ខេត្តកោះកុង មានតំបន់ការពារធម្មជាតិ សរុបជាង ១ លានហិកតា ពោពេញដោយទេសភាពធម្មជាតិ ខ្យល់បរិសុទ្ធ និងភាពទាក់ទាញ


ខេត្តកោះកុង ជាខេត្តដែលហ៊ុមព័ទ្ធ ទៅដោយតំបន់ភ្នំ ជួរភ្នំ និងតំបន់ឆ្នេរសមុទ្រ សម្បូរទៅដោយ ធនធានធម្មជាតិច្រើនបំផុត ដែលជាទីតាំងមាន សក្ដានុពលផ្នែកវិស័យទេសចរណ៍ ទាំងអេកូទេសចរណ៍ ទេសចរណ៍កែច្នៃ ទេសចរណ៍ប្រវត្តិសាស្ត្រ និងទេសចរណ៍សហគមន៍ជាដើម។ លើសពីនេះ ការក្សាតំបន់ការពារធម្មជាតិ ទាំងអស់នោះ កម្ពុជា អាចទទួលបានចំណូល ពីការលក់ឥណទានកាបូប ដែលជួយទ្រទ្រង់ដល់ បរិយាកាសភពផែនដី បានមួយចំណែកផងដែរ។

ដូចនេះ យើងនឹងមកស្គាល់ពីឧទ្យាជាតិ និងតំបន់ការពារធម្មជាតិចំនួន ១០ ទីតាំងក្នុងខេត្តកោះកុង ដែលគ្របដណ្ដប់ នៅលើផ្ទៃដីជាង ១ លានហិកតា។

១. ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង មានផ្ទៃដីសរុប ៤១០ ៣៩២ ហិកតា គ្របដណ្ដប់លើខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ និងខេត្តពោធិ៍សាត់ ក្នុងនោះគ្រប់ដណ្ដប់លើ ខេត្តកោះកុងធំជាងគេ រហូតដល់ ៣៦០ ៥៩៤ ហិកតា។ ឧទ្យានជាតិជួរភ្នំក្រវ៉ាញ ត្រូវបានចុះបង្កើតដោយ អនុក្រឹត្យលេខ៨៩ អនក្រ.បក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។

២. ឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្ដាល មានទំហំសរុប ៤០១ ៣១៣ ហិកតា គ្របដណ្ដប់លើខេត្តកោះកុង ពោធិ៍សាត់ និងកំពង់ស្ពឺ ក្នុងនោះ គ្របដណ្ដប់លើខេត្តកោះកុង ធំជាងគេទំហំ ២៣១ ៦០៧ ហិកតា និងត្រូវបានចុះដោយ អនុក្រឹត្យលេខ៨១ អនក្រ.បក កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។

៣. ឧទ្យានជាតិបទុមសាគរ មានទំហំសរុប ១៧១ ២៥០ ហិកតា គ្របដណ្ដប់ចំនួន ៣ ស្រុកក្នុងខេត្តកោះកុង រួមមាន ស្រុកគិរីសាគរ ស្រុកកោះកុង និងស្រុកបទុមសាគរ។ ឧទ្យានជាតិនេះ ត្រូវបានបង្កើតដោយ ព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

៤. ឧទ្យានជាតិសមុទ្រកោះកុង មានទំហំសរុប ៥៣ ៤៤៨ ហិកតា គ្របដណ្ដប់លើខេត្តកោះកុង និងខេត្តព្រះសីហនុ និងត្រូវបានចុះដោយអនុក្រឹត្យលេខ១៤ អនក្រ.បក កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨។

៥. ដែនជម្រកសត្វព្រៃតាតៃ មានទំហំសរុប ១៤៤ ២៧៥ ហិកតា គ្របដណ្ដប់លើ ក្រុងខេមរភូមិន្ទ ស្រុកកោះកុង ស្រុកបទុមសាគរ ស្រុកមណ្ឌលសីមា និងស្រុកថ្មបាំង។ ដែនជម្រកសត្វព្រៃនេះ ត្រូបានបង្កើតកាលពីឆ្នាំ ២០១៦។

៦. ដែនជម្រកសត្វព្រៃភ្នំសំកុស មានទំហំសរុប ១៦ ៦៧០ ហិកតា គ្របដណ្ដប់លើខេត្តកោះកុង និងខេត្តពោធិ៍សាត់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៣។

៧. របៀងអភិរក្សជីវៈចម្រុះ ប្រព័ន្ធការពារធម្មជាតិជួរភ្នំក្រវ៉ាញ មានទំហំសរុប ១៦៩ ៤៦៩ ហិកតា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧។

៨. តំបន់ប្រើប្រាស់ចម្រុះដងពែង មានផ្ទៃដីសរុប ២៧ ៧០០ ហិកតា ក្នុងស្រុកស្រែអំបិល និងស្រុកបទុមសាគរ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៣។

៩. ដែនជម្រកសត្វព្រៃពាមក្រសោប និងទី១០ តំបន់រ៉ាមសារកោះកាពិ មានទំហំសរុប ២៣ ៧៥០ ហិកតា ស្ថិតនៅក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកកោះកុង ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៩៣។