ប្រាង្គ G15 នៃប្រាសាទភ្នំបាខែង ដែលរងការខូចខាតខ្លាំង ត្រូវបានសម្រេចការជួសជុល ឲ្យរឹងមាំឡើងវិញ បានប្រមាណ ៩៥% និងគ្រោងបញ្ចប់ជាស្ថាពរ នៅខែក្រោយនេះ!


សៀមរាប៖ យោងតាមព័ត៌មាន ដែលទទួលបានពីអាជ្ញាធរជាតិអប្សរា កាលពីថ្ងៃទី ២៣ វិច្ឆិកាកន្លងទៅបានឲ្យដឹងថា ការងារជួសជុលប្រាង្គ G15 នៃប្រាសាទភ្នំបាខែង ដោយក្រុមអ្នកជំនាញ របស់អាជ្ញាធរជាតិអប្សរា មកពីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានចាប់ផ្តើមនៅខែឧសភា ហើយគ្រោងនឹងបញ្ចប់ នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។

ជាក់ស្តែង ក្នុងនោះដែរ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា អ្នកស្រី ឈុន រតនា ឱ្យដឹងថា ការងារជួសជុលប្រាង្គG15 រយៈពេល៦ខែ កន្លងនេះ បានសម្រេចបាននូវការងារដូចជា ជួសជុលជញ្ជាំងផ្នែកខាងក្នុង ជួសជុលខ្លោងទ្វារទិសខាងកើត ជួសជុលពង្រឹងខឿនខាងត្បូង និងកំពុងបន្តពន្លឿន ការងារជួសជុលជញ្ជាំងផ្នែកខាងត្បូង ខាងជើងមកដល់បច្ចុប្បន្ន សម្រេចការងារសរុប បានប្រមាណ ៩៥% ហើយ។

គួររម្លឹកឲ្យដឹងដែរថា ប្រាង្គនេះមានហានិភ័យខ្លាំង ក្នុងចំណោមប្រាង្គ ដែលសាងអំពីថ្មបាយក្រៀម និងឥដ្ឋ ដែលទាមទារ ឱ្យជួសជុលជាបន្ទាន់ ដើម្បីការពារកុំឱ្យជញ្ជាំងឥដ្ឋ ដែលនៅសល់ដួលរលំ នេះបើតាមការបង្ហាញបន្ថែម ដោយបុរាណវិទូរូបនេះ។

អ្នកស្រីបុរាណវិទូ ក៏បាននិយាយដែរថា មុនជួសជុល ប្រាង្គG15 មានស្ថានភាពខូចខាត ដោយសារអាយុកាល កង្វះការថែទាំ រុក្ខជាតិដុះជ្រែកឥដ្ឋប្រាសាទ និងកត្តាទឹកភ្លៀង ជ្រាបចូលរចនាសម្ពន្ធប្រាសាទ ធ្វើឱ្យប្រាសាទរងការពុកផុយ នៅផ្នែកកំពូលខាងលើ និងនៅតាមជ្រុងនីមួយៗ ជាបន្តបន្ទាប់។ ដូច្នេះហើយ ក្រុមការងាររបស់ អាជ្ញាធរជាតិអប្សរា បានជួសជុលទប់ស្កាត់ ការខូចខាតជាបន្តទៀត ដើម្បីការពារជម្រាបទឹក ការពាររុក្ខជាតិដុះ ដើម្បីឱ្យប្រាង្គនេះ មានភាពរឹងមាំយូរអង្វែងបន្តទៀត។

 

ប្រភព៖ អាជ្ញាធរជាតិអប្សរា