អាស៊ីអាគ្នេយ៍ ទោះបីមិនមែនជា តំបន់អភិវឌ្ឍន៍ខ្លាំង ឬសម្បូរប្រទេសអ្នកមាន ច្រើនក៏ដោយ ប៉ុន្តែជាតំបន់មានមនុស្សរស់នៅច្រើន មានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ និងជាតំបន់រីកចម្រើន នគរូបនីយកម្មទីក្រុងបំផុតមួយ លើពិភពលោក ដូចនេះគេសង្កេតឃើញថា សំណង់អគារខ្ពស់ៗ ចាប់ផ្ដើមរីកលូតលាស់ឡើងច្រើន និងប្រកបដោយការប្រកួតប្រជែង។ ខាងក្រោមនេះ គឺជាអគារខ្ពស់បំផុត នៅតំបន់អាស៊ីអាគ្នេយ៍។
១. អគារ Merdeka 118 ទីក្រុងកូឡាឡាំពួ ម៉ាឡេស៊ី មានកម្ពស់ ៦៧៩ ម៉ែត្រ គឺជាអគារខ្ពស់ជាងគេបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ និងខ្ពស់បំផុតលំដាប់ទី២ លើពិភពលោក អគារនេះក៏មានការរចនាតំណាង ដល់ឯករាជ្យនៃប្រទេសម៉ាឡេស៊ី និងប្រើប្រាស់ជាអគារចម្រុះ ទាំងអគារពាណិជ្ជកម្ម ការិយាល័យ និងលំនៅដ្ឋានកម្រិតខ្ពស់។
២. អគារ Landmark 81 ទីក្រុងហូជីមិញ ប្រទេសវៀតណាម មានកម្ពស់ ៤៦១ ម៉ែត្រ គឺជាអគារខ្ពស់បំផុត នៅប្រទេសវៀតណាម និងតំណាងដល់ការរីកចម្រើន នៃសេដ្ឋកិច្ចប្រទេសវៀតណាមផងដែរ។ សំណង់អគារនេះ ត្រូវបានប្រើប្រាស់ជាតំបន់ផ្សារទំនើប តំបន់ការិយាល័យ អគារលំនៅដ្ឋានអាផាតមិន ជាដើម។
៣. អគារភ្លោះ Petronas Tower ទីក្រុងកូឡាឡាំពួ ម៉ាឡេស៊ី នេះធ្លាប់ជាអគារខ្ពស់បំផុតលើលោក ចាប់ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៤ ដោយមានកម្ពស់ ៤៥២ ម៉ែត្រ ជាអគារភ្លោះត្រូវបាន តភ្ជាប់ដោយស្ពានឆ្លងអាកាស និងមានការរចនាបែបអីស្លាម ជាអត្តសញ្ញាតិសាសនា នៅប្រទេសម៉ាឡេស៊ី។
៤. អគារ The Exchange 106 (TRX) ទីក្រុងកូឡាឡាំពួ ម៉ាឡេស៊ី មានកម្ពស់ ៤៤៥ ម៉ែត្រ គឺជាសំណង់រចនាបថទំនើប នៅក្នុងទីក្រុង ស្ថិតនៅតំបន់មជ្ឈមណ្ឌលហិរញ្ញវត្ថុ គឺជាអគារពាណិជ្ជកម្ម លំនៅដ្ឋាន ការិយាល័យ ផ្សារទំនើប និងសណ្ឋាគារ។
៥. អគារ Autograph Tower ទីក្រុងហ្សាកាតា ឥណ្ឌូនេស៊ី មានកម្ពស់ ៣៨៣ ម៉ែត្រ គឺជាអគារខ្ពស់បំផុតនៅ ប្រទេសឥណ្ឌូនេស៊ី ត្រូវបានរចនាដោយភ្លើង LEED ដែលអាចជួយសន្សំសំចៃអគ្គិសនី លើការប្រើប្រាស់ថាមពលលម្អអគារ។
៦. អគារ Four Seasons Place ទីក្រុងកូឡាឡាំពួ ម៉ាឡេស៊ី ៣៤២ ម៉ែត្រ គឺជាអគារលំនៅដ្ឋានកម្រិតខ្ពស់ នៅកណ្ដាលទីក្រុងកូឡាំពួ និងសណ្ឋាគារកម្រិតខ្ពស់។
៧. អគារ Keangnam Landmark Tower ទីក្រុងហាណូយ ប្រទេសវៀតណាម ធ្លាប់ជាអគារខ្ពស់ជាងគេបំផុត នៅប្រទេសវៀតណាម ដែលមានកម្ពស់ ៣២៨ ម៉ែត្រ បច្ចុប្បន្ននៅតែរក្សា ជាអគារខ្ពស់បំផុតនៅទីក្រុងហាណូយ។
៨. អគារ Grand Hyatt Manila ទីក្រុង Taguig ប្រទេសហ្វីលីពីន មានកម្ពស់ ៣១៨ ម៉ែត្រ ជាអគារខ្ពស់នៅប្រទេសហ្វីលីពីន ដែលផ្ដល់ជូននូវលំនៅដ្ឋានកម្រិតខ្ពស់ និងសណ្ឋាគារលំដាប់ពិភពលោក។
៩. អគារ Magnolias Waterfront Residences Iconsiam ទីក្រុងបាងកក ប្រទេសថៃ មានកម្ពស់ ៣១៨ ម៉ែត្រ គឺជាអគារនៅ មាត់ទន្លេចៅប្រាយ៉ា ប្រើប្រាស់សម្រាប់លំនៅដ្ឋាន ផ្ដល់ទិដ្ឋភាពយ៉ាងអស្ចារ្យ នៅទីក្រុងបាងកក និងតំបន់ផ្សារទំនើប Iconsiam ផងដែរ។
១០. អគារ King Power MahaNakhon ទីក្រុងបាងកក ប្រទេសថៃ មានកម្ពស់ប្រមាណ ៣១៤ ម៉ែត្រ អគារនេះល្បីល្បាញដោយសាររចនាប្លង់ដ៏អស្ចារ្យ មិនធ្លាប់ឃើញពីមុនមក និងជាអត្តសញ្ញាណនៃ ការរីកចម្រើននៃទីក្រុងប្រទេសថៃ។
ប្រភព៖ CPR