វត្តរាជបូណ៌ ក្រុងសៀមរាប ដែលជាអារាមហ្លួងបុរាណ សល់ពីរជ្ជកាលព្រះបាទនរោត្តម ក្លាយជាទីតាំងតម្កល់ភ្លើងគប់កីឡា ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះស៊ីហ្គេម ក្នុងឆ្នាំ២០២៣ នេះ


ដូចដែលមហាជនខ្មែរយើង បានដឹងស្រាប់មកហើយថា ខេត្តសៀមរាប គឺជាជម្រុកនៃ សំបុកសម្បត្តិវប្បធម៌របស់ខ្មែរ តាំងតែពីសម័យបុរេអង្គរមកម្ល៉េះ បន្តតំណាលមក សម័យកាលក្រោយៗ ហើយតំបន់នេះ ក៏នៅតែរក្សានូវអត្តសញ្ញាណជាតិ អត្តសញ្ញាណតំបន់របស់ខ្លួន ល្បីសុះសាយ ទៅកាន់ពិភពលោក តាមរយៈបណ្តុំប្រាង្គប្រាសាទខ្មែរ រាប់រយប្រាសាទ សិល្បៈ សិប្បកម្ម ចំណីអាហារ របៀបរបប ប្រាស្រ័យទាក់ទងគ្នាដែលនរណាៗក៏ល្បីថា អ្នកស្រុកសៀមរាប រួសរាយរាក់ទាក់ ញញឹមស្រស់ស្រាយ និងទទួលងារ ជាទីក្រុងនៃស្នាមញញឹម ពោពេញដោយ ប្រជាជនរាក់ទាក់បំផុត ក្នុងពិភពលោក។

ដោយឡែកផ្នែកមួយ ដែលមនុស្សមួយចំនួន មិនសូវជាចាប់អារម្មណ៍ គឺមរតកសាសនា ដែលបន្សល់តឹកតាងជាច្រើន នៅលើដែនដីប្រសិដ្ឋមួយនេះ។ វត្តអារាម រាប់ស្ទើរតែមិនអស់ ដែលខ្លះមានប្រវត្តិ និងអាយុកាលរាប់រយឆ្នាំ មានដូចជាអាទិ៍ វត្តទេពប្រណម្យ វត្តដំណាក់ វត្តព្រះព្រហ្មរតរ៍ វត្តរាជបូណ៌ជាដើម ហើយក៏មានវត្តខ្លះទៀត ក៏មានវត្តមាននៅក្នុង បរិវេណប្រាសាទបុរាណផងដែរ។

គួររំលឹកដែរថា វត្តរាជបូណ៌ ឬវត្តបូណ៌ (ប្រជាជនហៅកាត់) ជាបូជនីយដ្ឋាន និងបុរាណដ្ឋានដ៏ល្បីមួយ នៅក្នុងខេត្តសៀមរាប កសាងឡើងក្នុងរវាងឆ្នាំ១៦៥០ ហើយព្រះវិហារ កសាងនាសម័យកាលក្រោយ ក្នុងរជ្ជកាល សម្តេចព្រះបាទនរោត្តម។

អ្វីដែលជាទីគួរឲ្យចង់គយគន់ និងផ្តិតយករូបភាព សម្រាប់អ្នកទេសចរ អ្នកស្រាវជ្រាវជាតិ-អន្តរជាតិគឺ តួព្រះវិហារបុរាណ គ្រឹះ ហោជាង សន្លឹកទ្វារ សន្លឹកបង្អួច ព្រះពុទ្ធបដិមា បល្ល័ង្ក សសរ រូបគំនូរ ពណ៌ គឺសុទ្ធតែប្រណិត ដែលឆ្លុះបញ្ចាំងអំពីភាពផ្ចិតផ្ចង់ នៃសិល្បករ ស្ថាបត្យករ និងសិល្បៈបុរាណខ្មែរសម្រាប់សាសនា។ តែអកុសល ភាពអស្ចារ្យនៃក្បូរក្បាច់រចនា ដ៏ល្អវិចិត្រនៃព្រះវិហារបុរាណ អាយុកាលប្រមាណជិត ៤០០ឆ្នាំនេះ ទាំងសំណង់ ចម្លាក់ គំនូរទាំងនោះ ត្រូវបានខូចខាត និងបាត់បង់សោភ័ណដើម ដោយអន្លើនៅកន្លែងខ្លះ ដោយសារបញ្ហាអាកាសធាតុ អាយុកាល ការធ្វើថ្មី ការប្រេះស្រាំ ធូលី និងផ្សែងធូបទៀនរុំ ការលាបពណ៌ថ្មី និងការជួសជុលផ្សេងៗ ពីមួយជំនាន់ទៅមួយជំនាន់ជាដើម។

យ៉ាងណាក៏ដោយ សម្បត្តិបេតិកភណ្ឌខេត្តសៀមរាបមួយនេះ ត្រូវបានគេយកចិត្តទុកដាក់ ក្នុងគោលដៅសង្គ្រោះ និងអភិរក្ស ដោយអាជ្ញាធរជាតិអប្សរា បានសហការជាមួយ អ្នកជំនាញអ៊ីតាលី ដើម្បីជួសជុលព្រះវិហារនេះ ក្នុងបំណងអភិរក្សនិង លើកតម្លៃវប្បធម៌នៃសិល្បៈ របស់ខ្មែរនាបុរាណកាល ឱ្យរស់រវើក នាពេលបច្ចុប្បន្នឡើងវិញ។

គូសសម្គាល់បន្ថែមថា បន្ទាប់ពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នៃព្រះរាជពិធីសុំព្រះអគ្គី ពីព្រះអាទិត្យ ដែលរះចំកណ្តាលប្រាសាទអង្គរវត្ត មកបញ្ឆេះភ្លើងគប់កីឡា ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ ដោយព្រះមហាក្សត្រខ្មែរ នាថ្ងៃទី ២១ មីនាកន្លងទៅ វត្តរាជបូណ៌ ត្រូវបានកំណត់ជាទីតាំងមួយ ក្នុងការតំកល់ភ្លើងគប់កីឡានោះ ផងដែរ។

រូបភាពពី៖ ទូរទស្សន៍ជាតិកម្ពុជា (ទទក)