អគារថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ តម្លៃខ្ទង់ ១២ លានដុល្លារ ត្រូវបានដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការហើយ!


រាជធានីភ្នំពេញ៖ អគារថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កម្ពស់ ៤ជាន់ មានតម្លៃ ១២លានដុល្លារ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី ២៤ ឧសភាកន្លងទៅនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ បានធ្វើសម្បទានដី ០៤ហិកតា ជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលក្នុងនោះដីជាង ៣ហិកតា សម្រាប់សាងសង់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងជិត ១ហិកតាទៀត សម្រាប់សាងសង់ មជ្ឈមណ្ឌលវប្បធម៌។

ក្នុងដំណើរការសាងសង់ជំហានដំបូង គឺការសាងសង់អគារសិក្សាអគារ «ខ» ដំណាក់កាលទី១ ដែលបានចាប់ផ្តើម នៅថ្ងៃ ០២ ឧសភា ឆ្នាំ២០១៧ និងបានបញ្ចប់នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ២០២២ ដោយក្រុមហ៊ុន PT &C Engineering Co.LTD ក្រោមការឧបត្ថម្ភពី រាជរដ្ឋាភិបាលផ្ទាល់ចំនួន ១២លានដុល្លារ។

អគារ «ខ» នេះ មានទំហំសរុបចំនួន ៤៧ ០០០ម៉ែត្រក្រឡា ដែលមានបណ្តោយប្រវែង ១៩៦ម៉ែត្រ ទទឹងប្រវែង ៤៥ម៉ែត្រ កម្ពស់ ៤ជាន់ ចែកចេញជា ១២៣បន្ទប់។ ក្រៅពីនេះ មានចំណតរថយន្តក្រោមដី ១ជាន់ ដែលអាចចតរថយន្តបានចំនួន ២០៤ គ្រឿង និងម៉ូតូចំនួន ៥០០គ្រឿង ផងដែរ។

ដោយឡែក សម្រាប់ផ្ទៃដីទំហំជិត ១ហិកតាទៀត នឹងត្រូវអភិវឌ្ឍសាងសង់ជា មជ្ឈមណ្ឌលបណ្តុះបណ្តាលសិល្បៈកម្ពុជា-កូរ៉េ ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណរដ្ឋកូរ៉េ ក្នុងគម្រោងថវិកាប្រមាណ ៥,៣លានដុល្លារ ។

ខណៈនឹងការប្រកាស ដាក់ឲ្យដំណើរការទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនេះ សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរនិស្សិតជ័យលាភី ទាំងអស់នាថ្ងៃនោះ និងបានជូនពរ ឲ្យទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់។

បន្ទាប់មកសម្ដេចតេជោ នាយករដ្ឋមន្ត្រី អមដំណើរដោយលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមន្ត្រីរាជរដ្ឋាភិបាល មួយចំនួនទៀត ក៏បានអញ្ជើញទស្សនា ក្នុងសាលពិព័ណ៍សិល្បៈ វប្បធម៌ នៅក្នុងទីតាំងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈថ្មីនេះ។

នៅក្នុងសាលពិព័ណ៍នេះ មានតាំងបង្ហាញ អំពីកម្រងស្នាដៃរបស់បុព្វបុរស ជាពិសេសទាក់ទងទៅនឹងទម្រង់សិល្បៈ វប្បធម៌ផ្សេងៗជាច្រើនដែលជាស្នាដៃចងក្រង របស់ក្រសួងវប្បធម៌ និងស្នាដៃនិស្សិត ដែលបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទ និងវិចិត្រសិល្បៈនាពេលកន្លងមក ផងដែរ៕