ខ្សែរថភ្លើងអាកាស និងរថភ្លើងក្រោមដី Metro Line ដំបូងក្នុងទីក្រុងហូជីមិញ មានប្រវែងប្រមាណ ២០ គីឡូម៉ែត្រ ត្រៀមសម្ពោធ ប្រើប្រាស់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ តភ្ជាប់ពីសង្កាត់ Ben Thanh ទៅសង្កាត់ Suoi Tien ជារថភ្លើងប្រើប្រាស់ក្នុងទីក្រុងទី ២ បន្ទាប់ពីរដ្ឋធានីហាណូយ ក្រោយពីបានបើក ការដ្ឋានសាងសង់ជាង ១០ ឆ្នាំ និងពន្យាពេលជាច្រើនដង។
អាជ្ញាធរគ្រប់គ្រងផ្លូវដែកទីក្រុងហូជីមិញ បានអោយដឹងថា គម្រោងសាងសង់ផ្លូវរថភ្លើងអាកាស Metro ដំបូងនៅទីក្រុងនេះ បានចំណាយថវិកា សាងសង់ប្រមាណ ១,៧២ ពាន់លានដុល្លារ បានសាងសង់រួចរាល់ ១០០% មកហើយ ព្រមទាំងធ្វើតេស្ដសាកល្បង បានយ៉ាងជោគជ័យ ក្រុមហ៊ុនវិនិយោគរង់ចាំតែពេលវេលា សម្រាប់បើកដំណើរការប៉ុណ្ណោះ។ ខ្សែរថភ្លើងនេះ មានប្រវែងប្រមាណ ២០ គីឡូម៉ែត្រ ឆ្លងកាត់ស្ថានីយ៍ លើអាកាសចំនួន ១១ កន្លែង និងស្ថានីយ៍ក្រោមដីចំនួន ៣ កន្លែង។
តម្លៃសំបុត្រជិះរថភ្លើងអាកាសនេះ អាស្រ័យទៅតាមចម្ងាយ ទីតាំងស្ថានីយ៍ដែលឈប់ ដោយចាប់ពី ៦ ០០០ ដុង ទៅដល់ ២០ ០០០ ដុង ក្នុងម្នាក់មួយជើង ចំណែកការធ្វើដំណើរប្រចាំខែ ត្រូវទិញកាតធ្វើដំណើរតម្លៃ ៣០០ ០០០ ដុងក្នុងមួយខែ សម្រាប់សិស្សនិស្សិត ត្រូវបានបញ្ចុះតម្លៃ ៥០% លើតម្លៃនោះ។ ម្យ៉ាងទៀត ខ្សែរថភ្លើងនេះ នឹងមានកញ្ចប់សម្រាប់ អ្នកដំណើរ ឬភ្ញៀវទេសចរអាចជិះមួយថ្ងៃពេញ ឬ ៣ ថ្ងៃ ដោយតម្លៃចាប់ពី ៤០ ០០០ ដុងដល់ ៩០ ០០០ ដុង ចំណែកមនុស្សចាស់ និងជនពិការ នឹងធ្វើដំណើរដោយមិនគិតថ្លៃ។
ក្រោយបើកដំណើរការរថភ្លើងអាកាស និងរថភ្លើងក្រោមដី Metro ដំបូងក្នុងទីក្រុងហូជីមិញនេះ រំពឹងនឹងទទួលបាន អ្នកដំណើរប្រមាណ ៤០ ០០០ នាក់ក្នុងមួយថ្ងៃ ឬ ២ លាននាក់ ក្នុងដំណាក់កាលទី១ ហើយក្នុងរយៈពេលបើកដំណើរការ ៣០ ថ្ងៃដំបូង អ្នកដំណើរតាមរថយន្ដក្រុងចំនួន ១៧ ខ្សែ នឹងទទួលបាន ការធ្វើដំណើរខ្សែរថភ្លើង Ben Thanh-Suoi Tien ដោយឥតគិតថ្លៃ។
ប្រភព៖ VN Express