កម្ពុជា-វៀតណាម សន្យាជម្រុញការតភ្ជាប់ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យជាច្រើនទៀត ឲ្យកាន់តែប្រសើរឡើង ដើម្បីបង្កើនផលប្រយោជន៍ ទៅវិញទៅមក


បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានចេញ ក្រោយកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា និងប្រទេសវៀតណាម បានព្រមព្រៀងគ្នា និងធ្វើការសន្យា លើការជម្រុញ សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ក្នុងសេចក្តីប្រកាសនោះ បានលើកឡើងឲ្យដឹងថា “ដើម្បីរក្សាសន្ទុះនៃការងើបឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ភាគីទាំងពីរបានឯកភាព សហការ និងពន្លឿនការបញ្ចប់ផែនការមេ ស្តីពីការតភ្ជាប់សេដ្ឋកិច្ច កម្ពុជា-វៀតណាម ឆ្នាំ២០៣០ នៅក្នុងឆ្នាំនេះតែម្តង។”

យោងតាមប្រភពដដែល បានបង្ហាញទៀតថា ភាគីទាំងពីរក៏បានឯកភាព អនុវត្តប្រកបដោយប្រសិទ្ធភាពនូវ MOUs និងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា រួមទាំងកិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនទំនិញរវាង កម្ពុជានិងវៀតណាម ព្រមទាំងជួយសម្រួលបន្ថែមទៀត ដល់ទំនិញ ក្នុងការឆ្លងកាត់ ក្រោមបទប្បញ្ញត្តិនៃ កិច្ចព្រមព្រៀងទ្វេភាគី តំបន់ និងអន្តរជាតិ។

គួរបញ្ជាក់ដែរថា ភាគីទាំងពីរ គឺសុទ្ធតែជា សមាជិកពិសេសក្នុងកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ច ទូលំទូលាយក្នុងតំបន់ (RCEP) ដូចគ្នាផងដែរ។