ស្ពានកាត់ដៃព្រែកកំពតថ្មី និងផ្លូវបេតុង ៧៦០ ម៉ែត្រ ក្នុងសង្កាត់ត្រើយកោះ នឹងចាប់ផ្ដើមសាងសង់ឡើងវិញនៅដើមឆ្នាំ ២០២០!

ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់ត្រើយកោះ ខេត្តកំពត ជុំវិញបញ្ហាធ្វើដំណើរដែលកន្លងមកមានផលវិបាក ដោយសារតែផ្លូវត្រូវទទួលការខូចខាតច្រើន និងស្ពានឆ្លងកាត់ដៃព្រែកកំពតថ្មី ស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមទៀតនោះ អជ្ញាធរខេត្តកំពត ដែលបានដឹកនាំដោយលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំអង្គប្រជុំមួយ ដើម្បីពិភាក្សាផ្ដល់យោបល់ដោយចូលរួមពីសំណាក់មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងអជ្ញាធរក្រុងសង្កាត់ទាំង ៥ នៃក្រុងកំពត ជុំវិញបញ្ហាដែលកើតមាន នឹងដំណោះស្រាយនៃការស្ថាបនាផ្លូវឡើងវិញ រួមទាំងចុះត្រួតពិនិត្យស្ពានចាស់ ដើម្បីត្រៀមសាងសង់នូវស្ពានថ្មីនៅចុងឆ្នាំ ២០១៩ និងដើមឆ្នាំ ២០២០ ខាងមុខនេះផងដែរ។

បន្ទាប់ពីបានចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែងមក គណៈកម្មាភិបាលខេត្ត បានត្រៀមនឹងបិទការប្រើប្រាស់ស្ពានឆ្លងកាត់ដៃព្រែក ក្នុងសង្កាត់ត្រើយកោះនេះមួយរយៈសិន ព្រោះគ្រឹះមានសភាពចាស់ទ្រុឌទ្រោមទៅហើយ មិនអាចឲ្យរថយន្ដដឹកទំនិញធំៗអាចឆ្លងកាត់បានទៀតនោះទេ។ ស្ពានឆ្លងកាត់ដៃព្រែកនេះ មានអាយុកាលច្រើនឆ្នាំមកហើយ ដោយវាត្រូវបានសាងសង់ជាស្ពានដែកបាឡេ និងជាផ្លូវដ៏សំខាន់មួយសម្រាប់ប្រជាជនឆ្លងកាត់ ក៏ដូចជារថយន្ដដឹកទំនិញតូចធំ បើកបរកាត់តាមស្ពាននេះផងដែរ។ ដូចនេះទើប អជ្ញាធរខេត្តកំពតសម្រេចគម្រោងសាងសង់ស្ពានថ្មី ជាស្ពានប្រភេទដែកបាឡេ អាចឲ្យរថយន្ដធំបើកបរកាត់កាន់តែងាយស្រួល នឹងមានទំហំទទឹង ១០ ម៉ែត្រ បណ្ដោយ ៧៥ ម៉ែត្រ ដែលប្រើប្រាស់ថវិការរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ហើយចាប់ផ្ដើមបើកការដ្ឋាននៅចុងឆ្នាំ ២០១៩ ខាងមុខនេះហើយ។ 

លើសពីនេះទៀត ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនដែលរស់នៅសងខាងនៃស្ពាន ក្នុងសង្កាត់ត្រើយកោះនេះដែរ អភិបាលខេត្តក៏ស្ថាបនាផ្លូវបេតុង ប្រវែង ៧៦០ ម៉ែត្រកាត់ក្នុងសង្កាត់អណ្ដូងខ្មែរ និងសង្កាត់ត្រើយកោះក្រុងកំពត នៃសងខាងនៃស្ពានផងដែរ ដោយវាមានទំហំទទឹង ១០ ម៉ែត្រ អាចឲ្យប្រជាពលរដ្ឋក្នុងតំបន់ងាយស្រួលធ្វើដំណើរ ព្រមទាំងអាចចរាចរដល់រថយន្ដដឹកទំនិញឆ្លងកាត់បាន ដើម្បីពង្រឹងនូវសេដ្ឋកិច្ចខេត្តកំពតផងដែរ ស្របពេលដែលខេត្តកំពតស្ថិតនៅក្នុងទិសដៅទេសចរណ៍ដ៏ធំមួយក្នុងប្រទេសកម្ពុជា។

ប្រភពមកពីក្រសួងសាធារណការ និងដឹកជញ្ជូន