គម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-សៀមរាប ត្រូវបានបញ្ចប់ការសិក្សាហើយ និងត្រៀមពិនិត្យការសិក្សានេះ ដើម្បីឈានទៅរក ការចរចា ចុះហត្ថលេខា ក្នុងការសាងសង់ នាពេលខាងមុខ!


កែប៖ បើយោងតាមប្រសាសន៍របស់ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានលើកឡើងកាលពីថ្ងៃទី ៣០ ឧសភាកន្លងទៅ ក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាម ក្រុងកែប ខេត្តកែប បានឲ្យដឹងថា ការសិក្សាសាងសង់ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ដែលជាផ្លូវល្បឿនលឿនទី៣ នៅកម្ពុជា នឹងត្រូវបញ្ចប់ការសិក្សាសាងសង់ នៅថ្ងៃទី៣១ ខែឧសភា នេះហើយ។

ខណៈនោះដែរ ឯកឧត្ដមទេសរដ្ឋមន្ដ្រី បានមានប្រសាសន៍ បន្ថែមដូច្នេះថា “ផ្លូវល្បឿនលឿនទី៣ កំពុងសិក្សា ហើយស្អែកនេះ (ថ្ងៃទី៣១ ឧសភា) គឺការសិក្សានឹងចប់សព្វគ្រប់ហើយ ពីភ្នំពេញទៅសៀមរាប។ បន្ទាប់ពីនេះមក យើងនឹងរៀបចំពិភាក្សា ពិនិត្យលើការសិក្សានេះ នឹងត្រៀមឈានទៅរក ការចរចាចុះហត្ថលេខា ដើម្បីសាងសង់ផ្លូវល្បឿនលឿនទី៣ របស់យើងតែម្តង។"

កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្ដម ស៊ុន ចាន់ថុល ក៏ធ្លាប់បង្ហើបឲ្យដឹងដែរផងថា គម្រោងសាងសង់ ផ្លូវល្បឿនលឿនទី៣ នេះនឹងធ្វើការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនសាងសាង់ CRBC ដែលជាក្រុមហ៊ុនវិនិយោគសាងសង់ ដំណាលគ្នានឹងការបើក ការដ្ឋានសាងសង់ផ្លូវល្បឿនល្បឿនទី២ ភ្នំពេញ-បាវិត នាថ្ងៃទី៧ មិថុនា ខាងមុខនេះផងដែរ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន CBRC ធ្វើការចុះធ្វើការសិក្សាគម្រោង ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាបនេះកាលពីខែមីនាកន្លងទៅ។ ក្នុងនោះដែរ ក្រសួងសាធារណការ ក៏បានស្នើឲ្យរដ្ឋបាលរាជធានី-ខេត្ដចំនួន ៥ រួមមានៈ រដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខេត្ដកណ្ដាល, ខេត្ដកំពង់ចាម, ខេត្ដកំពង់ធំ និងរដ្ឋបាលខេត្ដសៀមរាប សហការជាមួយក្រុមហ៊ុន លើការសិក្សាគម្រោងនេះដែរ។