កម្ពុជា ប្រើប្រាស់ប្រេងឥន្ធនៈ ខ្ទង់ប្រមាណជិត ១៩ម៉ឺនលីត្រ ក្នុងមួយខែៗ ហើយអាចកើនឡើងលើសនេះ ក្នុងពេលខាងមុខ!


បើយោងតាម ប្រសាសន៍មន្រ្តីជាន់ខ្ពស់ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ការផ្គត់ផ្គង់ប្រេងឥន្ធនៈ នៅកម្ពុជាមានគ្រប់គ្រាន់ ខណៈតម្រូវការប្រើប្រាស់ជាទូទៅ កើនឡើងដល់ ១៩០ ០០០លីត្រ ក្នុងមួយខែៗ។

ក្នុងឱកាស ថ្លែងប្រាប់អ្នកសារព័ត៌មាន ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ទោះបីមានតម្រូវការ ប្រើប្រាស់ប្រេងឥន្ធនៈកើនឡើងក្តី កម្ពុជាមិនប្រឈម នឹងបញ្ហាខ្វះខាតដែរ ដោយសារតែកិច្ចសហការដ៏ល្អ រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនឯកជន ដែលនាំចូលប្រេង សុទ្ធតែបានរួមសហការគ្នា ទៅវិញទៅមក ធ្វើយ៉ាងណាធានា ឱ្យបរិមាណប្រេងគ្រប់គ្រាន់ សម្រាប់លក់ និងតម្លៃសមរម្យ អាចទទទួលយកបាន ទាំងសងខាង រវាងអ្នកលក់ និងទិញយកទៅប្រើប្រាស់។

ឯកឧត្តមបានបន្តថា ក្នុងពេលតម្លៃប្រេង កំពុងមានការប្រែប្រួល រាជរដ្ឋាភិបាលបានឧបត្ថម្ភធន ៦,៥សេនដុល្លារក្នុងមួយលីត្រ ដែលកាលពីមុនត្រឹមតែ ៤សេនប៉ុណ្ណោះ។

ឯកឧត្តម ក៏បាននិយាយថា រាជរដ្ឋាភិបាលបានប្រឹងប្រែង រក្សានូវស្ថេរភាពតម្លៃ ដោយមានគោលការណ៍ ២ជាក់ច្បាស់ គឺមានបរិមាណប្រេងគ្រប់គ្រាន់ សម្រាប់បម្រើប្រជាពលរដ្ឋ និងមានតម្លៃប្រេងសមរម្យ ដើម្បីឱ្យប្រជាពលរដ្ឋអាចទិញ យកទៅប្រើប្រាស់បាន។

គូសសម្គាល់ដែរថា បច្ចុប្បន្នប្រេងឥន្ធនៈ ដែលកម្ពុជាប្រើប្រាស់ ត្រូវបាននាំចូលពីប្រទេសសិង្ហបុរី វៀតណម និងថៃជាដើម។ កាលពីថ្ងៃ ១៦ មីនាកន្លងទៅនេះ ប្រមុខរាជរដ្ឋាភបាលកម្ពុជា បានណែនាំឱ្យក្រសួងពាក់ព័ន្ធ ពិភាក្សាជាមួយក្រុមហ៊ុនឯកជន ដើម្បីគ្រប់គ្រងតម្លៃលក់រាយ ប្រេងឥន្ធនៈ និងរៀបចំស្តុកប្រេងឥន្ធនៈ ខណៈសភាពការណ៍ប្រេង លើទីផ្សារអន្តរជាតិមានការប្រែប្រួល និងតម្រូវការប្រើប្រាស់ច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ៕