កម្ពុជា ទទួលបានភ្ញៀវទេសចរបរទេសជិត ១,៣ លាននាក់ ក្នុងត្រីមាសទី១ នៃឆ្នាំនេះ កើនឡើងជាង ៧ ដង បើធៀបនឹងពេលដូចគ្នានៃឆ្នាំមុន!


បើយោងតាម របាយការណ៍របស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយក្នុងថ្ងៃ ២៤ ឧសភាថ្មីៗនេះ បានបង្ហាញឲ្យដឹងថា ប្រទេសកម្ពុជាបានទាក់ទាញ ភ្ញៀវអន្តរជាតិចំនួន ១,២៩ លាននាក់ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៣ កើនឡើង ៧០៩% ពីចំនួនត្រឹមតែ ១៥៩.៥៤៦ នាក់ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

របាយការណ៍ដដែលបានឲ្យដឹងបន្ថែមថា ភ្ញៀវទេសចរថៃ បានឈរនៅលើកំពូលតារាង ក្នុងចំណោមការមកដល់នៃភ្ញៀវអន្តរជាតិ ចូលមកក្នុងប្រទេសកម្ពុជា ក្នុងអំឡុងខែមករាដល់ខែមីនាឆ្នាំនេះ បន្ទាប់មកគឺមានដូចជា ភ្ញៀវទេសចរវៀតណាម និងចិន។ តាមតួលេខជាក់ស្តែងនោះគឺ ជនជាតិថៃចំនួន ៤២៤.២៤១ នាក់, វៀតណាមចំនួន ២០៧.៥២៧ នាក់ និងជនជាតិចិនចំនួន ១៣២.៦៦៥ នាក់ បានមកលេងកម្ពុជា ក្នុងអំឡុងពេលនោះ។

ឯកឧត្តម ថោង ខុន ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា រំពឹងថានឹងទាក់ទាញ ភ្ញៀវទេសចរអន្តរជាតិជាង ៤ លាននាក់ នៅឆ្នាំនេះ បន្ទាប់ពីប្រទេសចិន បានបង្កើនប្រសិទ្ធភាពយុទ្ធសាស្ត្រ ប្រឆាំងនឹងជំងឺកូវីដ-១៩ និងបន្តដំណើរទេសចរណ៍ជាក្រុម ទៅក្រៅប្រទេស កាលពីដើមឆ្នាំនេះ។

ឯកឧត្តម បានប្រាប់ឲ្យដឹងបន្តថា "ប្រទេសចិន គឺជាទីផ្សារទេសចរណ៍ក្រៅប្រទេស ដ៏សំខាន់បំផុតមួយ សម្រាប់ពិភពលោក ដូច្នេះការបន្តដំណើរទេសចរណ៍ ក្រៅប្រទេសឡើងវិញ របស់ប្រទេសចិន គឺមានប្រយោជន៍ខ្លាំងណាស់ មិនត្រឹមតែសម្រាប់ ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ ពិភពលោកទាំងមូលផងដែរ។"

វិស័យទេសចរណ៍គឺជាវិស័យមួយ ក្នុងចំណោមវិស័យទាំងបួន ដែលជួយដល់សេដ្ឋកិច្ចកម្ពុជា។ កម្ពុជា មានតំបន់បេតិកភណ្ឌពិភពលោកចំនួនបីគឺ ឧទ្យានបុរាណវិទ្យាអង្គរ នៅភាគពាយព្យនៃខេត្តសៀមរាប ប្រាសាទព្រះវិហារ នៅភាគពាយ័ព្យនៃខេត្តព្រះវិហារ និងតំបន់បុរាណវិទ្យាសំបូរព្រៃគុក នៅកណ្តាលខេត្តកំពង់ធំ។

លើសពីនេះ ប្រទេសកម្ពុជា ត្រូវបានគេស្គាល់ថាជាឆ្នេរសមុទ្រ ដ៏ស្រស់ស្អាតបំផុតមួយ ដែលលាតសន្ធឹងប្រវែង ៤៥០ គីឡូម៉ែត្រ ក្នុងខេត្តភាគនិរតីចំនួនបួនគឺ ព្រះសីហនុ កំពត កែប និងកោះកុង ផងដែរ។