គម្រោងធំៗបី មានតម្លៃសរុបជាង ១ ពាន់លានដុល្លារ គ្រោងនឹងបើកការដ្ឋានសាងសង់ព្រមគ្នា ក្នុងខែមិថុនា!


កំពត៖ ក្នុងឱកាសពិធីកាត់ខ្សែបូ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាម ក្រុងកំពត ខេត្តកំពត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នា២០២៣ យោងតាមប្រសាសន៍ លើកឡើងរបស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ចូន បានឲ្យដឹងថា ចំពោះផ្លូវដែលបើក ការរដ្ឋានសាងសង់ ក្នុងខែមិថុនាតែមួយរួមមាន៖ ផ្លូវលឿនលឿនភ្នំពេញ-បាវិត, ផ្លូវលេខ៣១២ និងផ្លូវលេខ២៣។

ថ្លែងក្នុងពិធីកាត់ខែ្សបូនេះ ឯកឧត្តមបានមានប្រសាសន៍ថា “ យើងត្រៀមបើក ការដ្ឋានសាងសង់ផ្លូវល្បឿនលឿន (ភ្នំពេញ-បាវិត) នៅថ្ងៃទី៧ មិថុនា ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងមានការដ្ឋានថ្ងៃទី៩ មិថុនា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាដំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នឹងបើកការដ្ឋានផ្លូវលេខ៣១២”។

ដោយឡែក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងអញ្ជើញបើកការដ្ឋានសាងសង់ ផ្លូវមួយទៀតផ្លូវលេខ២៣ ពីស្រុកកោះធំ ឃុំលើកដែក ទៅស្រុកលើកដែក ខេត្តកណ្ដាល។

គួររម្លឹកផងដែរថា ផ្លូវល្បឿនលឿភ្នំពេញ-បាវិតនេះ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ ដោយចាំតែថ្ងៃ បើកការដ្ឋានសាងសង់ប៉ុណ្ណោះ ខណៈផ្លូវនេះមានប្រវែង សរុបប្រហែល ១៣៥ គីឡូម៉ែត្រ ត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ផ្លូវល្បឿនលឿន នឹងទទួលការសាងសង់ដោយ ក្រុមហ៊ុនសារជីវកម្មស្ពាន ថ្នល់ចិន (CRBC) ក្រោមទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារ ខណៈការសាងសង់អាចបញ្ចប់នៅចុងឆ្នាំ ២០២៦ ឬដើមឆ្នាំ២០២៧។

ចំពោះកំណាត់ផ្លូវលេខ៣១២ វិញគឺមានប្រវែងសរុប ២៨,៣៧ គីឡូម៉ែត្រ មានទីតាំងស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលតភ្ជាប់ពី សំរោង-ករគោ ទៅ ព្រំប្រទល់កម្ពុជា-វៀតណាម។ គម្រោងនេះសាងសង់ឡើងក្រោមឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ដោយឡែក ផ្លូវលេខ២៣ គឺជាផ្លូវថ្មីតភ្ជាប់ពី ឃុំលើកដែកស្រុកកោះធំ ទៅស្រុកលើកដែកខេត្តកណ្តាល។ ផ្លូវនេះនឹងសម្រួលដល់ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើដំណើរ ឆ្លងកាត់ភ្នំពេញ និងកាត់តាមផ្លូវជាតិលេខ១នោះឡើយ។