កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះម្តងទៀត លើព្រឹត្តិការណ៍កីឡា Asian Youth Games ដែលមាន ៤៥ ប្រទេសចូលរួម នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ ២០២៩


រាជធានីភ្នំពេញ៖ បន្ទាប់ពីភាពជោគជ័យដ៏ត្រចះត្រចង់ របស់កម្ពុជា ក្នុងនាមជាផ្ទះកីឡាស៊ីហ្គេម លើកទី ៣២ ដែលទើបតែបានបញ្ចប់ កាលពីពេលថ្មីៗនេះ … កាន់តែពិសេសអស្ចារ្យ និងកាន់តែធំ ដោយក្នុងរយៈពេល ៦ ឆ្នាំទៀត កម្ពុជា នឹងត្រូវបានឲ្យដឹងថា ត្រៀមខ្លួនជាថ្មីម្តងទៀត ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា Asian Youth Games លើកទី៥ ដែលនឹងមាន ៤៥ ប្រទេស ចូលរួមមកពីទ្វីបអាស៊ីជួបជុំគ្នា លើដែនដីសុវណ្ណភូមិ របស់ខ្មែរ ក្នុងរាជធានីភ្នំពេញ។

ក្នុងការប្រកួតកីឡា លំដាប់ថ្នាក់អាស៊ីនេះដែរ ត្រូវបានរំពឹងថា មានការចូលរួមដោយ អត្តពលិកជាង៣០០០នាក់ មកពីប្រទេស ៤៥ ចូលរួម ហើយអាចមាន ១៨ប្រភេទកីឡា នឹងគ្រោងប្រព្រឹត្តទៅនៅ ពហុកីឡាដ្ឋានជាតិមរតកតេជោ ក្នុងឆ្នាំ ២០២៩។

គូសសម្គាល់ផងដែរថា សម្រាប់កីឡានេះ នឹងប្រារព្ធធ្វើឡើងនៅរៀងរាល់ ៤ឆ្នាំម្តង ដោយធ្វើលើកទី១នៅឆ្នាំ២០០៩ នាប្រទេសសិង្ហបុរី ខណៈឆ្នាំ ២០២៥ខាងមុខ ព្រឹត្តិការណ៍នេះនឹងធ្វើឡើងនៅប្រទេស Uzbekistan នេះបើយោងតាមការចុះផ្សាយ របស់សារព័ត៌មានកីឡា Inside the games។

កម្ពុជាទទួលបានសិទ្ធិ ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២៩ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើសិទ្ធិធ្វើជាម្ចាស់ផ្ទះ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

គួរឲ្យដឹងផងដែរថា ព្រឹត្តិការណ៍ Asian Youth Games ធ្វើឡើងក្នុងគោលបំណង វិនិយោគលើយុវជនអាស៊ី ដើម្បីអនាគតកីឡា សង្គមកាន់តែប្រសើរឡើង និងប្រមូលផ្តុំសហគមន៍ សកម្មភាពវប្បធម៌ ដើម្បីផ្សព្វផ្សាយ និងស្វែងយល់ពីវប្បធម៌ផ្សេងៗគ្នានៅទូទាំងទ្វីប៕