រថភ្លើងល្បឿនលឿនដំបូងប្រទេសថៃ តភ្ជាប់ពីបាងកក ទៅខេត្តនគរាជសីមា គ្រោងបញ្ចប់នៅឆ្នាំ២០២៦


រថភ្លើងល្បឿនលឿន ដំបូងក្នុងប្រទេសថៃ គឹជាផ្នែកមួយនៃការតភ្ជាប់ ខ្សែរថភ្លើងល្បឿនលឿន ពីបាងកក ទៅដល់ខេត្តគុនមីង ប្រទេសចិន ដោយឆ្លងកាត់ តាមក្រុងវៀងចន្ទន៍ ប្រទេសឡាវ ក្នុងក្របខណ្ឌគំនិត ផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ (BRI) ហើយនៅក្នុងដំណាក់កាលទី១ គេបានសាងសង់ ផ្លូវរថភ្លើងល្បឿនលឿន ចាប់ពីរាជធានីបាងកក ទៅដល់ខេត្តនគរាជសីមា ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។

ខ្សែដែកល្បឿនលឿនដំបូង នៅប្រទេសថៃ មានប្រវែង ២៥១ គីឡូម៉ែត្រ បានចាប់ផ្ដើមសាងសង់ កាលពីខែធ្នូ ឆ្នាំ២០១៧ គ្រោងបញ្ចប់ត្រឹមឆ្នាំ២០២៦ រំពឹងបើកដំណើរការនៅឆ្នាំ២០២៧ ហើយគិតមកទល់ពេលនេះ សម្រេចការងារបាន ៤០% មកហើយ។ ខ្សែផ្លូវដែកនេះ នឹងប្រើប្រាស់ រថភ្លើងល្បឿនលឿនប្រភេទ The Fuxing Hao CR300AF របស់ប្រទេសចិន ដែលមានសមត្ថភាព ផ្ទុកអ្នកដំណើរបាន ៦០០ នាក់ក្នុងមួយជើង ជាមួយល្បឿនមធ្យម ២៥០ គីឡូម៉ែត្រ/ម៉ោង និងអាចបើកបរបាន ដល់ល្បឿនអតិបរមា ៣០០ គីឡូម៉ែត្រ/ម៉ោង។

គម្រោងសាងសង់ រថភ្លើងល្បឿនលឿនទី១ នៅប្រទេសថៃនេះ នឹងត្រូវចំណាយថវិកាប្រមាណ ៥,១ ពាន់លានដុល្លារ ជាការវិនិយោគ ១០០% ពីរាជរដ្ឋាភិបាលថៃ គ្រប់គ្រងដោយក្រុមហ៊ុនរថភ្លើងរដ្ឋ State Railway of Thailand និងសាងសង់ដោយ ក្រុមហ៊ុនវិស្វកម្មថៃចំនួន ១៤ តាមរយៈកិច្ចសហការ ចុះអនុស្សរណៈនៃការយោគយល់ (MoU) ផ្ដល់ជំនួយបច្ចេកទេសសាងសង់ ពីប្រទេសចិន។ ខ្សែរថភ្លើងល្បឿនលឿននេះ នឹងមានស្ថានីយ៍ចំនួន ៦ រួមមាន៖ ស្ថានីយ៍ Krung Thep Aphiwat, Don Muang, Ayutthaya, Saraburi, Pak Chong, និងស្ថានីយ៍ Nakhon Ratchasima ដោយមានការសាងសង់ផ្លូវអាកាសប្រវែង ១៨៩ គីឡូម៉ែត្រ ផ្លូវដែកផ្ទាល់ដីប្រវែង ៥៤ គីឡូម៉ែត្រ និងផ្លូវក្រោមដីចំនួន ៨ គីឡូម៉ែត្រ នៅត្រង់ចំណុច Muak Lek និង Lam Takong។

សម្រាប់រថភ្លើងល្បឿនលឿន បាងកក-វៀងចន្ទន៍-គុនមិង ផ្នែកប្រទេសថៃ ត្រូវបានបែងចែកចេញជា ៣ ដំណាក់កាល រួមមាន៖

•    ដំណាក់កាលទី១ ខ្សែរថភ្លើងបាងកក-នគរាជសីមា មានប្រវែង ២៥១ គីឡូម៉ែត្រ
•    ដំណាក់កាលទី២ ខ្សែរថភ្លើងនគរាជសីមា-ណងខៃ មានប្រវែង ៣៥៦ គីឡូម៉ែត្រ
•    ដំណាក់កាលទី៣ ខ្សែរថភ្លើងណងខៃ-វៀងចន្ទន៍ ប្រវែង ១៦ គីឡូម៉ែត្រ

បន្ទាប់មកគេអាចប្រើប្រាស់ ខ្សែរថភ្លើងប្រទេសឡាវបន្ត ទៅកាន់ខេត្តគុនមិង ប្រទេសចិន។

 

ប្រភព៖ Highspeed Rail Thai-China