ខេត្តបាត់ដំបង នឹងរៀបចំកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារ នៅចុងខែនេះ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល!


បាត់ដំបង៖ បើយោងតាម ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច អ៊ុំភីនីស្សារ៉ា បានឲ្យដឹងថា ខេត្តបាត់ដំបងនឹងរៀបចំ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារ នៅចុងខែនេះ ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានបន្តថា ការតាំងពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងអបអរខេត្តបាត់ដំបង ដែលទើបត្រូវបានចុះបញ្ជី ជាបណ្តាញទីក្រុងច្នៃប្រឌិត ផ្នែកម្ហូបអាហាររបស់ អង្គការយូណេស្កូ។

គូសសម្គាល់ដែរថា កម្មវិធីនឹងរៀបចំព្រឹត្តិការណ៍ធំៗដូចជា ភូមិម្ហូបខ្មែរ៖ ស្តង់អាហារ និងផលិតផល រួមទាំងពិព័រណ៍មុខម្ហូប ប្រចាំខេត្តបាត់ដំបង៖ ភូមិមួយ ផលិតផលមួយ ការសម្តែងសិល្បៈ ការប្រគុំតន្ត្រី និងបាញ់កាំជ្រួចជាដើម។

គួររម្លឹកផងថា ក្រុងបាត់ដំបងជាក្រុងមួយ ក្នុងចំណោមក្រុងចំនួន ៤៥ ដែលត្រូវបាន ចុះបញ្ជីជាបណ្តាញទីក្រុងច្នៃប្រឌិត ផ្នែកម្ហូបអាហារ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ។

រូបភាពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង