កម្ពុជា ទទួលបានការវិនិយោគ ពីបរទេសប្រមាណ ៦៥ គម្រោង មានតម្លៃជិត ៦០០ លានដុល្លារ គិតត្រឹម ៤ ខែដំបូងនៃឆ្នាំ ២០២៣


បើយោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគផ្ទាល់ ពីបរទេសចំនួន ៦៥គម្រោង មានទុនវិនិយោគសរុប ៥៨៨លានដុល្លារ គិតត្រឹមរយៈពេល ៤ខែដំបូង នៃដើមឆ្នាំ២០២៣។ ក្នុងនោះដែរ ប្រទេសចិន ទម្លាក់ទុនវិនិយោគផ្ទាល់ ចូលក្នុងប្រទេសកម្ពុជា ច្រើនជាងគេ រហូតដល់ ៧៣,៥%។

កាលពីថ្ងៃ ១៩ ឧសភា កន្លងទៅ ក្នុងកម្មវិធី «Cambodia-China Business Leaders Summit» ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង នៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ការវិនិយោគផ្ទាល់ពីប្រទេសចិន មានទំហំធំជាងគេ និងតែងតែឈរនៅលំដាប់ទី១ នៃការវិនិយោគផ្ទាល់ពីបរទេស នៅកម្ពុជាស្ទើរគ្រប់ឆ្នាំ។

ឯកឧត្តម បានលើកឡើងថា ៖ “តួលេខនេះបង្ហាញច្បាស់ថា ការវិនិយោគផ្ទាល់ពីបរទេស ពិសេសពីប្រទេសចិន បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។“

ឯកឧត្តមបន្តថា លំហូរវិនិយោគផ្ទាល់ ពីប្រទេសចិន បានបង្ហាញពីទំនុកចិត្តខ្លាំង របស់វិនិយោគិនចិនមកលើកម្ពុជា ដែលកើតចេញពីកិច្ចសហប្រតិបត្តិការ និងបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានលក្ខណៈ កាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ។

ក្នុងឆ្នាំ ២០២២ កន្លងមក CDC បានអនុម័តលើគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុប ១៨៦ គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ ៤ពាន់លានដុល្លារ ក្នុងនោះទុនវិនិយោគផ្ទាល់ មកពីប្រទេសចិន មានប្រមាណ ៩០,៥% នៃការវិនិយោគផ្ទាល់ ពីបរទេសនៅកម្ពុជា។