ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកស្រីសន្ធរ សម្តែងនូវអំណរសាទរ ចំពោះសមិទ្ធផលស្ពានបេតុងថ្មី ៩ កន្លែង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈក្រុមហ៊ុន ប៉េង ហួត គ្រុប


កាលពីព្រឹកថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមរៀបចំពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានបេតុង ៩ កន្លែង ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បន្ទាប់ពីបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង ៧០B ចំនួន ០១ខ្សែ ប្រវែង ២១ គ.ម និងបើកការដ្ឋានសាងសង់ ស្ពានបេតុងទាំង៩កន្លែងនេះ កាលពីថ្ងៃ ១៧ មីនា ឆ្នាំ២០២២ ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមការឧបត្ថម្ភរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប ជូនដល់ប្រជាពលរដ្ឋស្រុកស្រីសន្ធរ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានបេតុង ៩ កន្លែង ស្ថិតក្នុងឃុំចំនួន៥ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះ គឺត្រូវបានប្រព្រឹត្តឡើង ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាមានការចូលរួមពី ប្រជាពលរដ្ឋរស់នៅក្នុង ស្រុកស្រីសន្ធរប្រមាណជាង ៥ពាន់ នាក់ផងដែរ។

ស្ពានបេតុង ៩ កន្លែង ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមនេះ លាតសន្ធឹងឆ្លងកាត់ឃុំចំនួន ៥ រួមមាន៖ ឃុំព្រែករំដេង ឃុំឫស្សីស្រុក ឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែកដំបូក និងឃុំផ្ទះកណ្តាល ក្នុងទំហំទឹកប្រាក់សាងសង់ប្រមាណ ៦លានដុល្លារអាមេរិក គឺត្រូវបានចាប់ផ្តើមសាងសង់ បន្ទាប់ពីបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការផ្លូវបេតុង ៧០B ប្រវែង ២១ គ.ម ដែលចាប់ផ្ដើមពីទីតាំង សាលាស្រុកស្រីសន្ធរ រហូតដល់ ឃុំព្រែករំដេង កាលពីខែមីនា ឆ្នាំ២០២២។

«មានផ្លូវ មានស្ពាន មានសង្ឃឹម» គឺជាពាក្យស្លោកមួយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញជា គោលនយោបាយអាទិភាពមួយ ក្នុងចំណោមអាទិភាពទាំង ៤៖ ទឹក ផ្លូវ ភ្លើង និងមនុស្ស។ ជាក់ស្តែងផ្លូវ និងស្ពាន ត្រូវបានចាត់ទុកជាសរសៃឈាម សេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយជាកាតាលីករនៃជីវភាព និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តួយ៉ាងការកសាងស្ពាននេះ គឺស្មើនឹងការតភ្ជាប់ សរសៃឈាមសេដ្ឋកិច្ចជាតិ តភ្ជាប់តំបន់មួយទៅតំបន់មួយ ដើម្បីបម្រើដល់ ចរន្តនៃចលនាអភិវឌ្ឍន៍ជាតិ និងប្រជាជន។

ការធ្វើដំណើរឆ្លងកាត់ ក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្ននេះតាមរយៈផ្លូវ និងស្ពានបេតុងថ្មី លែងមានជាឧបសគ្គទៀតហើយ ខណៈកាលពីមុន ធ្លាប់ជាផ្លូវដីលំធម្មតា ក្រោយឆ្នាំរំដោះ ១៩៧៩ សម្រាប់ថ្មើរជើង, កង់, រទេះសេះ និងរទះគោ-ក្របី ប៉ុណ្ណោះ ប៉ុន្តែពេលនេះ បានប្រែក្លាយជា ហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាង ដែលអាចពង្រីកសក្តានុពល នៃការធ្វើដំណើរប្រកបដោយ ភាពងាយស្រួលផង និងបម្រើដល់ការដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារផង។

ទាក់ទងទៅនឹងសមិទ្ធផល នៃការអភិវឌ្ឍស្ពាន ៩ កន្លែង នៅលើកំណាត់ផ្លូវបេតុងមួយខ្សែនេះ ប្រជាពលរដ្ឋដែលរស់នៅ ក្នុងស្រុកស្រីសន្ធរ ក៏ដូចជាប្រជាពលរដ្ឋជាច្រើននាក់ទៀត បានសម្ដែងនូវអំណរគុណ និងត្រេកអរសាទរចំពោះសមិទ្ធផលថ្មី បម្រើដល់ជីវភាពប្រចាំថ្ងៃ របស់ប្រជាជនអ្នកស្រុកស្រីសន្ធរ ខណៈទាំងស្ពាន និងផ្លូវបេតុង ៧០B នេះគឺបានចូលរួមដោះស្រាយបញ្ហា នៃមធ្យោបាយធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរនេះ ប្រមាណជាង ២០.២៨៧ គ្រួសារ ដែលស្មើនឹង ៨៩,.៨១៣នាក់ នៃចំនួនប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ដងផ្លូវនេះ អាស្រ័យផល ក្នុងការប្រកបអាជីវកម្ម ការអប់រំ និងសេវាសាធារណៈផ្សេងៗ ជាច្រើនទៀត។ នេះក៏ជាការរួមចំណែក អភិវឌ្ឍសង្គមមួយឆ្លើយតបដល់ ការរីកចម្រើនកំណើនសេដ្ឋកិច្ចជាតិផងដែរ។

ថ្លែងក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ស្ពានបេតុងថ្មី ៩ កន្លែងនេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសម្ដែងនូវអំណរសាទរចំពោះ សមិទ្ធផលថ្មីនេះ ព្រមទាំងមានប្រសាសន៍ថា៖ “ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវ និងស្ពានបេតុងថ្មីទាំងនេះ ដែលនឹងក្លាយជាគុណប្រយោជន៍ ដ៏ធំធេងសម្រាប់ប្រជាជន ក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរ មកពីទីជិតឆ្ងាយ។ ជាក់ស្តែងណាស់ សមិទ្ធផលទាំងនេះ បានកើតចេញពីកម្លាំង រួបរួមសាមគ្គីភាពរវាងវិស័យឯកជន ដែលមានក្រុមហ៊ុន ប៉េង ហួត គ្រុប តែងតែចូលរួមចំណែក ក្នុងកិច្ចការសង្គម ជាមួយរាជរដ្ឋាភិបាល ជាពិសេសការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅ ប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាពលរដ្ឋក្នុង ស្រុកស្រីសន្ធរ ឱ្យកាន់តែចម្រើន រុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។”

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា ខេត្តកំពង់ចាម ជាខេត្តប្រកបដោយ សក្កានុពលទាំងប្រជាជន និងវិស័យកសិកម្មរបស់ប្រទេសកម្ពុជា។ ជាមួយនឹងសក្តានុពល ដ៏សម្បូរបែបនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានរៀបចំនូវផែនការយុទ្ធសាស្ត្រ និងចក្ខុវិស័យជាច្រើន សម្រាប់ក្របខណ្ឌទូទាំងប្រទេស និយាយជារួម និងសម្រាប់ខេត្តកំពង់ចាម និយាយដោយឡែក តាមរយៈការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលបម្រើដល់តម្រូវការ និងអាទិភាពផ្នែកសេដ្ឋកិច្ច ធនធានមនុស្ស និងកសិកម្ម។ ជាក់ស្តែងខេត្តកំពង់ចាមបាន នឹងកំពុងទទួលបាន នូវសមិទ្ធផលផ្លូវបេតុងនិងស្ពានថ្មី ៩ កន្លែង ហើយក៏កំពុងត្រៀម ទទួលបានផងដែរផ្លូវបេតុងថ្មីបន្ថែមទៀត ស្របតាមដងទន្លេមេគង្គ ដើម្បីតភ្ជាប់ទន្លេមេគង្គត្រើយខាងកើត សម្រាប់បម្រើដល់វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម។

ប្រជាពលរដ្ឋដែលជា អាជីវករលក់ដូរម្នាក់រស់នៅ ក្នុងមូលដ្ឋានស្រុកស្រីសន្ធរ បានសម្ដែងនូវ ការសប្បាយចិត្តជាខ្លាំង ដោយទទួលបាន សមិទ្ធផលផ្លូវ និងស្ពានល្អ និងងាយស្រួលធ្វើដំណើរ ព្រមទាំងបានថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ថា៖ “ផ្លូវ និងស្ពានកាលពីមុននោះ លំបាកធ្វើដំណើរខ្លាំងណាស់ ពេលធ្វើដំណើរទៅណាមកណាហុយដី ខ្លាំងណាស់ ហើយពេលភ្លៀងម្ដងៗភក់ជ្រាំ រអិលខ្លាំងណាស់ ត្រូវការចំណាយពេលវេលាយូរ ហើយតាំងពីបានផ្លូវ និងស្ពានថ្មីមក គឺងាយស្រួលធ្វើដំណើរពីផ្ទះ ទៅភ្នំពេញលឿនដូចចិត្ត ខ្ញុំអរគុណសម្តេចខ្លាំងណាស់ដែលបានផ្តល់ អំណោយដ៏ថ្លៃថ្លានេះ ហើយក៏អរគុណក្រុមហ៊ុន ប៉េង ហួត ផងដែរ ដែលបានគិតគូរ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះឡើង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើដំណើរទៅមក កាន់តែងាយស្រួល”។ 

គួររំឭកផងដែរ៖ កន្លងមកក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋាន ស្រុកស្រីសន្ធរជាច្រើនទៀត ដែលរួមមាន៖ ខ្លោងទ្វារវត្ត របងវត្ត កុដិយាយជី-តាជី ដែលជាសទ្ធាជ្រះថ្លា នៅវត្តជ័យមង្គល សាលារៀន ផ្លូវថ្នល់ក្នុងភូមិ អគារ ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ រួមទាំងអគារទីចាត់ការ ១ខ្នងផងដែរ និងថ្មីៗនេះ អភិវឌ្ឍផ្លូវ និងស្ពានបេតុង។ សមិទ្ធផលទាំងអស់នេះ គិតជាទឹកប្រាក់សរុបរួមប្រ មាណជាង ១៧.៨៨៦.២៥០ ដុល្លារអាមេរិក។ ស្មារតីចែករំលែក គឺជាទឹកចិត្តដ៏ថ្លៃថ្លា និងជាការដឹងគុណដល់សង្គម និងរាជរដ្ឋាភិបាលដែលថ្នាក់ដឹកនាំ របស់ក្រុមហ៊ុនតែងតែ ប្រកាន់ខ្ជាប់នូវទស្សនៈ និងគំនិតដូចសុភាសិតខ្មែរមួយ ដែលតែងដាស់តឿនសតិ កូនខ្មែរឱ្យប្រតិបតិ្តវប្បធម៌ដឹងគុណ ពោលគឺ៖ “ផឹកទឹកនឹកដល់ប្រភព បានជ្រកម្លប់នឹកដល់អ្នកដាំ”៕