អគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា តម្លៃជិត ២ លានដុល្លារ ស្ថិតក្នុងបរិវេណវត្តស្វាយពពែ រាជធានីភ្នំពេញ បានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការហើយ!


ភ្នំពេញ៖ បន្ទាប់ពីស្ថិតក្នុងការសាងសង់អស់ជិត ១ ឆ្នាំ ពេលនេះអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា កម្ពស់៩ជាន់ មានតម្លៃជិត ២លានុដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការហើយ។

អគារនេះ មានទីតាំង ស្ថិតនៅក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងត្រូវបានប្រកាសសម្ពោធជាផ្លូវការ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣០ ឧសភា កន្លងទៅនេះ។

គួរឲ្យដឹងថា អគារថ្មីនេះ ត្រូវបានប្រសិទ្ធនាមជាផ្លូវការថា “អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី” ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារ ក្រោមការឧបត្ថម្ភពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា ផងដែរ។

ក្នុងពេលនោះដែរ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោសន្តិភាព សាលសវការកាត់ក្តី សម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ វាមានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់ និងបានសាងសង់ឡើង កាលពីថ្ងៃទី៤ កក្កដា ឆ្នាំ២០២២ កន្លងទៅ។

អ្វីដែលលេចធ្លោ និងគួរជាទីចាប់អារម្មណ៍នោះគឺ អគារថ្មីនេះ បានរចនាប្លង់ស្ថាបត្យកម្ម រចនាប័ទ្មខ្មែរបែបសហសម័យ ដោយសំយោគចូលនូវ រចនាប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណី ផ្ទះបុរាណខ្មែរ ព្រះពុទ្ធសាសនា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌអាណានិគម និងស្ថាបត្យកម្មទំនើបកម្ម ទៀតផង។