គម្រោងពង្រីកអគ្គិសនីធំៗ ២ កន្លែង ក្នុងរង្វង់ទឹកប្រាក់ ៥៣ លានដុល្លារ ជាជំនួយរបស់ជប៉ុន ដល់កម្ពុជា កំពុងដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ


បើយោងតាមការសម្ពាធ ការដាក់ឲ្យប្រើប្រាស់នូវគម្រោងនេះ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំកម្ពុជា កាលពីថ្ងៃទី ២៧ មេសា កន្លងទៅបានឲ្យដឹងថា គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនី  នៅរាជធានីភ្នំពេញ និងគម្រោងពង្រីកបណ្តាញ ចែកចាយអគ្គិសនីតាម របៀងសេដ្ឋកិច្ចភាគខាងត្បូង នៃប្រទេសកម្ពុជា ដែលប្រើប្រាស់ថវិកាអស់ជាង ៥៣លានដុល្លារ បានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហើយ។

គួរបញ្ជាក់ឲ្យដឹងដែរថា គម្រោងទាំងនេះ ស្ថិតក្រោមក្របខ័ណ្ឌឥណទានសម្បទាន និងជំនួយឥតសំណងរបស់ រាជរដ្ឋាភិបាលប្រទេសជប៉ុន ដែលក្នុងនោះ៖

ទី១៖ គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយនៅរាជធានីភ្នំពេញ៖ គម្រោងនេះ ទទួលបានឥណទានសម្បទាន ពីរដ្ឋាភិបាលជប៉ុនចំនួន ៦ ៤៨០ លានយ៉េន ស្មើនឹងជាង ៤៧លានដុល្លារអាមេរិក។ គម្រោងនេះ មានគោលបំណងក្នុង ការពង្រឹងសមត្ថភាព នៃការផ្គត់ផ្គង់អគ្គិសនី ក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ តាមរយៈការសាងសង់ បន្ថែមថ្មីនូវអនុស្ថានីយ៍អគ្គិសនីទំនើប ក្នុងអគារដែលមានទីតាំង នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក និងនៅស្នាក់ការកណ្តាល របស់អគ្គិសនីកម្ពុជា រួមជាមួយតំណរភ្ជាប់ ខ្សែបញ្ជូនតង់ស្យុងខ្ពស់ និងចែកចាយអគ្គីសនី ក៏ដូចជាធ្វើការកែលំអរ ទៅលើអនុស្ថានីយ៍ចាស់ៗ ដែលមានស្រាប់។

ទី២៖ គម្រោងពង្រីកបណ្តាញ ចែកចាយអគ្គិសនី ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង៖ គម្រោងនេះទទួលជំនួយ ឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនចំនួន ៨៩៣លានយ៉េន ស្មើនឹងជាង ៦,៥លានដុល្លារអាមេរិក។ គម្រោងនេះផងដែរ បានជួយលំនឹង នៃការផ្គត់ផ្គង់ថាមពលអគ្គិសនី នៅតាមតំបន់របៀង សេដ្ឋកិច្ចភាគខាងត្បូង នៃប្រទេសកម្ពុជា តាមរយៈការសាងសង់ និងបំពាក់នូវបរិក្ខា ចែកចាយថាមពលអគ្គីសនីកំរិត ២២គីឡូវ៉ុល នៅទីក្រុងបាវិត ខេត្តស្វាយរៀង ទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង។

ជារួមទៅ គម្រោងទាំងពីរនេះ បាននឹងកំពុងរួមចំណែកជាវិជ្ជមាន ក្នុងការធ្វើឱ្យប្រសើរឡើង នូវស្ថេរភាពនៃការផ្គត់ផ្គង់ ថាមពលអគ្គិសនីនៅប្រទេសកម្ពុជា។