តំបន់កោះ Belitung អាចចាត់ទុកថាជាកន្លែងកម្សាន្តធម្មជាតិដ៏ស្រស់ស្អាតរបស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីកោះបាលី!

បន្ទាប់ពីកោះ Bali ដ៏ល្បីល្បាញមក តំបន់កោះ Belitung របស់ឥណ្ឌូនេស៊ីមួយនេះ ត្រូវបានចាត់ទុកជាតំបន់កម្សាន្តបែបធម្មជាតិដ៏ស្រស់ស្អាត និងត្រូវបានភ្ញៀវទេសចរជាច្រើន មកទស្សនាលំហែកាយ ព្រមទាំងបានជាប់ក្នុង Hashtags របស់ Instagram ជាកន្លែងសម្រាកលំហែកាយដ៏ល្អផងដែរ។


បើសិនជាចង់ធ្វើដំណើរមកកាន់កោះ Belitung មួយនេះ តម្រូវឲ្យធ្វើការជិះយន្តហោះមកពីទីក្រុងហ្សាកាតា មកកាន់ព្រលានយន្តហោះ Bangka’s Pangkalpinang ដែលនៅជាប់នឹងកោះតែម្តង និងចំណាយពេលក្នុងការហោះហើរប្រមាណ 50 នាទីប៉ុណ្ណោះ។ បន្ទាប់ពីនេះមក អ្នកនឹងត្រូវចំណាយពេល 1 ម៉ោងទៀតសម្រាប់ធ្វើដំណើរពីព្រលានទៅកាន់កោះ Belitung។ បើសិនជាអ្នកចង់ទៅកម្សាន្តនៅកន្លែងធម្មជាតិដ៏ស្រស់ស្អាតនៅលើបាលី ប៉ុន្តែធុញទ្រាន់នឹងការកកស្ទះច្រើននោះ កោះ Belitung គឺជាកន្លែងដែលអ្នកអាចពិចារណាបាន។

ភ្ញៀវទេសចរជាច្រើនមកពីបណ្តាប្រទេសនានា បានមកដល់កោះនេះ មានទាំងជាលក្ខណៈគូស្នេហ៍ គ្រួសារ និងមិត្តភក្រ័្ត បង្កើតជាភាពផ្អែមល្អែម និងអនុស្សាវរីយជាច្រើន និងថតរូប Post ចូលទៅក្នុង Instagram ផងដែរ ដែលធ្វើឲ្យទីនេះ ទទួលបានចំនួន Hashtags ច្រើនខ្លាំង នៅក្នុងរដូវកាលវិស្សមកាល។

ទាំងនេះគឺជាកន្លែងដ៏ទាក់ទាញបំផុតនៅលើកោះ Belitung ព្រមទាំងជាកន្លែងដ៏ពេញនិយមដែលមានគេ Post ច្រើននៅលើ Instagram ផងដែរ។

1. Danua Kaolin (Kaolin Lake)


វាជាបឹងដែលមានផ្ទៃទឹកពណ៌ខៀវថ្លាបែបគ្រីស្តាល់យ៉ាងស្រស់ស្អាត ដែលប្រជាជននៅទីនេះហៅវាថាជា “បឹងខៀវ Belitung” ទៀតផង។ បើតាមរបាយការណ៍ពីដើមមកបានឲ្យដឹងថា វាគឺជាអតីតតំបន់រ៉ែ Kaolinite ចាស់ដែលត្រូវបានគេបោះបង់ចោល ដែលរ៉ែនេះ ត្រូវបានគេប្រើសម្រាប់ផលិតឱសថ សេរ៉ាមិច និងថ្នាំដុសធ្មេញ។ បឹង Kaolin គឺជាបឹងដ៏ស្រស់ស្អាត មានភាពស្ងប់ស្ងាត់ សាកសមជាកន្លែងសម្រាប់លំហែបែបធម្មជាតិ ព្រមទាំងផ្តល់ទេសភាពដ៏ស្រស់ស្អាត។

2. Kalapa Kampit open pit site


វាក៏ជាអតីតអណ្តូងរ៉ែដែលត្រូវបានគេបោះបង់ចោលដូចគ្នា រហូតមកដល់បច្ចុប្បន្ន វាបានក្លាយខ្លួនជារណ្តៅបឹងដ៏ស្រស់ស្អាត មានជម្រៅ 30 – 50 ម៉ែត្រ និងត្រូវគេឲ្យឈ្មោះថា Kelapa Kampit។ អ្នកអាចស្រមៃគិតអំពីការអង្គុយនៅលើកំពូលនៃរណ្ដៅចំហរ និងជជែកគ្នាលេង និងអាច ក្រឡេកមើលបឹងដ៏ស្រស់បំព្រងជាមួយនឹងដី និងរុក្ខជាតិជុំវិញខ្លួនបង្កើតរូបភាពស្រឡូនខៀវបៃតង និងពណ៌ត្នោតដ៏អស្ចារ្យ។ ទេសភាពដ៏ពិសេសរបស់ទីនេះ មិនថាអ្នកថតរូប នៅប៉ែកខាងមុំណាទេ ការបង្ហោះតាម Instagram របស់អ្នក នឹងមានភាពល្អប្លែក និងទាក់ទាញជាមិនខាន។

3. Lighthouse Panorama


តើទេសភាពនៅទីនេះ មានអ្វីល្អ និងអស្ចារ្យម៉្តេចខ្លះទៅ? អ្នកអាចធ្វើការស្វែងយល់ដោយខ្លួនឯងជាមួយនឹង Lighthouse មួយនេះ ដែលមានកម្ពស់ដល់ទៅ 50 ម៉ែត្រ សាងសង់នៅក្នុងឆ្នាំ 1882 ដោយអាណានិគមហូឡង់មកលើឥណ្ឌូនេស៊ី នៅលើកោះ Lengkuas។ បើអ្នកនៅលើកំពូលរបស់ Lighthouse មួយនេះ អ្នកនឹងបានឃើញទេសភាពដ៏មិនអាចកាត់ថ្លៃបាន នៃកោះ Belitung ទាំងផ្នែកទឹកហូរ វាលទេសភាព និងដើមឈើ ឬស្មៅបៃតង។ អ្នកដំណើរអាចធ្វើការបោះតង់សម្រាកនៅទីនេះ ព្រមទាំងអាចមើលផ្កាយជាច្រើននៅពេលយប់ទៀតផង។

4. Batu Garuda Island


កោះ Batu Garuda របស់ Belitung បង្ហាញពីទ្រង់ទ្រាយថ្មក្រានីត​ ដែលបានអភិវឌ្ឍក្នុងរយៈពេលជាច្រើនឆ្នាំ។ ថ្មយក្សធំៗ ជាមួយគ្នាដោយធម្មជាតិ បង្កើតបានជារូបភាពស្រស់ស្អាត។ ទោះយ៉ាងណាអ្នកក៏អាចរុករកនិងដើរលេង សមុទ្រ នៅក្បែរនោះបាន មិនថាដោយជិះស្គី snorkeling​ ឬគ្រាន់តែជិះទូកលេងកំសាន្តក៏បាន។

5. សារមន្ទីរ Andrea Hirata


សារមន្ទីរនេះ រៀបចំឡើងដោយអ្នកនិពន្ធសញ្ជាតិឥណ្ឌូនេស៊ី Andrea Hirata ដែលជាអ្នកសរសេរ ប្រលោមលោកដ៏ពេញនិយម The Rainbow Troops។  សារមន្ទីរនេះបង្ហាញពីការប្រមូលសៀវភៅមួយចំនួនរបស់គាត់ រួមជាមួយវត្ថុអនុស្សាវរីយ៍ផ្ទាល់ខ្លួនខ្លះផងដែរ។ វាត្រូវបានរចនានិងតុបតែងតាមរបៀបចម្រុះពណ៌ ដែលជាកន្លែងគួរជាទីពេញចិត្ត សម្រាប់អ្នកដែលចូលចិត្តអានសៀវភៅ។

ក្រៅពីនេះ នៅក្នុងទីក្រុង Manggar នៃតំបន់កោះ Belitung ក្នុងចំណោមហាងកាហ្វេជាច្រើន មានហាងកាហ្វេមួយចាត់ទុក និងត្រូវបានគេទទួលស្គាល់ថាល្អបំផុត។ ហាងកាហ្វេ Warung Kopi Anoi បានចាប់ផ្តើមបើក តាំងពីឆ្នាំ 1982 មកម៉្លេះ ដោយវាមានលក់កាហ្វេជាច្រើនប្រភេទ ដូចជាកាហ្វេទឹកដោះគោ ដែលមានជាតិកាហ្វេអ៊ីន ឬកាហ្វេខ្មៅឥណ្ឌូនេស៊ី។ ហាងមួយនេះ លក់ដាច់ណាស់ ដែលភ្ញៀវទេសចរជាច្រើន តែងតែមកទិញកាហ្វេនៅទីនេះ មុននឹងបន្តដំណើរទៅកម្សាន្តកន្លែងផ្សេងៗទៀត នៅក្នុងតំបន់កោះ Belitung។

អញ្ចឹងអស់បារម្ភហើយ សម្រាប់អ្នកដែលមានបំណងចង់ទៅលេងតំបន់ធម្មជាតិស្រស់ស្អាត បែបស្ងប់ស្ងាត់។ តំបន់កោះ Belitung អាចចាត់ថាជាកន្លែងដ៏ល្អមួយនៃជម្រើសរបស់អ្នក បន្ទាប់ពីបាលី ហើយបើបានចូលដល់ឥណ្ឌូនេស៊ីហើយ មកលេងនៅ Belitung ហើយចាំបន្តទៅបាលីទៀត ក៏កាន់តែល្អដែរ។

ប្រភពមកពីhttps://www.thejakartapost.com/adv/2019/09/20/instagrammable-holiday-spots-in-belitung.html