អាកាសយានដ្ឋានអន្តរជាតិថ្មីក្រុងតាខ្មៅ សម្រេចការងារសាងសង់បានខ្ទង់ ៥០% ហើយ គិតមកដល់ខែឩសភានេះ ព្រមទាំងគ្រោងបើកដំណើរការ នៅក្នុងឆ្នាំ ២០២៥ ខាងមុខ!


នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហការបង្កើត MRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣០ ឧសភា កន្លងទៅថ្មីៗនេះ លោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានលើកឡើងពីវឌ្ឍនភាពនៃ ការសាងសង់អាកាសយានដ្ឋានថ្មីក្រុងតាខ្មៅ ថាគិតមកដល់ខែឧសភានេះ ការសាងសង់សម្រេចបានប្រមាណ ៥០% ហើយព្រមទាំង បើកដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ទៀតផង។

លោកឧកញ៉ាលើកឡើងឲ្យដឹងថា៖ “បច្ចុប្បន្ន យើងបានសម្រេច ការសាងសង់បានខ្ទង់ ៥០% ហើយយើងកំពុងតែបន្ត និងតាមដានដំណើរការ នៃការងារនេះ ធ្វើយ៉ាងម៉េចឱ្យអាច ដាក់ដំណើរការវាបាន នៅដើមឆ្នាំ២០២៥។”

គូសបញ្ជាក់ឲ្យដឹងដែរថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាល ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុន រួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២.៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពី ភាគខាងត្បូងរាជធានីភ្នំពេញ។