ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី ១៦ បានសម្ភោធ និងដាក់ឱ្យដំណើរការហើយ ក្នុងខេត្តសៀមរាប


សៀមរាប៖ ពិព័រណ៌ផលិតផលខ្មែរ និងបន្លែផ្លែឈើលើទី១៦ បានកំពុងប្រព្រឹត្តទៅ នៅក្នុងខេត្តសៀមរាប ដែលបើក និងទទួលស្វាគមន៍ ភ្ញៀវគ្រប់ជាតិសាស្ត្រ ដែលចង់ស្វែងយល់ និងទិញផលិតផលខ្មែរ ដែលមានគុណភាព។ ពិព័រណ៌នេះត្រូវបាន ប្រកាសបើកជាផ្លូវការ ក្រោមវត្តមានរបស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានរបស់ មន្ត្រីពាក់ព័ន្ធជាច្រើនផ្សេងទៀត។

ពិធីតាំងពិពរណ៌ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី ១៦ ត្រូវបានសម្ភោធ ដាក់ឱ្យដំណើការហើយ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពី សំណាក់មន្ត្រីពាក់ព័ន្ធ ជាច្រើនផ្សេងទៀតប្រមាណ ៣០០ នាក់ រួមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការតាំងពិពរណ៌នេះ ក៏ធ្វើឡើងក្នុងយុទ្ធនាការ ទិញផលិតផលខ្មែរ រដូវកាលទី៨ ឆ្នាំ២០២៣ ដែលធ្វើឡើងនៅក្នុង ក្រុងសៀមរាប ខេត្តសៀមរាប ដែលបើកទូលាយ សម្រាប់ពលរដ្ឋខ្មែរ និងភ្ញៀវបរទេសចូលរួមដោយសេរី។

ថ្លែងក្នុងពិធីសម្ពោធពិព័រណ៍នោះ រដ្ឋមន្រ្តីបានលើកឡើងដូច្នេះថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយដ៏សំខាន់ នៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម របស់ក្រសួងពាណិជ្ជកម្ម។ យុទ្ធនាការនេះ ជាសំឡេងជួងដាស់ស្មារតី ប្រជាជនកម្ពុជា ឱ្យងាកមកចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ជំនួសទំនិញនាំចូលពី បរទេសជាជំហានៗ។ តាមរយៈការរៀបចំយុទ្ធនាការ ទិញផលិតផលខ្មែរចំនួន ៧រដូវកាលកន្លងមក បានជួយពង្រឹង ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ជាបណ្តើរៗ ហើយផលិតករកម្ពុជា ក៏មានចំណេះដឹង ចំណេះធ្វើ និងទទួលបានបទពិសោធន៍ល្អៗ ជាច្រើន សម្រាប់ពង្រឹង និងពង្រីកផលិតកម្ម អភិវឌ្ឍន៍ផលិតផល និងសេវារបស់ខ្លួនបម្រើឱ្យទីផ្សារ។

ជាក់ស្ដែង លទ្ធផលក្រសួងសង្កេតឃើញ បង្ហាញថា ផលិតផលខ្មែរមានវត្តមាន នៅលើទីផ្សារកាន់តែច្រើន ទាំងទីផ្សារក្នុងស្រុក ហាងលក់ទំនិញ ក្នុងអាកាសយានដ្ឋាន និងទីផ្សារនៅបរទេស និងមានការរីកចម្រើន ទៅមុខទាំងគុណភាព សុវត្ថិភាព សោភ័ណភាព និងអនាម័យ ដែលអាចទុកចិត្តបាន សម្រាប់អ្នកប្រើប្រាស់ទូទៅ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់ផលិតករ ពាណិជ្ជករកម្ពុជា ត្រូវខិតខំបង្កើតគំនិត ច្នៃប្រឌិតថ្មីៗបន្ថែមទៀត និងរៀបចំទំនិញ សម្រាប់បម្រើទីផ្សារ ដោយអនុលោមតាម គោលការណ៍ “ភក្តីភាពចំពោះពាណិជ្ជកម្ម” គឺផលិតផលត្រូវតែមានគុណភាព មានសុវត្ថិភាព សម្រាប់អ្នកប្រើប្រាស់ អនុលោមតាមស្តង់ដារអនាម័យ និងមានតម្លៃសមរម្យ នោះទើបអាចចូលរួម ប្រកួតប្រជែងក្នុងទីផ្សារសេរីបាន។

គួរបញ្ជាក់ថា ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើ លើកទី១៦ នេះ ធ្វើឡើងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១២ ដោយមានក្រុមហ៊ុន សហគ្រាស និងអាជីករក្នុងស្រុក ចូលរួមចំនួនជាង១០០៕