ខេត្តព្រះវិហារ៖ បើយោងតាម ការបញ្ជាក់របស់ លោក គង់ ពុទ្ធិកា អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក្នុងសន្និសីទសារព័ត៌មាន ក្រោយពីត្រឡប់ពីចូលរួម កិច្ចប្រជុំគណ:កម្មាធិការ បេតិកភណ្ឌពិភពលោកលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ប្រកបដោយជោគជ័យរួចមក បានឲ្យដឹងថា កម្ពុជាកំពុងរៀបចំស្នើទៅអង្គការយូណេស្កូ ដើម្បីចុះបញ្ជីក្រមាខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក វប្បធម៌អរូបី និងកំពុងរៀបចំស្នើសុំដាក់ សារមន្ទីរគុកទួលស្លែង ស ២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃការចងចាំ ផងដែរ។
ក្នុងនោះដែរ លោក គង់ ពុទ្ធិកា បានឱ្យដឹងថា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននឹងកំពុងខិតខំប្រឹងប្រែង រៀបចំស្នើអង្គការយូណេស្កូ ដាក់សារមន្ទីរគុកទួលស្លែង ស ២១ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃការចងចាំ ដើម្បីឱ្យពិភពលោកបានចងចាំ អ្វីដែលកើតឡើងនៅកម្ពុជា គឺជាមេរៀនមួយ មិនត្រូវកើតឡើងនៅលើ ប្រទេសណាមួយទៀតឡើយ នៅលើពិភពលោក ដែលនេះជាចំណុចសំខាន់មួយ នៃការស្នើរសុំចុះបញ្ជីនេះ។
គូសសម្គាល់ឲ្យដឹងដែរថា តាមរយៈកិច្ចប្រជុំ គណ:កម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៤៥ នេះ កម្ពុជាក្នុងនាមជារដ្ឋភាគី បានទទួលលទ្ធផលធំៗចំនួន២ គឺ៖
ទី១/ ការពិនិត្យអនុម័តលើរបាយការណ៍ សមិទ្ធផលនៃកិច្ចអភិរក្ស និងអភិវឌ្ឍតំបន់រមណីយដ្ឋានអង្គរ និងតំបន់ប្រាសាទសំបូព្រៃគុក។
ទី២/ ការអនុម័ត ចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
ការចុះរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់ តម្លៃលេចធ្លោជាសកល និងបានក្នុងចុះបញ្ជីជា សម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋាន ប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហាចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក នៅឆ្នាំ២០១៧ កន្លងមក។