ទីក្រុងទាំង ១០ ដែលថ្លៃបំផុតសម្រាប់បើកការិយាល័យ!

សម្រាប់ការវិនិយោគក្រុមហ៊ុននីមួយៗ តែងតែគិតគូរយ៉ាងម៉ត់ចត់បំផុតទៅលើទីតាំងនៃការិយាល័យក្រុមហ៊ុនរបស់ខ្លួនដើម្បីបើកដំណើរការ ជាក់ស្ដែងសម្រាប់ទីតាំងមួយចំនួនដូចជានៅទីក្រុងហុងកុង ទីក្រុងឡុងដ៍ ទីក្រុងតូក្យូ និងទីក្រុងញ៉ូវយ៉ក សុទ្ធសឹងជាទីតាំងថ្លៃកប់ពពកសម្រាប់អចលនទ្រព្យការិយាល័យលំដាប់ខ្ពស់ ឬ Prime Office ហេតុដូចនេះមានតែការិយាល័យក្រុមហ៊ុនធំៗប៉ុណ្ណោះ ទើបអាចមានលទ្ធភាពបើកការិយាល័យនៅក្នុងទីក្រុងទាំងនោះបាន។ ហើយភាគច្រើនទីក្រុងទាំងនោះមាន Headquarter ឬការិយាល័យកណ្ដាលរបស់ក្រុមហ៊ុនច្រើន ព្រោះជាទីតាំងល្អបំផុតសម្រាប់ការិយាល័យរបស់គេ។ អញ្ចឹងដើម្បីបង្ករជាភាពងាយស្រួលដល់វិនិយោគិនដែលមានបំណងចង់វិនិយោគការិយាល័យកម្រិតខ្ពស់ ថ្ងៃនេះយើងនឹងមកស្គាល់ថា តើទីក្រុងណាខ្លះនៅលើពិភពលោក ដែលមានតម្លៃថ្លៃជាងគេសម្រាប់ការបើកការិយាល័យ? 

នេះគឺជារបាយការណ៍ដកស្រង់ Global Prime Office Occupancy Cost របស់ក្រុមហ៊ុនអលចនទ្រព្យអន្តរជាតិ CBRE នឹងបង្ហាញ ទីតាំងមានតម្លៃថ្លៃជាងគេក្នុងការបើកការិយាល័យកម្រិតខ្ពស់ ហើយគេរកឃើញទីតាំងទាំង ១០ ក្នុងនោះរួមមាន៖

  • ទីក្រុងហុងកុង 

ភូមិភាគកណ្ដាលទីក្រុងហុងកុង ឬគេហៅថាតំបន់រដ្ឋបាលពិសេសនៃប្រទេសចិន ទីក្រុងហុងកុង គឺជាទីតាំងនេះកន្លែងថ្លៃបំផុតសម្រាប់បើកការិយាល័យ Prime Office ដោយសារតែហុងកុងជាតំបន់ពាណិជ្ជកម្មធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិច។ ដូចដែលបានលើកឡើងជាច្រើនដងមកហើយថា តំបន់អាស៊ីប៉ាស៊ីហ្វិចនេះ គឺជាទីតាំងនេះក្បាលម៉ាស៊ីនសេដ្ឋកិច្ចធំៗនៃពិភពលោក ដូចនេះហើយទើបយើងឃើញសហរដ្ឋអាមេរិចកំពុងតែមានចម្បាំងសេដ្ឋកិច្ចជាមួយប្រទេសចិន, ប្រទេសចិនគៀបសង្កត់រដ្ឋបាលលើទីក្រុងហុងកុង, ប្រទេសជប៉ុនកំពុងមានចម្បាំងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង -ល-។ យ៉ាងណាក៏ដោយ ទីតាំងកណ្ដាលទីក្រុងហុងកុង នៅតែជាទីតាំងថ្លៃលំដាប់លេខ ១ លើពិភពលោកសម្រាប់ការបើកការិយាល័យ ដោយមានតម្លៃ ៣២២ ដុល្លារក្នុងមួយហ្វីតការ៉េ ប្រចាំឆ្នាំ។ 

ចំណែកឯតំបន់ថ្លៃបំផុតមួយចំនួនទៀតរួមមាន៖ 

  • ភាគខាងលិចនៃទីក្រុងឡុងដ៍: ត្រូវបានឈរនៅលំដាប់លេខ ២ ក្នុងការបើកការិយាល័យ ដោយវាគឺជាទីក្រុងស្ថេរភាពល្អបំផុតនៅអឺរ៉ុប មានតម្លៃ ២២២ ដុល្លារក្នុងមួយហ្វីតការ៉េ ប្រចាំឆ្នាំ។
  • តំបន់ Kowloon ទីក្រុងហុងកុង: ត្រូវបានគេចាត់ទុកជាទីតាំងពិសេសតម្លៃថ្លៃលំដាប់ទី ៣ នៅលើពិភពលោក ដោយការិយាល័យកម្រិតខ្ពស់ មានតម្លៃ ២០៨ ដុល្លារ/មួយហ្វីតការ៉េ ប្រចាំឆ្នាំ។
  • ទីក្រុងញ៉ូវយ៉ក: តំបន់ Midtown Manhattan គឺជាតំបន់ថ្លៃបំផុតនៅសហរដ្ឋអាមេរិច សម្រាប់បើកការិយាល័យ ឈរនៅលំដាប់លេខ ៤ ជុំវិញពិភពលោក ដែលមានតម្លៃ ១៩៦ ដុល្លារក្នុងមួយហ្វីតការ៉េ ប្រចាំឆ្នាំ។
  • ទីក្រុងប៉េកាំង: ប៉េកាំងត្រូវបានជាប់ក្នុងតារាងកំពូលទាំង ១០ នៃការបើកការិយាល័យ ២ កន្លែងគឺលេខ ៥ និងលេខ ៦ លើពិភពលោក។ ក្នុងនោះតំបន់រដ្ឋធានី Finance Street មានតម្លៃ ១៨៧ ដុល្លារ និងតម្លៃ CBD មានតម្លៃ ១៧៧ ដុល្លារ/ហ្វីតការ៉េ ប្រចាំឆ្នាំ។
  • ទីក្រុងញ៉ូវយ៉ក: តំបន់ Midtown-South Manhattan ឈរនៅលំដាប់លេខ ៧ ជុំវិញពិភពលោក ដែលមានតម្លៃ ១៦៩ ដុល្លារក្នុងមួយហ្វីតការ៉េ ប្រចាំឆ្នាំ។
  • ទីក្រុងតូក្យូ: តំបន់ Marunouchi ឬ Otemachi ស្ថិតនៅលំដាប់លេខ ៨ មានតម្លៃ ១៦៧ ដុល្លារក្នុងមួយហ្វីតការ៉េ ប្រចាំឆ្នាំ។
  • ទីក្រុង New Delhi: សម្រាប់ប្រទេសឥណ្ឌា រាជធានី New Delhi គឺជាទីតាំងអចលនទ្រព្យថ្លៃបំផុតប្រចាំប្រទេស និងថ្លៃលំដាប់ ៩ លើពិភពលោកសម្រាប់បើកការិយាល័យ ដោយក្នុងមួយហ្វីតការ៉េមានតម្លៃ ១៤៣ ដុល្លារប្រចាំឆ្នាំ។ 
  • រាជធានី នៃចក្រភពអង់គ្លេស: ជាថ្មីម្ដងទៀត ទីក្រុងឡុងដ៍ ជាទីក្រុងថ្លៃបំផុតមួយមិនថាតំបន់ណានោះទេ ពោលគឺទាំងមូលតែម្ដងសម្រាប់បើកការិយាល័យ Prime Office គឺមានតម្លៃ ១៣៩ ដុល្លារ/មួយហ្វីតការ៉េ ប្រចាំឆ្នាំ។

គូសបញ្ជាក់បន្ដិចថា សម្រាប់អចលនទ្រព្យការិយាល័យកម្រិតខ្ពស់ Prime Office ជុំវិញពិភពលោកគឺមានកំណើនឡើងតម្លៃជាមធ្យម ៣.៦% កាលពីត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ ហើយបើយោងតាម CBRE ការសាងសង់ការិយាល័យថ្មីមានកំណើនចាប់ពី ២-២.៤% ប្រចាំឆ្នាំ ចំណែកឯតំបន់អាស៊ីប៉ាស៊ីហ្វិច សំណង់ការិយាល័យ Prime Office សាងសង់ថ្មីៗបានធ្លាក់ចុះ ៣.៣% ខណៈតំបន់អឺរ៉ុប អាហ្វ្រិច និងមជ្ឈឹមបូព៌ាកើនឡើង ៣.៥% ចំណែកសហរដ្ឋអាមេរិចកើនឡើង ៣.៧%។ 

អញ្ចឹងទាំងនេះគឺជាអត្រាកំណើននៃការសាងសង់ អត្រាកំណើនតម្លៃ និងតម្លៃនៃតំបន់ទាំង ១០ ជុំវិញពិភពលោកដែលមានតម្លៃថ្លៃបំផុតសម្រាប់បើកការិយាល័យ ដែលវាងាយស្រួលដល់វិនិយោគិនទូទៅពិចារណាមុននឹងសម្រេចវិនិយោគនៅបរទេស។