សណ្ឋាគារប្រណិតថ្នាក់ផ្កាយ ៥ ត្រៀមចាប់កំណើតនៅក្រុងព្រះសីហនុ ក្រោមទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ

បើទោះបីជាស្ថានភាពផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្រុងព្រះសីហនុ មានសមភាពទ្រុឌទ្រោម នឹងតម្រូវឲ្យមានការជួសជុលឡើងវិញ ដើម្បីស្ដាមុខមាត់ក្រុងជាប់មាត់សមុទ្រនេះឡើងវិញ ក៏ដោយ តែបើយើងមើលទៅលើវិស័យសំណង់ឃើញថា នៅមិនទាន់ស្ងប់ទៅវិញនៅឡើយទេ គឺនៅតែបន្តកើនឡើងឥតឈប់ឈរ។ ជាក់ស្ដែង សណ្ឋាគារប្រណិតលំដាប់ថ្នាក់ផ្កាយ ៥ ចំនួួន ២ ផ្សេងទៀត គ្រោងនឹងចាប់កំណើតនៅក្រុងព្រះសីហនុ ស្របពេលកំណើនភ្ញៀវទេសចរណ៍កាន់តែមានការកើនឡើងជាងឆ្នាំមុន គិតមកត្រឹមតែ ៧ ខែនៃឆ្នាំ ២០១៩ នេះ។

យោងតាមប្រភពព័ត៌មានក្នុងស្រុកបានចុះផ្សាយឲ្យដឹងថា សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ ៥ ចំនួន ២ ផ្សេងទៀត ត្រៀមនឹងចាប់កំណើតនៅក្រុងព្រះសីហនុ ដោយក្នុងនោះរួមមាន៖

ទី១ សណ្ឋាគារប្រណិតលំដាប់ថ្នាក់ផ្កាយប្រាំអភិវឌ្ឍឡើងដោយក្រុមហ៊ុន HAI GANG GRAND HOTEL CO., LTD មានរហូតដល់ទៅ ៥០០ បន្ទប់ មានទីតាំងស្ថិតនៅភូមិ ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលអាចបង្កើតកន្លែងការងារបានជាង ៩៨០ កន្លែង ស្ថិតក្នុងរង្វង់ទឹកប្រាក់វិនិយោគប្រមាណជា ១៥៣ លានដុល្លារអាមេរិក។

ទី២ គម្រោងសណ្ឋាគារប្រណិតលំដាប់ថ្នាក់ផ្កាយ ៥ ដូចគ្នា ដែលស្ថិតនៅក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន XIGANG V-CONTINENT INTERNATIONAL IVESTMENT CO., LTD មានរហូតដល់ទៅ ១១១១ បន្ទប់ កាន់តែធំ និងចំនាយកាន់តែច្រើន ស្ថិតក្នុងកញ្ចប់ទឹកប្រាក់វិនិយោគប្រមាណជា ២២៦ លានដុល្លារ មានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលអាចបង្កើតកន្លែងការងារបានប្រមាណជា ១៦៦០ កន្លែង។

ការបោះប្រាក់វិនិយោគធំៗខ្នាតយក្សបែបនេះ បានកំពុងញ់ាំងឲ្យសេដ្ឋកិច្ចខេត្តទាំងមូលស្ទុះឡើយ តែវាក៏បានជះផលប៉ះពាល់ទៅដល់ទីផ្សារផលិតផល ដែលមានការឡើងថ្លៃ រួមជាមួយនឹងការធ្លាក់ចុះភ្ញៀវទេសចរណ៍ជាតិបន្តិច បើធៀបទៅនឹងឆ្នាំ ២០១៨ កន្លងទៅ។ សម្រាប់បច្ចុប្បន្នភាពនៃសណ្ឋាគារគ្រប់កម្រិតមិនថាតូចធំ នៅក្រុងព្រះសីហនុមានចំនួនរហូតដល់ទៅ ៩៣ ទីតាំង ឬស្មើនឹងជាង ៧,០០០ បន្ទប់ បានកំពុងបំរើសេវាកម្មភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិរាល់ថ្ងៃ និងត្រៀមនឹងកើនឡើងបន្ថែមទៀត នៅពេលគម្រោងថ្មីៗត្រូវបានអនុម័តដោយរដ្ឋាភិបាល។

 

ប្រភពមកពីCDC