ស្ពានឆ្លងស្ទឹងសែន គ្រោងរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ ២៦ មីនា ខាងមុខនេះ


ខេត្តកំពង់ធំ៖ កាលពីព្រឹកថ្ងៃទី ២២ មីនា ឆ្នាំ ២០២៣ នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានអញ្ជើញចុះពិនិត្យ ទីតាំងត្រៀមរៀបចំ ពិធីសម្ពោធ កាត់ខ្សែបូដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការ នូវស្ពានបេតុងឆ្លងស្ទឹងសែន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ២៦ ខែមីនាខាងមុខ។ ស្ពាននេះ ជាអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានទីតាំងស្ថិតនៅ ភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ។

បើតាមការបញ្ជាក់ពី លោក គៀង សេងគី មេឃុំត្បូងក្រពើ បានឲ្យដឹងពី ស្ពានបេតុងឆ្លងស្ទឹងសែន ដែលបានសាងសង់រួចរាល់ ជាស្ថាពរនាពេលនេះ មានប្រវែង ១៨០ម៉ែត្រ ទទឹង៨,៨ម៉ែត្រ កម្ពស់កណ្តាលស្ពានដល់ធ្នឹម បណ្ដោយ ១២,២ម៉ែត្រ សសរស្ពានមានចំនួន ៣០ដើម សសរបង្កាន់ដៃស្ពានចំនួន ១៣២ដើម និងកំពស់បង្កាន់ដៃស្ពាន ១,៣ម៉ែត្រ(បូកទាំងឃឿន)។

ស្ពាននេះ ជាចំណុចតភ្ជាប់រវាង ភូមិកាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្រាប់សម្រួលដល់ ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មានភាពងាយស្រួល និងមានសុវត្ថិភាព ក្នុងការដឹកជញ្ជូន ផលិតផលផ្សេងៗនៅក្នុងមូលដ្ឋាន។

ការចុះនៅទីតាំងផ្ទាល់របស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបាន បញ្ជាក់ថាស្ពានបេតុង ឆ្លងស្ទឹងសែនដែលបាន សាងសង់រួចរាល់ជាស្ថាពរ នាពេលនេះ ដោយមានការយកចិត្តទុកដាក់ពី សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន សម្ដេចទាំងពីរ តែងតែគិតគូ ពីសុវត្ថិភាពក្នុង ការធ្វើដំណើររបស់បងប្អូន ជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានជម្រុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវតែចូលរួមថែរក្សា នូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលមាននៅក្នុងសហគមន៍ ជាសារៈប្រយោជន៍ដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ដើម្បីកាត់បន្ថយការចំណាយផ្សេងៗ។ សមិទ្ធផលមួយចំនួន កើតចេញ ពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាលំដាប់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ។