កម្ពុជា និងខាងអ្នកបច្ចេកទេសចិន កំពុងសហការគ្នា ដើម្បីពន្លឿនសកម្មភាព គម្រោងផ្លូវដែកល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែត


បើតាមជំនួបរវាង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃ នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេស របស់ចិន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឲ្យដឹងថា ខាងភាគីចិន គាំទ្រយ៉ាងពេញទំហឹងលើ គម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធ មួយចំនួននៅកម្ពុជា ជាពិសេសគម្រោងផ្លូវដែក ល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត។

ទន្ទឹមនឹងនេះដែរ នាយកដ្ឋានគ្រោងនឹង បង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាព គម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ដែលជាការងារអាទិភាព ក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពផ្សេងៗ ឱ្យបានលម្អិត សម្រាប់គម្រោងផ្លូវដែកមួយនេះ។

ដោយឡែកខាងភាគីកម្ពុជាវិញ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្តល់ការឯកភាព លើការស្នើរបស់នាយកដ្ឋាន ដោយនឹងមាន ការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមកពី ស្ថាប័នពាក់ព័ន្ធផងដែរ។

គួររំលឹកផងដែរថា ចិនបានសម្រេចផ្តល់ ជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់ ៣០០ លានយ័ន ដែលស្មើនឹងប្រមាណ ៤៤ លានដុល្លារអាមេរិក គាំទ្រដល់គម្រោងផ្លូវដែកកម្ពុជា ខណៈគម្រោងនេះនឹង ចំណាយទុនវិនិយោគជាង ៤ពាន់លានដុល្លារអាមេរិក។

ក្រៅពីនេះ ភាគីទាំងពីរ ក៏បានពិភាក្សាលើ គម្រោងផ្សេងទៀតរួមមាន៖

១/ គម្រោងស្ថាបនាឡើងវិញ កំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ ដែលបានសិក្សារួចរាល់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC។

២/ គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបថ្មី ទៅក្រុងសៀមរាប ដែលបានសិក្សារួចរាល់ ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd។

៣/ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលបានសិក្សាលម្អិត ដោយក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។

ជាការឆ្លើយតបបន្ថែម លោក ZHANG Zhiqing បានជម្រាបថា ចំពោះគម្រោងស្ថាបនាឡើងវិញ កំណាត់ផ្លូវជាតិលេខ៣ វាលរេញ-ត្រពាំងរពៅ និងគម្រោងពង្រីក កំណាត់ផ្លូវជាតិលេខ៦ ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ទៅក្រុងសៀមរាប កំពុងស្ថិតនៅក្នុងដំណាក់កាល ពិនិត្យលទ្ធភាព និងធ្វើការវាយតម្លៃ។

រីឯគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ភាគីចិនស្នើសុំពេលវេលា ដើម្បីយកលទ្ធផលនៃ ការសិក្សាសមិទ្ធិលទ្ធភាពដាក់ទៅ ស្ថាប័នជំនាញពាក់ព័ន្ធពិភាក្សា ឱ្យបានលម្អិតស៊ីជម្រៅ ដើម្បីបានជាមូលដ្ឋាន ក្នុងការឆ្លើយតប ត្រឡប់មកវិញ។