រូវ ពាក់ឧបករណ៍ការពារ ដូចជាមួកសម្រាប់កាពារក្បាល ទ្រនាប់សម្រាប់ការពារទ្រូង និងកែងដៃផងដែរ ដើម្បីគោរពស្មារតីកីឡាជាសកល។ ជាពិសេសក្នុងស្មារតីកីឡា Olympic Spirit គេមិនឲ្យការប្រកួតកីឡាក្លាយជា អំពើរហិង្សារ ឬការបង្ករគ្រោះថ្នាក់ដល់កីឡាករ និងកីឡាការនីនោះទេ។