ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សឥណ្ឌូនេស៊ី ចាប់ដៃគូជាមួយចិន សាងសង់លំនៅដ្ឋាន និងអគារ តម្លៃជាង ៣៥០ លានដុល្លារ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយនៅឥណ្ឌូនេស៊ី មានឈ្មោះហៅជាផ្លូវការថា PT Bakrieland Development បានចេញសេចក្ដីប្រកាសជាសាធារណៈមួយ ដែលបង្ហាញអំពីចក្ខុវិស័យនាថ្ងៃអនាកតឆាប់ៗខាងមុខនេះ ក្រោមកិច្ចសហការណ៍ជាមួយនឹងក្រុមហ៊ុន ចិនក្នុងការបង្កើតឲ្យចេញជាសំណង់ សម្រាប់ការរស់នៅប្រចាំថ្ងៃ និងសម្រាប់ពាណិជ្ជកម្ម មានទីតាំងស្ថិតនៅក្នុងទឹកដីនៃទីក្រុង ហ្សាហ្គាតារបស់ឥណ្ឌូនេស៊ីផ្ទាល់តែម្ដង។ 

អគ្គនាយកក្រុមហ៊ុន PT BAKRIELAND DEVELOPMENT លោក  Ambono Janurianto បានឲ្យដឹងថា ក្រុមហ៊ុនខ្នាតយក្សរបស់លោក នៅមិនទាន់បង្ហាញជាផ្លូវការអំពីទំហំនៃគម្រោងនេះឡើយ តែក្រុមហ៊ុនផ្ទាល់នឹងសាងសង់ឡើងលើផ្ទៃដីធំជាង ១០ ហាច់តា ស្មើនឹងទំហំដីប្រហាក់ប្រហែលនឹងតារាងលេងបាល់ទាត់ ១០ បញ្ចូលគ្នាតែមួយ។ គម្រោងសាងសង់ខ្នាតយក្ស ដែលនឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធជូនឥណ្ឌូនេស៊ី នៅក្នុងទីក្រុងហ្សាហ្គាតាមួយនេះ រួមបញ្ចូលផងដែរនូវការសាងសង់ផ្ទះល្វែង ជាប្រភេទ Shop House សម្រាប់ប្រកបអាជីវកម្ម ផ្សារទំនើបអន្តរជាតិ សណ្ឋាគារអន្តរជាតិ មជ្ឈមណ្ឌល និងសាលមហោស្របជាអាទិ៍ ខណៈសន្ទុះនៃតម្រូវការទីផ្សារសំណង់អគារបែបនេះ នៅមានកម្រិតខ្ពស់នៅឡើងក្នុងទីក្រុង។

លោកអគ្គនាយក Ambono បានបន្តឲ្យដឹងទៀតផងដែរថា គម្រោងនេះបើស្ថិតក្នុងរូបភាពជាការរួមកិច្ចសហប្រតិបត្តិការបែប Joint Venture ក្រុមហ៊ុន PT Bakrieland នឹងធ្វើការបោះដើមទុនចំនួន ៣០% ស្របពេលក្រុមហ៊ុនជាដៃគូ ដែលជាក្រុមហ៊ុនចិន នឹងត្រូវធ្វើការផ្គត់ផ្គង់នូវគ្រឿងបរិក្ខាសព្វគ្រប់បែបយ៉ាង រួមបញ្ចូផងដែរនូវការចំនាយផ្សេងៗ វិស្វករ ការសាងសង់ ប្រាក់កម្រៃជើងសារ និងគ្រឿងបរិក្ខាផ្សេងៗទៀត។ ការបោះដើមទុនធំរបស់ក្រុមហ៊ុន PT Bakerialand Development ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មហាសេដ្ឋីលុយរាប់ពាន់លានដុល្លារនេះ នឹងផ្ដល់តែដី ប៉ុណ្ណោះសម្រាប់គម្រោង ដែល ការធ្វើបែបនេះ នឹងបើកផ្លូវឲ្យចិននាំចូលផលិតផលចូលទៅឥណ្ឌូនេស៊ីបានកាន់តែច្រើនថែមមួយកម្រិតទៀត ស្របតាមគោលនយោបាយរបស់លោកប្រធានាធិបតី Widodohas ទៅលើការទាក់ទាញវិនិយោគិនបរទេសឲ្យប្រដាក់ទុននៅឥណ្ឌូនេស៊ីឲ្យបានកាន់តែច្រើន។

គម្រោងវិនិយោគ មានតម្លៃជាង ៣៥០ លានដុល្លារអាមេរិកមួយនេះ មិនត្រឹមតែដើរតាមគោលនយោបាយរបស់រដ្ឋាភិបាលនោះទេ វាក៏ជួយទៅដល់សេដ្ឋកិច្ចជាតិ និងពង្រីកប្រព័ន្ធហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ីជាមួយចិន កាន់តែស្អិតរមួតថែមមួយកម្រិតទៀត ពាក់ព័ន្ធនឹងការវិនិយោគខ្នាតអន្តរជាតិបែបនេះ។ ក្នុងនោះ យោងតាមរបាយការណ៍របស់ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីបង្ហាញថា ឆ្នាំនេះសេដ្ឋកិ្ច្ចជាតិទាំងមូលនឹងកើនឡើងបាន ៥% ដោយក្នុងនោះ ចិនគឺជាវិនិយោគិនធំជាងគេលេខរៀងទី៣ ដែលមានវត្តមាននៅឥណ្ឌូនេស៊ី និងលេខ២ បានទៅលើជប៉ុន និងលេខ១ គឺសិង្ហបុរី ដែលបានបោះទុនបានច្រើនជាងគេសម្រាប់វិនិយោគ។

ប្រភពមកពីSCMP