ការចេញវិញ្ញាបនបត្រ បញ្ជាក់លទ្ធផលតេស្ត PCR កូវីដ សម្រាប់អ្នកដំណើរជនជាតិខ្មែរ និងជនបរទេស មុនពេលធ្វើដំណើរចេញពីកម្ពុជា ត្រូវបានកំណត់តម្លៃថ្មី


យោងតាមការជូនដំណឹងដោយ ក្រសួងទេសចរណ៍ បានឱ្យជ្រាបថា រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចកំណត់តម្លៃត្រឹម ៥០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការធ្វើតេស្ត និងការចេញវិញ្ញាបនបត្រ បញ្ជាក់លទ្ធផលតេស្ត PCR កូវីដ-១៩ ជូនអ្នកដំណើរជនជាតិខ្មែរ និងជនបរទេស ដែលត្រូវបំពេញ ស្របតាមតម្រូវការចាំបាច់ របស់ប្រទេសនានា មុនធ្វើដំណើរចេញពីប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៣ តទៅ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ត្រូវបានបើកឡើងវិញទាំងស្រុង កាលពីត្រីមាសទី ៤ ឆ្នាំ២០២២ ដោយរាល់ អ្នកដំណើជនជាតិខ្មែរ និងជនបរទេស ដែលចូលមកកម្ពុជា ពុំតម្រូវឱ្យបង្ហាញឯកសារ ពាក់ព័ន្ធកូវីដ-១៩ នោះទេ។ ក្រសួងទេសចរណ៍ សូមអំពាវដល់ សមាគមទេសចរណ៍ ផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ បន្តផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះ ដល់ដៃគូទេសចរណ៍ជាតិ-អន្តរជាតិទាំងអស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិ ឱ្យមកទស្សនា “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” សុវត្ថិភាព ស្អាត និងបៃតង កាន់តែច្រើនឡើង៕