រួតបាកាណ ប្រាសាទអង្គរវត្ត ជាកន្លែងដែលមានភ្ញៀវទេសចរទាំងជាតិ និងបរទេស ឡើងទៅទស្សនា និងគោរពបូជា ជាហូរហែ ដោយជឿថាជាកន្លែងសក្តិសិទ្ធិ!


ខេត្តសៀមរាប៖ ដូចដែលប្រជាជនខ្មែរភាគច្រើន បានដឹងរួចមកហើយថា រួតបាកាណ ឬកំពូលកណ្ដាលនៃ ប្រាសាទអង្គរវត្តដែលមាន កម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុត របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលតែងតែឡើងទៅទស្សនា។

បើតាមអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ជារៀងរាល់ថ្ងៃមន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំ សម្រាប់ភ្ញៀវទេសចរដែល ឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។

លោក ឡេក គិមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់ភ្ញៀវដែលឡើងទៅ ទស្សនារួតបាកាណ។

គួរឲ្យដឹងផងដែរថា ការឡើងលើរួតបាកាណនេះ គឺមានបញ្ញត្តិមួយចំនួនដូចជា ទី១ ការឡើងទៅលើកំពូលប្រាសាទ គឺមិនឱ្យលើសពី ១០០នាក់ទេក្នុងពេលទស្សនាម្ដងៗ ដើម្បីបង្ការពីសុវត្ថិភាព របស់ភ្ញៀវ និងដើម្បីការពារប្រាសាទ។

ទី២ តម្រូវឱ្យភ្ញៀវទេសចរទាំងឡាយ គោរពទៅតាម (ក្រមប្រតិបត្តិអង្គរ) មិនស្លៀកពាក់ខ្លីមិនសមរម្យ ត្រូវរក្សាភាពស្ងៀមស្ងាត់ និងសណ្តាប់ធ្នាប់ ក្នុងកំឡុងពេលទស្សនា ហើយរយៈពេលទស្សនា ទៀតសោត គឺមិនលើសពី១៥នាទីឡើយ។

ហើយ ទី៣ នោះគឺ ហាមក្មេងដែលមានអាយុក្រោម១២ឆ្នាំ ស្រ្តីមានផ្ទៃពោះ និងអ្នកដែលមាន ជំងឺខ្សោយបេះដូងឡើង ទៅលើរួតបាកាណ ពីព្រោះតែជណ្ដើរ មានរាងចោតខ្លាំង។