ស្ពានអាកាសឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ តម្លៃសរុបជាង ៤៤លានដុល្លារ ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ!


រាជធានីភ្នំពេញ៖ បន្ទាប់ពីរង់ចាំ អស់រយៈពេលមួយរយៈធំមក ទីបំផុត ស្ពានបេតុងខ្សែកាបឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ តម្លៃសរុបជាង ៤៤លានដុល្លារ ត្រូវបានសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានដ៏ខ្ពង់ខ្ពង់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៣១ ឧសភានេះ។

គូសសម្គាល់ឲ្យដឹងផងដែរថា ស្ពានបេតុងខ្សែកាប-ឆ្លងទន្លេសាបនេះ ត្រូវបានបើកការដ្ឋាន កាលពីថ្ងៃទី២៣ តុលា ឆ្នាំ២០១៧ ដោយមានប្រវែង ៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ សាងសង់ដោយក្រុមហ៊ុន OCIC ដោយប្រើរយៈពេលវេលា ២៨ខែ និងចំណាយថវិកាអស់ប្រមាណ ៣៥លានដុល្លារឯណោះ។ ស្ពានថ្មីនេះ នឹងបង្កើតលំហូរចរាចរណ៍ថ្មី តភ្ជាប់ពីផ្លូវជាតិលេខ៥ នៃខណ្ឌឫស្សីកែវ និងផ្លូវជាតិលេខ៦ នៃខណ្ឌជ្រោយចង្វារ។

ដោយឡែក ស្ពានអាកាសឫស្សីកែវវិញ បានបើកការដ្ឋានស្ថាបនា កាលពីថ្ងៃទី៣១ មករា ឆ្នាំ២០២២ ដែលមានបណ្ដោយ ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រកំពស់ ៥ម៉ែត្រ ស្ថិតលើបណ្ដោយ ផ្លូវជាតិលេខ៥ នៅចន្លោះស្ពានបេតុងឆ្លងកាត់ ទន្លេសាបថ្មីនេះ ដោយប្រើប្រាស់រយៈពេល សាងសង់ចំនួន១៥ខែ និងប្រើប្រាស់ថវិកាអស់ប្រមាណ ៩,៧លានដុល្លារ។ វាក៏នឹងរួមចំណែកបានយ៉ាងល្អ ក្នុងការកាត់បន្ថយការកកស្ទះ ក្នុងការធ្វើដំណើររបស់ប្រជាជនបានច្រើន ផងដែរ។