នេះគឺជាហាងលក់សៀវភៅទំនើប ដែលត្រូវបានតម្លើងថ្មី នៅលើអាគារខ្ពស់បំផុតលំដាប់ទីពីរនៅក្នុងពិភពលោក!

ក្រុមហ៊ុនស្ថាបត្យកម្មជនជាតិចិន Wutopia Lap ថ្មីៗនេះបានបញ្ចប់គម្រោង ហាងលក់សៀវភៅថ្មីមួយ នៅក្នុងអាគារខ្ពស់ជាងគេ លំដាប់លេខពីររបស់ពិភពលោក នោះគឺអាគារ Shanghai Tower។ 

 

បណ្ណល័យលក់សៀវភៅមួយនេះ មានឈ្មោះថា “Books over the cloud” អាចឲ្យអ្នកស្វែងរកសៀវភៅបានជាមួយនឹងបទពិសោធន៍ថ្មី ប្លែកអារម្មណ៍ ដោយហាងនេះ ក៏មានជម្រើសជាច្រើននៃការដាក់សៀវភៅតំរៀបទៅតាមប្រភេទរបស់វា និងផ្តល់នូវសោភណ័ភាព និងរបៀបរៀបរយផងដែរ។

 

ទៅលើអាគារ Shanghai Tower, លោកស្ថាបត្យករ Gensler បានសាងសង់វាឲ្យមានរចនាបថប្លែកភ្នែក និងទាក់ទាញ ព្រមទាំងបានកាត់បន្ថយសម្ពាធខ្យល់បានគួរសមក្នុងការរក្សាស្ថេរភាព នៅរយៈកម្ពស់ 632 ម៉ែត្រ (2,073 ហ្វីត)។ 

 

ដោយឡែកសម្រាប់ហាងសៀវភៅនេះ មានទីតាំងស្ថិតនៅចំកណ្តាលអាគារដែលមានកំពស់ប្រមាណ 239 ម៉ែត្រ (784 ហ្វីត) និងអាចចូលទៅកាន់ហាងនេះបាន តាមរយៈជណ្តើរយន្តទំនើប មានល្បឿនលឿនរហូតដល់ (64 គីឡូម៉ែតក្នុងមួយម៉ោង) ផងដែរ។

 

 

ទីតាំងសៀវភៅដែលមាន នៅក្នុងបណ្ណាល័យខ្ពស់ជាងគេបំផុតនេះ មានទំហំប្រមាណ 2,200 ម៉ែត្រការ៉េ និងមានសៀវភៅខ្ទង់ 60,000 ក្បាល ឯណោះ។ 

 

លើសពីនេះវាក៏មានបន្ទប់សម្រាប់អង្គុយអាន (Lecture Room) បន្ទប់តាំងបង្ហាញផ្សេងៗ ហាងកាហ្វេ និងកន្លែងលក់កាហ្វេតូចៗផ្សេងទៀតដាច់ដោយឡែក ជាមួយនឹងអាហារសម្រន់ស្រាលៗ បន្ទប់សិក្សាចំនួនពីរ និងមានផ្តល់ជូននូវកន្លែងអង្គុយ អានសៀវភៅជាច្រើនកន្លែង សុទ្ធសឹងតែដេគ័រ មកបានយ៉ាងមានរបៀបរៀបរយ និងទាក់ទាញ។

 

ការរចនាផ្នែកខាងក្នុង គឺរួមបញ្ចូលរចនាបថបែបធម្មជាតិ និងសម័យទំនើប និងមានធ្នើដាក់សៀវភៅធំៗពណ៌ស តំណាងឲ្យភ្នំ សម្រាប់ឆ្លុះបញ្ចាំងជាមួយនឹងផ្នែកបៃតងស្រស់ចំនួនពីរ តំណាងឲ្យទីធ្លារសួនច្បារធម្មជាតិ ព្រមទាំងផ្តល់កន្លែងអង្គុយស្អាតៗ នៅតាមបរិវេណផើងដាំដើមឈើធំៗ។

 

មិនតែប៉ុណ្ណោះ ក៏មានកន្លែងអង្គុយ ដែលមានរាងជាកន្លះរង្វង់បានបង្កើតឡើងច្រើននៅទីនេះ ផងដែរ ជាប់នឹងបង្អួច Panoramic ដែលអាចឲ្យភ្ញៀវចូលមកកាន់ទីនេះ អានសៀវភៅបណ្តើរ និងអាចគយគន់ទេសភាពដ៏ស្រស់ស្អាត នៃទីក្រុងសៀងហៃបណ្តើ បានទៀតផង។

 

ម្ចាស់ហាងសៀវភៅនេះបានបញ្ជាក់ថា ក្នុងការសាងសង់និងរៀបចំហាង “Books over the clouds” មានកម្មករ 100 នាក់ធ្វើការរយៈពេល 60 ថ្ងៃ សម្រេចបានផ្ទាំងគំនូរដេគ័រផ្សេងៗបាន 300 សន្លឹក។ ក្រៅពីនេះ មនុស្ស 150 នាក់ចំណាយពេល 15 ថ្ងៃដើម្បីដឹកធ្នើសៀវភៅ 260 តោនឡើងទៅលើអាគារ ក្នុងកម្ពស់ 239 ម៉ែត្រ និងចំណាយពេល 10 ថ្ងៃបន្ថែមទៀតដើម្បីតម្លើងធ្នើទាំងនោះ។ បន្ទាប់មកទៀត អ្នកធ្វើការនៅក្នុងហាង ចំនួន 35 នាក់បានចំណាយពេល 4 ថ្ងៃបន្ថែមទៀត នៅក្នុងការរៀបសៀវភៅ 60,000 ក្បាលដាក់នៅលើធ្នើទៅតាមប្រភេទ និងផ្នែករបស់វា ព្រមទាំងផលិតផលផ្សេងៗចំនួន 2,000 ប្រភេទទៀត ទៅផ្នែកមួយផ្សេងទៀត និងធ្វើការរៀបចំហាងទាំងមូល ចំណាយពេលប្រមាណ 6 ថ្ងៃទៀត។

 

ហាងលក់សៀវភៅ “Books over the clouds” ត្រូវបានបញ្ចប់រួចរាល់នៅក្នុងដើមខែនេះ។ គម្រោងមួយនេះត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន “Shanghai Century Publishing” និងបានក្លាយជាហាងលក់សៀវភៅ លំដាប់លេខមួយ និងទំនើបបំផុតនៅក្នុង Douyun Books។

 

នេះអាចបង្ហាញឲ្យឃើញថា ទីក្រុងសៀងហៃរបស់ចិនមួយនេះ មិនត្រឹមតែមានការរីកចម្រើនទៅលើសេដ្ឋកិច្ច បច្ចេកវិទ្យា ទេសចរណ៍ ស្ថាបត្យកម្ម និងជាច្រើនផ្សេងទៀតនោះទេ ប៉ុន្តែក៏កំពុងតែព្យាយាមបង្កើន ចំណេះដឹងផ្នែកធនធានមនុស្សបន្តទៀត តាមរយៈបណ្ណាល័យជាច្រើន ជាពិសេសគឺហាងលក់សៀវភៅមួយនេះ ដែលបានតម្លើងនៅលើអាគារ ដែលខ្ពស់ជាងគេបំផុតលំដាប់លេខពីរ នៅក្នុងពិភពលោក វាអាចនឹងទាក់ទាញមនុស្សបានច្រើន ក្នុងការចូលទៅជាវសៀវភៅ និងអាចអង្គុយអានបាន នៅក្នុងបរិយាកាសដែលបានរៀបចំ យ៉ាងល្អបំផុតជាមួយនឹង ការទេសភាពដ៏ស្រស់ស្អាតរបស់ទីក្រុង ដែលអាចមើលបានពីលើអាគារនេះផងដែរ។

 

ប្រភពមកពីhttps://newatlas.com/architecture/books-over-clouds-wutopia-lab/