យ៉ាងហោច ៥៧នាក់ ស្លាប់ និង ១៨,០០០ នាក់ផ្សេងទៀតបញ្ជូនទៅពេទ្យ ដោយការវាយប្រហារពីរលកកម្ដៅនៅជប៉ុន

រលកកម្ដៅឆ្នាំ ២០១៩ នេះ សង្កេតឃើញថា បានវាយប្រហារនៅតាមបណ្ដាប្រទេស តាមទីក្រុង និងតំបន់សំខាន់ៗជាច្រើនពាសពេញពិភពលោក ដោយតំបន់ខ្លះ ទទួលរងផលប៉ះពាល់ខ្លាំង ខ្លះតិចតួចជាដើម ដោយក្នុងនោះរួមមានជប៉ុនផងដែរ។ ការវាយប្រហារដោយរលកកម្ដៅនេះ ត្រូវបានឲ្យដឹងថា បានសម្លាប់មនុស្សយ៉ាងតិច ៥៧ នាក់ និង ១៨,០០០ នាក់ផ្សេងទៀត បានបញ្ជូនទៅមន្ទីពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ប្រភពព័ត៌មានក្នុងស្រុករបស់ជប៉ុនបានចេញផ្សាយឲ្យដឹងថា មានប្រជាជនយ៉ាងតិច ១៨,៣៤៧ នាក់ បានរងគ្រោះពីរលកកម្ដៅមួយនេះ ដោយបានបញ្ជូនទៅកាន់មន្ទីពេទ្យភ្លាម និងមានដល់ទៅ ៥៧ នាក់បានបាត់បង់ជីវិត។ ផលប៉ះពាល់ធ្ងន់ធ្ងរមួយនេះ មិនត្រឹមតែធ្វើឲ្យជីវិតមនុស្ស និងរុក្ខជាតិទទួលរងផលប៉ះពាល់ខ្លាំងប៉ុណ្ណោះទេ ក្នុងនោះជីវិតសត្វចិញ្ចឹម និងសត្វព្រៃក៏រងគ្រោះផងដែរ។ ជនរងគ្រោះក្នុងចំនោមអ្នករងគ្រោះជាច្រើនផ្សេងទៀត បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា មនុស្សវ័យចំណាស់មានអាយុច្រើនជាង ៦៥ ឆ្នាំ ជាច្រើន បានបញ្ជូនទៅមន្ទីពេទ្យ ដោយក្នុងនោះមាន ៧២៩ នាក់ បានរងគ្រោះធ្ងន់ធ្ងរ ដែលបង្ហាញអំពីរោគសញ្ញាធ្ងន់ធ្ងរ ដែលតម្រូវឲ្យព្យាបាល និងស្នាក់នៅមន្ទីពេទ្យយ៉ាងតិច ៣ សប្ដាហ៍ ទើបអាចឲ្យសុខភាព ដំណើរការជាធម្មតាបានវិញ។

ប្រភពដដែលបានឲ្យដឹងដូច្នេះថា កាលពីថ្ងៃព្រឹកថ្ងៃអង្គារ អគ្គិសនីត្រូវបានកាត់ផ្ដាច់ ដោយយកថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់រថភ្លើង កុំឲ្យមានការកកស្ទះ ហើយក្នុងនោះមានអ្នកដំណើរ ៩ នាក់ មានបញ្ហាសុខភាព និងត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។ ជាងនេះទៅទៀត នៅទីក្រុងតូក្យូ ត្រឹមតែម៉ោង ៩ ព្រឹក សីតុណ្ហភាព នៅកណ្ដាលទីក្រុង បានកើនឡើងដល់ទៅ ៣២,៥ អង្សាសេ ហើយក្នុងនោះដែរ អ្នកដែលបានបញ្ជូនទៅមន្ទីពេទ្យភាគច្រើន បានបង្ហាញអំពីអក្ការៈឈឺក្បាល វិលមុខ ស្ពឹកដៃជើង តែនៅមានស្មារតីរឹងមាំ នេះបើយោងតាមក្រុមពន្លត់អគ្គីសភ័យប្រចាំការនៅក្នុងទីក្រុងផ្ទាល់។ 

តាមរបាយការណ៍ក្រុមហ៊ុនរថភ្លើង Keikyu Corporation បានឲ្យដឹងថា ប្រភពថាមពលបម្រុងរបស់ខ្លួនមិនអាចត្រូវបានប្រើដើម្បីដំណើរការប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងរងភ្លើង សម្រាប់អ្នកធ្វើដំណើរនោះទេ ដោយអ្នកដំណើរបានបើកបង្អួច និងឈរនៅក្បែរកង្ហារ។ ក្នុងហេតុការណ៍នោះ អ្នកដំណើរប្រហែល ៩០០ នាក់បានចេញពីរទេះទីមួយ ហើយត្រូវបានគេនាំទៅកាន់ស្ថានីយ៍ Yahiro ជំនួសវិញ ដែលស្ថិតនៅចម្ងាយប្រហែល ៥០ ម៉ែត្រ ដោយដើរដោយជើង។ ស្ថិតក្រោមការវាយប្រហារពីរលកកម្ដៅនេះ មានខ្សែរថភ្លើងជាច្រើនបានផ្អាកដំណើរការជាបណ្ដោះអាសន្ន រួមជាមួយនឹងការប្រកាសអាសន្នអំពីរដ្ឋាភិបាលជប៉ុន ប្រាប់ឲ្យប្រជាជនជប៉ុនការពារ និងស្នាក់នៅទីកន្លែងដែលត្រជាក់ មានចំហាយទឹក ម៉ាស៊ីនត្រជាក់ជាដើម ពិសេសឲ្យមនុស្សចាស់ស្នាក់នៅទីកន្លែងត្រជាក់ល្មម។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាការវាយប្រហារលើកដំបូងពីរលកកម្ដៅនៅជប៉ុននោះទេ កាលពីឆ្នាំ ២០១៨ កន្លងទៅ រលកកម្ដៅបាយវាយប្រហារជប៉ុនម្ដងរួចទៅហើយ ដែលកាលនោះ ត្រូវបានជប៉ុនចាត់ទុកថា ជាគ្រោះធម្មជាតិ។

 

 

 

ប្រភពមកពីThe Japan Times