កម្ពុជា ទទួលបានជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិ ឈានមុខគេ ឆ្នាំ២០២២»


រាជធានីភ្នំពេញ៖ នេះអាចរាប់បាន ថាជាមោទនភាពថ្មីទៀតហើយ ដោយក្រសួងទេសចរណ៍កម្ពុជា ទើបទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិ ឈានមុខគេ ឆ្នាំ២០២២» ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ី។

បើយោងតាម លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានបង្ហាញឱ្យដឹងថា ការទទួលបានពានរង្វាន់ជ័យលាភី «យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិ ឈានមុខគេឆ្នាំ២០២២» នេះ បានធ្វើឡើង កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដោយសមាគម AHHRA មានទីស្នាក់ការ នៅប្រទេសម៉ាឡេស៊ី ហើយកម្មវិធីប្រគល់ ពានរង្វាន់ជ័យលាភី ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន TIN Media។

លោក វុទ្ធី បានបញ្ជាក់ថា ពានរង្វាន់នេះបង្ហាញយ៉ាងច្បាស់ អំពីការដឹកនាំដ៏ត្រឹមត្រូវរបស់ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ ការចង្អុលបង្ហាញ និងណែនាំជាប្រចាំរបស់ ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចប្រកបដោយ ការទទួលខុសត្រូវខ្ពស់ របស់មន្ត្រីក្រោមឱវាទ រួមជាមួយក្រសួង-ស្ថាប័ន សមាគមទេសចរណ៍ ដៃគូពាក់ព័ន្ធ និងផ្នែកឯកជន ក្នុងការអនុវត្តផែនទី ចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយ វិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី២ ដោយបានខិតខំជម្រុញ ការស្តារសម្បទាធនធានមនុស្ស ការផ្តល់ហិរញ្ញប្បទាន ទ្រទ្រង់អាជីវកម្ម-សេវាកម្មទេសចរណ៍ និងបានជម្រុញការផ្សព្វផ្សាយ វិស័យទេសចរណ៍កម្ពុជា យ៉ាងសកម្មនៅក្នុងតំបន់ និងអន្តរជាតិ។

លោកបានបន្តថា លទ្ធផលដែលកើតចេញពី កិច្ចសហការទាំងនេះ នៅឆ្នាំ២០២២កន្លងទៅ ក្រសួងទេសចរណ៍បានទទួលប្រតិភូ Familiarization Trip ពីទីផ្សារឥណ្ឌា កូរ៉េ ចិន និងបានរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញ ផ្លូវទេសចរណ៍កម្ពុជា ដោយផ្ទាល់នៅប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូនេស៊ី ប្រទេសវៀតណាម ក៏ដូចជាការជម្រុញ ការផ្សព្វផ្សាយលើ ទីផ្សារអន្តរជាតិតាមរយៈស្ថានទូត ស្ថានអគ្គកុងស៊ុល ទីប្រឹក្សា និងស្ថានតំណាងទេសចរណ៍ នៅក្រៅប្រទេស និងការចូលរួម ពិព័រណ៍ទេសចរណ៍អន្តរជាតិផ្សេងៗ នៅទីផ្សារចិនជាលក្ខណៈ Virtual Exhibitions ព្រមទាំងបានជម្រុញ ការផ្សព្វផ្សាយ ព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស និងគោលដៅទេសចរណ៍កម្ពុជា នៅលើប្រព័ន្ធឌីជីថល ដូចជា Website, Mobile App, Facebook Page, TikTok, WeChat, Instagram, YouTube ផងដែរ។

គូសបញ្ជាក់ដែរថា ពានរង្វាន់ គឺជាការបោះឆ្នោត តាមប្រព័ន្ធឌីជីថលពី សាធារណជនចំនួន ៤៧ ៥១៥នាក់ ទទួលបាន ៥៤ ៨៥០ពិន្ទុ មានបេក្ខភាពចូលរួមជាង ២០០នាក់ មកពី ២៣ប្រទេស ជុំវិញពិភពលោក ចែកជាប្រភេទផ្សេងៗរួមមាន ក្រុមប្រឹក្សាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកដឹកនាំ ដែលចូលរួមយ៉ាងសកម្ម ក្នុងឧស្សាហកម្មទេសចរណ៍។

ម៉្យាងទៀត នេះជាលើកទី១ ហើយ ដែលសមាគម AHHRA សហការជាមួយក្រុមហ៊ុន TIN Media ក្នុងការរៀបចំកម្មវិធី ពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី ដើម្បីប្រគល់ពានរង្វាន់ ដល់ប្រទេសជ័យលាភី ក្នុងនោះមាន ប្រទេសកម្ពុជា តង់សានី ប៊ុលហ្ការី ឥណ្ឌា ហ្វីលីពីន និងម៉ាឡេស៊ី ទទួលដោយផ្ទាល់ ខណៈប្រទេសផ្សេងទៀត បានទទួលពានរង្វាន់ តាមអនឡាញ៕