អ្នកស្រុកអង្គរជំនាន់ដើមហៅថា “ប្រាសាទភ្នំមាស” តែបច្ចុប្បន្នយើងស្គាល់ ប្រាសាទនេះថាជា “ប្រាសាទបាភួន”


ខេត្តសៀមរាប៖ ប្រាសាទបាភួន ជាប្រាសាទដែលបាន កសាងឡើងក្នុងសតវត្សរ៍ទី ១១ ដើម្បីឧទ្ទិសថា្វយដល់ ព្រហ្មញ្ញសាសនាដោយ ព្រះបាទ ឧទយទិត្យវម៌្មទី២។ ប្រាសាទនេះ មានទំហំធំណាស់ មានទម្រង់ជាប្រាសាទភ្នំ និងត្រូវបានសាងសង់ ក្នុងរចនាបថ បាភួន។ គូសសម្គាល់ដែរថា រចនាបថបាភួន ស្ថិតនៅក្នុងចំណោមរចនាបថធំៗរបស់ខ្មែរ។ នាពេលបច្ចុប្បន្ន ប្រាសាទផ្សេងទៀត ដែលត្រូវបានសាងសង់ ក្នុងរចនាបថបាភួននេះ ក៏មាននៅប្រទេសថៃផងដែរ។

ប្រាសាទបាភួន មានទម្រង់ជាប្រាសាទភ្នំ ដែលត្រូវបានកសាងឡើង អំពីថ្មភក់ បែមុខទៅទិសខាងកើត និងមានគ្រឹះ ធ្វើអំពីថ្មបាយក្រៀម។ ប្រាសាទនេះ មានស្ពានចូលពីខាងមុខប្រាសាទ ជិតព្រះលានជល់ដំរី។ ស្ពាន ចូលប្រាសាទបាភួននេះ ជាកន្លែងពេញនិយម សម្រាប់ភ្ញៀវទេសចរថតរូប ជាពិសេសសម្រាប់ អ្នកថតរូបអាហ៍ពិពាហ៍។

ដូចដែលយើងដឹងហើយថា ឈ្មោះរបស់ប្រាសាទ ក្នុងរមណីយដ្ឋានអង្គរភាគច្រើន មិនមែនជាឈ្មោះដើម ដែលមាននៅក្នុងសិលាចារឹកឡើយ។ ឈ្មោះប្រាសាទទាំងនោះ ភាគច្រើន ត្រូវបានអ្នកស្រុក ក្នុងតំបន់អង្គរហៅ ដើម្បីសម្គាល់ប្រាសាទនីមួយៗប៉ុណ្ណោះ។

បើតាម លោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា «ប្រាសាទបាភួន» មានឈ្មោះដើមថា «ត្រីភូវនតិលក»។ ប៉ុន្តែការហៅថា «ភួន» ក្លាយមកពីពាក្យថា «ភូវន»។ ពាក្យថា «បា» មានន័យថា «ព្រះ»។ ដូច្នេះ អ្នកស្រុកអង្គរ ហៅប្រាសាទនេះថា «បាភួន»។

ប្រាសាទបាភួន បានខូច និងបែកបាក់ ជាច្រើន។ ប្រាសាទនេះ ត្រូវបានជួសជុលជាច្រើនលើក ច្រើនសាមកហើយ។ នៅសតវត្សរ៍ទី១៦ ព្រះបាទចន្ទរាជា ឬអង្គចន្ទទី១ ដែលជាព្រះមហាក្សត្រ សម័យលង្វែក បានយាងត្រឡប់ មកកាន់អតីត ក្រុងយសោធរបុរៈវិញ។ ព្រះបាទចន្ទរាជា បានចូលរួមជួសជុល និងរៀបចំបុរាណស្ថាន មួយចំនួនឡើងវិញ។

ព្រះបាទចន្ទរាជា បានកសាងរូបចម្លាក់ ព្រះពុទ្ធរូបចូលនិព្វានមួយយ៉ាងធំ នៅប្រាសាទបាភួន នាសតវត្សរិ៍ទី១៦។ រូបចម្លាក់ព្រះពុទ្ធនេះ មានប្រវែង៦១ម៉ែត្រ និងកម្ពស់៩ម៉ែត្រ។ បច្ចុប្បន្ន រូបចម្លាក់ព្រះពុទ្ធចូលនិព្វាននេះ ក៏ទាក់ទាញភ្ញៀវទេសចរ យ៉ាងច្រើនផងដែរ។

សិលាចរឹកមួយ នៅសម័យលង្វែក របស់ព្រះបាទចន្ទរាជា បានប្រើពាក្យថា «ហេមាទ្រិ » ដែលមានន័យថា «ភ្នំមាស»។ វចនានុក្រម ព្រះសង្ឃរាជ ជួន ណាត បានពន្យល់ដូច្នេះ៖ «ឈ្មោះប្រាសាទថ្មបុរាណមួយ ខ្ពស់ត្រដឹម មានសណ្ឋានស្រដៀង នឹងភ្នំយ៉ាងតូច នៅក្នុងកំពែងមហានគរ (នគរធំ) ខាងប៉ែកទិសពាយ័ព្យនៃ ប្រាសាទបាយ័ន (ក្នុងខេត្តសៀមរាប)។ ប្រាសាទហេមាទ្រិ "ប្រាសាទភ្នំមាស ឬប្រាសាទសុមេរុ" នេះ ព្រះបាទឧទយាទិត្យវរ្ម័ន ទ្រង់ចាត់ការឲ្យកសាង ក្នុងរវាងសតវត្សរ៍ទី១៦ និងទី១៧នៃពុទ្ធសករាជ»។

សូមបញ្ជាក់ផងដែរថា ព្រះបាទឧទយទិត្យវម៌្មទី២ បានកសាងប្រាសាទបាភួន ដែលក្នុងក្រុងអង្គរធំ និងប្រាសាទមេបុណ្យខាងលិច ដែលប្រាសាទមេបុណ្យ ខាងលិចនេះ ស្ថិតនៅក្នុងបារាយណ៍ខាងលិច ឬបារាយណ៍ទឹកថ្លា៕