ខេត្តសៀមរាប៖ បើយោងតាមការចុះផ្សាយ ដោយអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រុមការងាររបស់ខ្លួន បានយកចិត្តទុកដាក់ថែរក្សា ជួសជុល អភិរក្សប្រាង្គប្រាសាទ តាមមធ្យោបាយបណ្ដុះបណ្ដាល អ្នកបន្តវេនឱ្យយល់ដឹង ពីជំនាញបច្ចេកទេស ដើម្បីរួមគ្នាអភិរក្ស។ ក្នុងនោះមានកូនខ្មែរមួយចំនួន បានស្ម័គ្រចិត្តធ្វើជា អ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែពួកគេមានក្តីស្រឡាញ់ និងចង់ថែរក្សា កេរដំណែលដូនតាខ្មែរ ឱ្យនៅគង់វង្ស។


ក្នុងនោះដែរ លោក ជួន វង្ស អាយុ ៣០ឆ្នាំ អ្នកភូមិឪឡោក ឃុំបាគង នៃស្រុកប្រាសាទបាគង គឺជាអ្នកចូលរួមជួសជុលប្រាសាទម្នាក់ ក្នុងចំណោមអ្នករួម ការងារជាច្រើនទៀត។ លោកមានប្រសាសន៍ថា លោកបានធ្វើជាអ្នកជួសជុល ប្រាសាទឥដ្ឋចំនួន ៤ឆ្នាំមកហើយ។ លោក វង្ស បានឱ្យដឹងថា ដោយសារការស់នៅ ក្បែរប្រាសាទតាំងពីតូច និងការស្រឡាញ់ផង ជំរុញឱ្យលោកចូលបម្រើការងារ ជាអ្នកជួសជុលប្រាសាទឥដ្ឋ ព្រោះតែចិត្តចង់ចូលរួមចំណែក ក្នុងការថែរក្សាកេរដូនតា សម្រាប់ក្មេងជំនាន់ក្រោយ បន្តទៅទៀត។



ដោយឡែក លោក សែន ស៊ុង អាយុជាង៣០ឆ្នាំ គឺជាអ្នកជួសជុលប្រាសាទឥដ្ឋ រយៈពេលជាង ១០ឆ្នាំ មានប្រសាសន៍ថា ប្រាសាទបុរាណ ដែលដូនតាខ្មែរបានកសាង គឺអស្ចារ្យគ្មានពីរនៅលើលោក។ ការចូលរួមជួសជុលប្រាសាទបុរាណ គឺជាសំណាងរបស់លោក ព្រោះតែប្រាសាទបុរាណមានតម្លៃ អាយុកាលខ្ទង់ពាន់ឆ្នាំ មានសាងពីឥដ្ឋ និងពីថ្មធំៗ ស្កឹមស្កៃ និងមិនមានមនុស្សច្រើនទេ ដែលបានចូលរួម ថែរក្សាសម្បត្តិដូនតាដោយផ្ទាល់ ដូច្នេះឡើយ។



បន្ថែមពីនេះ លោក ជួន វង្ស និងលោក សែន ស៊ុង ក៏បានធ្វើការផ្តាំផ្ញើ ដល់កូនខ្មែរគ្រប់រូប សូមចូលរួមថែរក្សាប្រាសាទបុរាណ ដែលជាកេរដំណែលដូនតា កុំធ្វើសកម្មភាពណាមួយ ដែលនាំឱ្យបាត់បង់តម្លៃប្រាសាទ និងសូមកុំគូសវាសលើថ្ម ឬឥដ្ឋដែលនាំឱ្យ ខូចខាតដល់ប្រាសាទ ព្រោះប្រាសាទបុរាណ គឺជារបស់យើងទាំងអស់គ្នា។
