អាគាររាងផ្អៀងកោងនេះ ត្រូវបានគេស្គាល់ថា “Capital Gate” នៃទៅក្រុង Abu Dhabi របស់ United Arab Emirates!

អាគារខ្ពស់កប់ពពក ដែលមានរាងកោងបន្តិចនេះ មានឈ្មោះថា “Capital Gate”។ វាស្ថិតនៅតាមបណ្តោយផ្លូវ Khaleej Al Arabi នៅជាប់នឹងមជ្ឈមណ្ឌលពិព័រណ៍ជាតិ Abu Dhabi។ អ្នកត្រូវចំណាយពេលប្រមាណ 15 នាទីដើម្បីធ្វើដំណើរពីព្រលានយន្តហោះ និងមានរយៈចម្ងាយប្រមាណ 9 Miles ពីទីក្រុង Corniche និង Qsar Al Watan របស់ United Arab Emirates។ វាមានផ្ទៃដី 16,000 បួនជ្រុង ពោពេញទៅដោយការិយាល័យទំនើបៗជាច្រើន និងជាសណ្ឋាគារកម្រិតផ្កាយប្រាំ Hyatt។ ក្នុងនោះក៏មានអាងហែលទឹក ភោជនីយដ្ឋាន និងកន្លែងញ៉ាំតែដែលមិនធ្លាប់មានពីមុនមក (Tea Lounge)។

Capital Gate មានរយៈកម្ពស់ 160 ម៉ែត្រ (525 feet) ខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុង Abu Dhabi និងមានចំនួន 35 ជាន់។ ការងារចាប់ផ្តើមសាងសង់វាឡើងមកនេះ គឺនៅឆ្នាំ 2007 និងត្រូវបានបញ្ចប់រួចរាល់នៅក្នុងឆ្នាំ 2011 ហើយវាក៏ត្រូវបានសាងសង់ឡើង ដោយក្រុមស្ថាបត្យករ RMJM ដ៏ល្បីផងដែរ។ អាគារនេះមិនត្រូវបានកសាងដោយខុសបច្ចេកទេស ឬមានបញ្ហាអ្វីនោះទេ ប៉ុន្តែវាត្រូវបាន កោងផ្អៀង ដោយសារទំនាញផែនដី និងអន្តរកម្មផ្សេងៗមួយចំនួនទៀត។ 

Capital Gate ត្រូវបានសាងសង់ដោយប្រើបេតុងចំនួន 15,000 ម៉ែត្រគូប និងត្រូវបានពង្រឹងជាមួយនឹងដែកថែប ប្រមាណ 10,000 តោន និងបង្កើតឲ្យមានទំនោរបន្តិចនៅក្នុងទិសដៅផ្ទុយគ្នា ដើម្បីបានចេញជារចនាបទរាងផ្អៀងបែបនេះ។ នៅពេលដែលអាគារ កើនឡើងទម្ងន់ទៅ វានឹងត្រូវបានទាញចេញ និងបង្រួមបន្តិចម្តងៗ ទៅក្នុងទីតាំងបញ្ឈរ ជួយទ្រទ្រង់អាគារខ្ពស់នេះ។

អាគារ Capital Gate ស្ថិតនៅលើគ្រឹះមួយមានអង្កត់ផ្ចិត 1 ម៉ែត្រ (3 ហ្វីត 3 អ៊ីញ) និងមានជម្រៅចាក់ទៅក្រោមដីប្រមាណ 30 ម៉ែត្រ (89 ហ្វីត) ដែលផ្តល់ស្ថេរភាពគ្រប់គ្រាន់ក្នុងការប្រឆាំងទំនាញ និងបង្កើតបានជាទំនោរផ្អៀងនេះឡើង។ វាមានទំនោរ 18 ដឺក្រេទៅផ្នែកខាងលិច និងជាអាគារមួយ ដែលសឹងតែគេ មិនជឿថាមានវត្តមានពិតប្រាកដ នៅក្នុងពិភពលោករបស់យើងឡើយ។ លក្ខណៈពិសេសដែលគួរឲ្យកត់សម្គាល់នោះ គឺផ្នែកខាងក្រៅនៃអាគារគឺជាដែកថែប ដែលដូចនឹងបានឆ្លាក់ជាប់ ហើយលូតទៅខាងមុខតែម្តង សឹងតែជាប់នឹងដីទៅហើយ ដែលវាប្រៀបបានដូចទៅនឹងខែលការពារពីកម្តៅព្រះអាទិត្យអញ្ចឹងដែរ ធ្វើឲ្យអាគារនេះ មានភាពត្រជាក់ល្អ នៅផ្នែកខាងក្នុង។

 

បន្ទាប់ពីបានស្គាល់ និងយល់ពីអាគារ Capital Gate មួយនេះហើយ? តើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍យ៉ាងណាដែរ ទៅលើសំណង់អាគារដ៏ប្លែកមួយនេះ? អាចបញ្ចេញយោបល់របស់អ្នកនៅពីក្រោមអត្ថបទនេះបាន!! ហ្នឹងហើយបើសិនជាអ្នកបានទៅដល់ទីក្រុង Abu Dhabi នេះមែន កុំភ្លេចទៅទស្សនាអាគារមួយនេះផង ដើម្បីបានឃើញជាក់ស្តែងថា វាពិតជាទាក់ទាញ ដូចដែលយើងបានដឹងមែនអត់?

 

ប្រភពមកពីhttps://www.atlasobscura.com/places/capital-gate?fbclid=IwAR28YnZa-UptPwfYrg-UWtIXkdsE0Nk3cmum5HRiRDCVFFCYlbmIAYkj57A