ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ២០ម៉ឺនដុល្លារ ជូនដល់មូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ព ឆ្នាំ១៩៧៨


ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកថវិកាសរុបចំនួន ២០ម៉ឺនដុល្លារអាមេរិក បរិច្ចាគជូនមូលនិធិតេជោ១២៥ នៃគណៈយុទ្ធមិត្ត ជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដើម្បីចូលរួមចំណែក ជួយសម្រួលដោះស្រាយដល់ ជីវភាពនៃគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨ តាមរយៈ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅទីតាំងអគារទីស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។

កាយវិការនៃការចែករំលែក និងការជួយគ្នាក្នុងគ្រាលំបាក របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប នេះគឺត្រូវបានមហាជន មានការកោតសរសើរ ពីគុណតម្លៃរបស់ក្រុមហ៊ុន និងទឹកចិត្តដ៏ប្រពៃ របស់ថ្នាក់ដឹកនាំ ដែលតែងតែចូលរួមដោះស្រាយ នូវរាល់ការលំបាក ជាមួយរាជរដ្ឋាភិបាល រាល់ពេលមាន ទុក្ខលំបាកកន្លងមក ចាប់តាំងពីក្រុមហ៊ុន ចាប់ផ្តើមដំបូង និងរីកចម្រើនរហូត មកដល់ពេលនេះ ហើយក៏នឹងបន្ត នៅពេលខាងមុខទៀតផងដែរ ខណៈក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រកាន់ភ្ជាប់ការចែករំលែក គឺជាគម្រូដ៏ល្អនៃវប្បធម៌ សាមគ្គីគ្នាជាធ្លុងមួយ ជួយគ្នាក្នុងគ្រាលំបាក។

គណៈយុទ្ធមិត្តបម្រើកងទ័ពឆ្នាំ១៩៧៨នេះ ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានកិត្តិយស។ រីឯ «១២៥» គឺជាឈ្មោះអង្គភាពដំបូង នៃកងកម្លាំងសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតឡើង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ មានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ ដែលមានគោលដៅ ឆ្ពោះទៅវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ រំដោះប្រទេសជាតិ សង្រ្គោះអាយុជីវិតប្រជាជន។ 

សូមបញ្ជាក់ផងដែរ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានកំណត់អាទិភាព ការងារសង្គមរបស់ក្រុមហ៊ុន ដែលមានសសរស្ដម្ភធំ ៣ ហើយក៏ស្របទៅនឹង គោលការណ៍របស់ អង្គការសហប្រជាជាតិ ពោលគឺ៖ ការងារ «បរិស្ថាន អប់រំ និង សង្គម។» កន្លងមកតាមរយៈការងារសង្គម ដែលក្រុមហ៊ុន បានធ្វើរួមមាន៖ ការឧបត្ថម្ភកសាង ហេដ្ឋារចនាសម្ព័ន្ធ ការកសាងព្រះវិហារនិងវត្តអារាម ការសាងសង់ផ្ទះជូន អតីតយុទ្ធជននិងយោធិនពិការ ការចូលរួមបរិច្ចាគ ថវិកាជារៀងរាល់ឆ្នាំ ជូនកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ និងសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ព្រមទាំងរៀបចំកម្មវិធី ស្ម័គ្រចិត្តបរិច្ចាគឈាម ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ជាដើម៕